កីឡាជាតិ
ជាតិ
ចាន់ វឌ្ឍនាកា, កែវ សុខផេង ជាចំណែកធំជួយឲ្យក្រុមឈ្នះ នាជំនួបជើងទី១ពានសម្តេច ហ៊ុន សែន កីឡាករ កែវ សុខផេង (ឆ្វេង) និងកីឡាករ ចាន់ វឌ្ឍនាកា នាជំនួបជើងទី១ពានសម្តេច ហ៊ុន សែន, រូបថតពីក្លិបបាល់ទាត់វិសាខា និងបឹងកេត
× ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា និង កែវ សុខផេង បានក្លាយជាចំណែកធំក្នុងការជួយក្រុមឲ្យទទួលជោគជ័យ នាជំនួបបើកឆាកជើងទី១ពានសម្តេច ហ៊ុន សែន ថ្នាក់ជាតិ ក្រោយពេលពួកគេរកបានពីរគ្រាប់រៀងៗខ្លួននៅលើទឹកដីខ្លួនកាលពីថ្ងៃទី១៤ សីហា។ ជ័យជម្នះនេះ ជួយឲ្យបឹងកេត និងវិសាខាមានឱកាសខ្ពស់ក្នុងការឈានទៅវគ្គបន្ត។ សម្រាប់ការប្រកួតនៅកីឡដ្ឋានស្តាតចាស់ក្រុមក្រសួងការពារជាតិ(ទ័ព) ក៏ទទួលបានជ័យជម្នះលើភ្នំពេញក្រោនផងដែរ។
ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា សម្រេចបានពីរគ្រាប់ម្នាក់ឯង ដើម្បីជួយឲ្យបឹងកេតទទួលបានជ័យជម្នះ ២-០ លើក្រុមសូលទីឡូអង្គរ នាជំនួបជើងទី១វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្តេច ហ៊ុន សែន។ ជ័យជម្នះនេះ គឺជាដូ និងជាទុនដ៏រឹងមាំសម្រាប់បឹងកេតក្នុងការតទល់ជាមួយសូលទីឡូអង្គរនៅជើងទី២ ដើម្បីដណ្តើមកៅអីឡើងទៅប្រកួតនៅវគ្គ១/២ផ្តាច់ព្រ័ត្រ។ ការប្រកួតជើងទី២នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា នៅកីឡដ្ឋានខេត្តសៀមរាប។
សម្រាប់ការប្រកួតនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ បឹងកេតនិងសូលទីឡូអង្គរគ្មានការស៊ុតបញ្ចូលទីគ្នាក្នុងការប្រកួត៤៥នាទី។ ប៉ុន្តែគ្រាប់ទី១ ក៏បានកើតឡើងនៅនាទីបន្ថែមតង់ទី១ក្រោយពេលកីឡាករ ចាន់ វឌ្ឍនាកា ទាត់បាល់ពិន័យ១១ម៉ែត្របានសម្រេចជួយឲ្យបឹងកេតនាំមុខ ១-០ បន្ទាប់ពីខ្សែការពារសូលទីឡូអង្គរយកដៃប៉ះបាល់នៅតំបន់គ្រោះថ្នាក់។
នៅនាទីទី៥១ខ្សែប្រយុទ្ធមកពីខេត្តកំពតរូបនេះ បានបង្ហាញភាពអស្ចារ្យមួយ តាមរយៈការទាត់បាល់ចេញពីជ្រុងបញ្ចូលទីសូលទីឡូអង្គរ ដើម្បីបង្កើនការនាំមុខ ២-០ ឲ្យក្រុមបឹងកេត។ ទោះបីសូលទីឡូអង្គរព្យាយាមដាក់សម្ពាធ និងបង្កើតឱកាសដើម្បីបំប៉ោងទីរបស់បឹងកេត តែពួកគេនៅតែមិនអាចទម្លុះរបាំងការពារដ៏រឹងមាំពីសំណាក់ខ្សែការពារ និងអ្នកចាំទីរបស់បឹងកេត។ ក្រុមទាំងពីរបានរក្សាលទ្ធផលនេះរហូតចប់ការប្រកួត។
នាជំនួបដ៏ស្វិតស្វាញនៅកីឡដ្ឋានវិសាខា ខ្សែប្រយុទ្ធ កែវ សុខផេង បានរួមចំណែកពីរគ្រាប់ក្នុងជ័យជម្នះ ៤-២ របស់វិសាខាលើក្រុមគីរីវង់សុខសែនជ័យ ដែលជួយឲ្យពួកគេកាន់តែមានទំនុកចិត្តក្នុងការប្រកួតជើងទី២នៅលើទឹកដីខេត្តតាកែវ។ គ្រាប់បាល់ទី១បានកើតឡើងត្រឹម១១នាទីដំបូងនៃតង់ទី១ បន្ទាប់ពីកីឡាករ កែវ សុខផេង តែតបាល់បញ្ចូលទីបានសម្រេច ដើម្បីនាំមុខ ១-០ ឲ្យវិសាខា។ កីឡាករ ទិត្យ ឌីណា បានបន្ថែមមួយគ្រាប់ទៀតនៅនាទីទី៣៥ មុនកីឡាករ ឆេង ម៉េង សម្រេចគ្រាប់ទី៣នៅ៤នាទីបន្ទាប់។ ក្រោយមក កែវ សុខផេង បានសម្រេចគ្រាប់ទី២របស់ខ្លួននៅនាទីទី៤៩។
ទោះបីវិសាខានាំមុខ ៤-០ តែកីឡាករគីរីសុខសែនជ័យមិនបានបន្ថយការខិតខំប្រឹងប្រែងរបស់ខ្លួនឡើយ ដែលធ្វើឲ្យការប្រកួតកាន់តែស្វិតស្វាយនិងជក់ចិត្តសម្រាប់ទស្សនិកជន។ ការប្រឹងប្រែងរបស់ពួកគេ បានជួយឲ្យគ្រាប់បាល់ទី១សម្រាប់គីរីវង់សុខសែនជ័យកើតឡើង ក្រោយកីឡាករ សំ តារា សម្រេចគ្រាប់បាល់តាមពីក្រោយ ៤-១ នៅនាទីទី៨៧។ ៣នាទីក្រោយមកកីឡាករ ជូ ហាវ បានសម្រេចគ្រាប់ទី២ ដើម្បីបញ្ចប់ជាមួយលទ្ធផលបរាជ័យ ៤-២។ ការបរាជ័យនេះ បានបង្ខំឲ្យក្រុមគីរីវង់សុខសែនជ័យធ្វើយ៉ាងណាត្រូវយកឈ្នះវិសាខាឲ្យលើសពីពីរគ្រាប់ក្នុងការប្រកួតជើងទី២ ដើម្បីធានាកៅអីឡើងទៅវគ្គ១/២ផ្តាច់ព្រ័ត្រ។
សម្រាប់ការប្រកួតនៅកីឡដ្ឋានស្តាតចាស់ គឺគ្មានការស៊ុតបញ្ចូលទីគ្នាឡើយរវាងក្រសួងការពារជាតិជាមួយភ្នំពេញក្រោននៅតង់ទី១។ ប៉ុន្តែការប្រកួតតង់ទី២ដំណើរការបាន៣នាទី កីឡាករ ណារ៉ុង កក្កដា បានសម្រេចគ្រាប់បាល់នាំមុខ ១-០ ឲ្យម្ចាស់ផ្ទះទ័ព ហើយក្រុមទាំងពីរបានរក្សាលទ្ធផលនេះរហូតចប់ការប្រកួត៕
Tag:
បាល់ទាត់
Hun Sen Cup 2019
ចាន់ វឌ្ឍនាកា
កែវ សុខផេង
© រក្សាសិទ្ធិដោយ thmeythmey.com