អន្តរជាតិ
នាយករដ្ឋមន្ត្រីឥណ្ឌា ប្រកាសបង្កើតតំណែងអគ្គមេបញ្ជាការដើម្បីគ្រប់គ្រងទ័ពទាំងមូល
× លោកនាយករដ្ឋមន្ត្រី នារិន្ទ្រា ម៉ូឌី បានប្រកាសនៅថ្ងៃ១៥ ខែសីហា ថា ឥណ្ឌា នឹងបង្កើតតំណែងមេបញ្ជាការកងទ័ព ដើម្បីគ្រប់គ្រងយោធាទាំងមូល។ លោកប្រកាសដូចនេះនៅថ្ងៃបុណ្យឯករាជ្យជាតិឥណ្ឌាលើកទី៧៤ ដែលការបង្កើតតំណែងនេះ ជាផ្នែកមួយនៃកំណែទម្រង់កងទ័ពផងដែរឲ្យស្របតាមប្រព័ន្ធគ្រប់គ្រងបស្ចិមប្រទេស។
គំនិតបង្កើតតំណែងអគ្គបញ្ជាការកងទ័ពឥណ្ឌា មិនមែនជារឿងថ្មីឡើយ។ គណៈកម្មាធិការមួយរដ្ឋាភិបាល ធ្លាប់ផ្តល់ការណែនាំអោយបង្កើតមុខតំណែងនេះតាំងពីឆ្នាំ ១៩៩៩ មក។ ពោល គឺបន្ទាប់ពីឥណ្ឌាបានបិទសង្គ្រាមជាមួយប៉ាគីស្ថាននៅតំបន់កាស្មៀរ ដើម្បីធានាថា កងទ័ពទាំងបីប្រភេទ ជើងគោក ជើងទឹក និងជើងអាកាស អាចសហការជាមួយគ្នាបានល្អ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters លោក នារិន្ទ្រា ម៉ូឌី បានគូសបញ្ជាក់នៅថ្ងៃបុណ្យឯករាជ្យជាតិថា៖ «យោធារបស់យើង គឺជាមោទកភាពរបស់ឥណ្ឌា។ ដើម្បីធ្វើឲ្យសហការកាន់តែល្អរវាងកំលាំងគ្រប់ផ្នែក ខ្ញុំចង់ប្រកាសពីការសម្រេចចិត្តដ៏សំខាន់មួយ...ឥណ្ឌានឹងមានអគ្គមេបញ្ជាការកងទ័ព»។
តាំងពីទទួលបានឯករាជ្យពីអង់គ្លេសមក ឥណ្ឌាចែកកម្លាំងយោធាជាបីផ្នែកខុសៗគ្នា គឺទ័ពជើងគោក កងទ័ពអាកាស និងទាហានជើងទឹក ហើយដឹកនាំដោយមេបញ្ជាការខុសៗគ្នា ដែលកាន់តំណែងនាយសេនាធិការ។ ការបែងចែកអំណាចនេះ គឺដើម្បីកុំអោយមានមេបញ្ជាការម្នាក់មានសិទ្ធិប្រមូលផ្តុំអំណាចម្នាក់ឯងនៅលើកម្លាំងយោធាទាំងបីផ្នែក។
បើទោះបីជាយ៉ាងណាក៏ដោយ ប្រទេសជាច្រើននៅជុំវិញពិភពលោក បានបង្កើតអោយមានមេបញ្ជាការធំមួយ ដើម្បីគ្រប់គ្រងលើយោធាទាំងបីផ្នែកនេះផ្ទាល់តែម្តង ហើយអាចមានការសម្រេចចិត្តឆាប់រហ័ស និងរាយការណ៍ផ្ទាល់ទៅរដ្ឋាភិបាលបាន។
តាមប្រភពដដែល នាយករដ្ឋមន្ត្រីឥណ្ឌាបានបញ្ជាក់ថា ការបង្កើតមេបញ្ជាការកងទ័ពជាតិនេះ គឺជាការឈានជំហានដ៏សំខាន់មួយ ក្នុងការធ្វើកំណែទម្រង់លើវិស័យយោធា។ លើសពីនេះទៅទៀត មេបញ្ជាការកំពូលនេះ ក៏មានសិទ្ធិផងដែរក្នុងការគ្រប់គ្រងថវិការយោធា ដើម្បីធ្វើទំនើបកម្មសម្ភារយោធា ដែលផលិតក្នុងសម័យសូវៀតរបស់ខ្លួន។
សូមបញ្ជាក់ថា ការពង្រឹងសន្តិសុខជាតិរបស់លោកនាយករដ្ឋមន្ត្រីនារិន្ទ្រា ម៉ូឌី គឺស្របពេលឥណ្ឌា ប្រឈមមុខនឹងជម្លោះព្រំដែនជាមួយចិន និងប៉ាគីស្ថាន៕
© រក្សាសិទ្ធិដោយ thmeythmey.com