អន្តរជាតិ
នាយករដ្ឋមន្ត្រី​ឥណ្ឌា ប្រកាស​បង្កើត​តំណែងអគ្គ​មេបញ្ជាការ​ដើម្បី​គ្រប់គ្រង​ទ័ព​ទាំងមូល
16, Aug 2019 , 8:29 am        
រូបភាព
​លោកនាយក​រដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី បានប្រកាស​នៅ​ថ្ងៃ​១៥ ខែសីហា ថា ឥណ្ឌា នឹង​បង្កើត​តំណែង​មេបញ្ជាការ​កងទ័ព ដើម្បី​គ្រប់គ្រង​យោធា​ទាំងមូល​។ លោក​ប្រកាស​ដូចនេះ​នៅ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​ឥណ្ឌា​លើក​ទី​៧៤ ដែល​ការបង្កើត​តំណែង​នេះ ជា​ផ្នែក​មួយ​នៃ​កំណែទម្រង់កងទ័ព​ផងដែរ​ឲ្យ​ស្របតាម​ប្រព័ន្ធគ្រប់គ្រង​បស្ចិមប្រទេស​។​


 
​គំនិត​បង្កើត​តំណែង​អគ្គបញ្ជាការ​កងទ័ព​ឥណ្ឌា មិនមែនជា​រឿង​ថ្មី​ឡើយ​។ គណៈកម្មាធិការ​មួយ​រដ្ឋាភិបាល ធ្លាប់​ផ្តល់​ការណែនាំ​អោយ​បង្កើត​មុខតំណែង​នេះ​តាំងពី​ឆ្នាំ ១៩៩៩ មក​។ ពោល គឺ​បន្ទាប់ពី​ឥណ្ឌា​បាន​បិទ​សង្គ្រាម​ជាមួយ​ប៉ា​គី​ស្ថាន​នៅ​តំបន់​កា​ស្មៀ​រ ដើម្បី​ធានាថា កងទ័ព​ទាំងបី​ប្រភេទ ជើងគោក ជើង​ទឹក និង​ជើង​អាកាស អាច​សហការ​ជាមួយគ្នា​បានល្អ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters លោក នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​គូសបញ្ជាក់​នៅ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​ថា​៖ «​យោធា​របស់​យើង គឺជា​មោទកភាព​របស់​ឥណ្ឌា​។ ដើម្បី​ធ្វើ​ឲ្យ​សហការ​កាន់តែ​ល្អ​រវាង​កំលាំង​គ្រប់ផ្នែក ខ្ញុំ​ចង់​ប្រកាស​ពី​ការសម្រេចចិត្ត​ដ៏​សំខាន់​មួយ​...​ឥណ្ឌា​នឹងមាន​​អគ្គមេបញ្ជាការ​កងទ័ព​»​។ 
 
​តាំងពី​ទទួលបាន​ឯករាជ្យ​ពី​អង់គ្លេស​មក ឥណ្ឌា​ចែក​កម្លាំងយោធា​ជា​បី​ផ្នែក​ខុសៗ​គ្នា គឺ​ទ័ពជើងគោក កងទ័ពអាកាស និង​ទាហានជើងទឹក ហើយ​ដឹកនាំ​ដោយ​មេបញ្ជាការ​ខុសៗ​គ្នា ដែល​កាន់តំណែង​នាយសេនាធិការ​។ ការបែងចែក​អំណាច​នេះ គឺ​ដើម្បី​កុំអោយ​មាន​មេបញ្ជាការ​ម្នាក់​មាន​សិទ្ធិ​ប្រមូលផ្តុំ​អំណាច​ម្នាក់ឯង​នៅលើ​កម្លាំងយោធា​ទាំងបី​ផ្នែក​។  
 
​បើទោះបីជា​យ៉ាងណាក៏ដោយ ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក បាន​បង្កើតអោយមាន​មេបញ្ជាការ​ធំ​មួយ ដើម្បី​គ្រប់គ្រង​លើ​យោធា​ទាំងបី​ផ្នែក​នេះ​ផ្ទាល់​តែម្តង ហើយ​អាចមាន​ការសម្រេចចិត្ត​ឆាប់រហ័ស និង​រាយការណ៍​ផ្ទាល់​ទៅ​រដ្ឋាភិបាល​បាន​។ 
 
​តាម​ប្រភព​ដដែល នាយករដ្ឋមន្ត្រី​ឥណ្ឌា​បាន​បញ្ជាក់ថា ការបង្កើត​មេបញ្ជាការ​កងទ័ព​ជាតិ​នេះ គឺជា​ការឈាន​ជំហាន​ដ៏​សំខាន់​មួយ ក្នុងការ​ធ្វើកំណែទម្រង់​លើ​វិស័យ​យោធា​។ លើសពីនេះទៅទៀត មេបញ្ជាការ​កំពូល​នេះ ក៏មាន​សិទ្ធិ​ផងដែរ​ក្នុងការ​គ្រប់គ្រង​ថវិការ​យោធា ដើម្បី​ធ្វើ​ទំនើបកម្ម​សម្ភារ​យោធា ដែល​ផលិត​ក្នុងសម័យ​សូ​វៀត​របស់ខ្លួន​។​
​សូមបញ្ជាក់ថា ការពង្រឹង​សន្តិសុខ​ជាតិ​របស់​លោកនាយករ​ដ្ឋ​មន្ត្រី​នា​រិ​ន្ទ្រា ម៉ូ​ឌី គឺ​ស្របពេល​ឥណ្ឌា ប្រឈមមុខ​នឹង​ជម្លោះព្រំដែន​ជាមួយ​ចិន និង​ប៉ា​គី​ស្ថាន​៕

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com