ជាតិ
លោក គី វី​រិន្ទ ឡើងជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តសៀមរាប ជំនួស​លោក គឹម ប៉ុណ្ណា​
15, Aug 2019 , 10:39 pm        
រូបភាព
​សៀមរាប​៖ លោក គី វី​រិន្ទ ឡើងជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប​ជំនួស​លោក គឹម ប៉ុណ្ណា ដែល​ទទួលបាន​តួនាទី​ថ្មី​នៅ​ទីស្ដីការក្រសួង​សាធារណការ​។

 
​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​សាធារណការ​ថ្មី​នេះ ត្រូវបាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១៥ សីហា នៅ​សាលា​ខេត្តសៀមរាប ក្រោម​វត្តមាន​រដ្ឋមន្ត្រី​សាធារណការ លោក ស៊ុន ចាន់ថុល អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ សរុប​ប្រមាណ​៣០០​នាក់​។​
 
​ក្នុង​ពិធី​នោះ លោក គឹម ប៉ុណ្ណា អតីត​ប្រធាន​មន្ទីរ បាន​ឡើង​អាន​របាយការណ៍​ការងា​រ​សង្ខេប​របស់​មន្ទីរ ដែល​បាន​សម្រេចបាន​កន្លងមក និង​បាន​លើក​បញ្ហា​ប្រឈម​មួយចំនួន​ដើម្បីឱ្យ​ប្រធាន​មន្ទីរ​ថ្មី​បន្ត​អនុវត្ត​។   


 
​ក្នុង​ការឡើង​បេ្ដ​ជ្ញា​ចិត្ត​ទទួល​ភារកិច្ច​ថ្មី លោក គី វី​រិន្ទ បាន​អរគុណ​ដល់​ថ្នាក់ដឹកនាំ​ដែល​បានផ្តល់​តួនាទី​ជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តសៀមរាប​ដល់​ខ្លួន និង​បេ្ដ​ជ្ញា​បន្ត​ធ្វើការ​លើ​វិស័យ​សាធារណការ និង​អនុវត្ត​ការងារ​តាម​គោលការណ៍​របស់​ក្រសួង​ដែល​បានដាក់​ចេញ ដើម្បី​រួមចំណែក​អភិវឌ្ឍ​ខេត្តសៀមរាប ក៏ដូចជា​ប្រទេស​កម្ពុជា​។​
 
​អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា ក៏​សម្ដែង​ការចូលរួម​អបអរ​ចំពោះ​ប្រធាន​មន្ទីរ​សាធារណការ​ថ្មី​ដែល​ត្រូវបានតែងតាំង ក៏ដូចជា​ប្រធាន​មន្ទីរ​ចាស់​ដែល​ទទួល​ភារកិច្ច​ថ្មី​នៅ​ក្រសួង​។ ជាមួយគ្នា​នោះ លោក​អភិបាល​ក៏បាន​កោតសរសើរ​ពី​ការខិតខំ​របស់​ប្រធាន​មន្ទីរ​ចាស់ លោក គឹម ប៉ុណ្ណា ដែល​បានរួម​ចំណែក​អភិវឌ្ឍ​វិស័យ​សាធារណការ​ក្នុង​ខេត្ត​ឱ្យមាន​ការរីកចម្រើន​នាពេល​កន្លងមក​។ លោក ទៀ សីហា បន្ថែមថា វិស័យ​សាធារណ​ការពិត​ជាមាន​សារសំខាន់​ណាស់​សម្រាប់​ខេត្តសៀមរាប ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅ​ខេត្ត​នេះ​បន្ថែមទៀត​។ 
 
​នាឱកាស​នោះដែរ រដ្ឋមន្ត្រី​សាធារណការ លោក ស៊ុន ចាន់ថុល បានចាត់ទុក​ការផ្លាស់ប្ដូរ​នេះ​ថា​ជាការ​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​សាធារណការ​ក្នុងប្រទេស​កម្ពុជា និង​ជំរុញ​ឱ្យ​ប្រធាន​មន្ទីរ​ថ្មី​រៀបចំ​ផែនការ​ការងារ​១០០​ថ្ងៃ​ដើម្បី​អនុវត្ត ក៏ដូចជា​បង្ហាញ​ស្នាដៃ​ការងារ​ក្នុង​តំណែង​និង​ភារកិច្ច​ថ្មី​ដែល​ថ្នាក់លើ​ប្រគល់ជូន​។ ក្រៅពីនោះ លោក ស៊ុន ចាន់ថុល បាន​ផ្តាំ​ទៅ​មន្ទីរ​ទាំងអស់ ត្រូវដាក់​ខ្លួន​ជា​អ្នកបម្រើ​រាស្ដ្រ កុំ​ធ្វើជា​ចៅហ្វាយ​រាស្ដ្រ​។​
 
​គួរ​បញ្ជាក់ថា មុន​ឡើងជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប លោក គី វី​រិន្ទ ជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ត្បូងឃ្មុំ អតីត​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តឧត្ដរមានជ័យ និង​ធ្លាប់ជា​អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្តបាត់ដំបង​៕

Tag:
 ប្រធាន​មន្ទីរ​សាធារណការ​សៀមរាប​
  គឹម ប៉ុណ្ណា​
  គី វី​រិន្ទ​
  ស៊ុន ចាន់ថុល​
© រក្សាសិទ្ធិដោយ thmeythmey.com