ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កម្ពស់​ទឹកទន្លេ​មេគង្គ​ទាប​ក្នុង​ខែវស្សា​អាចជា​ផល​ល្អ​ដល់​កសិផល ប៉ុន្តែ​ពលរដ្ឋ​ព្រួយ​ខ្លាច​ខ្វះ​ទឹក​
16, Aug 2019 , 1:39 pm        
រូបភាព
ផ្ទះ​ប្រជាពលរដ្ឋ​តាម​ដងទន្លេ​មេគង្គ​ត្រើយ​ខាង​កើត​ត្រូវ​បាន​ថត​ក្នុង​រាជធានីភ្នំពេញ​កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)
ផ្ទះ​ប្រជាពលរដ្ឋ​តាម​ដងទន្លេ​មេគង្គ​ត្រើយ​ខាង​កើត​ត្រូវ​បាន​ថត​ក្នុង​រាជធានីភ្នំពេញ​កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)
ដោយ: VOA
​ភ្នំពេញ ៖ «​ខ្ញុំ​ធ្លាប់​នៅ​រាល់​ឆ្នាំ ទឹក​ទាប​ក៏​មិន​ទាប​ដល់​ថ្នាក់​ហ្នឹង​ពេក​ដែរ​គឺ​ខែ​នេះ​អាចមក​ត្រឹម​ស្មើ​ច្រាំង​»​។​

 
​លោក យិន ស៊ុំ និយាយ​អំពី​កម្ពស់​ទឹក​ដែល​ស្ថិតនៅក្រោម​មាត់ច្រាំង​នៃ​ដង​ទន្លេមេគង្គ​ក្នុងភូមិ​អរិយ​ក្សត្រ ស្រុក​ល្វាឯម​ខេត្តកណ្តាល​។​
 
​ស្ថិតក្រោម​កំដៅថ្ងៃ​ចែងចាំង​ពី​ទិស​ខាងលិច អ្នក​ដាំ​ស្លឹកគ្រៃ​អាយុ​៦៣​ឆ្នាំ​រូបនេះ​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ស្ទើរ​ពេញ​មួយជីវិត​របស់គាត់​ទៅ​ហើយ​។​
 
«​ថា រាល់​ឆ្នាំ​ខែ​ហ្នឹង​ឡើងដល់​មាត់ច្រាំង​ហ្មង ដល់​មាត់ច្រាំង​វា​អាច​លិច​ស្លឹកគ្រៃ លិច​អី​អស់​បាត់​ហើយ​»​។​
 
​យោងតាម​ការចេញផ្សាយ​អំពី​កម្ពស់​ទឹកទន្លេ​នៅក្នុង​ប្រទេស​កម្ពុជា​រប​ស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃទី​១៥​ឆ្នាំ​២០១៩​នេះ កម្ពស់​ទឹកទន្លេ​នៅ​ស្ថានីយ​ជលសា​ស្ត្រ ទន្លេបាសាក់ ចតុមុខ  ទឹកទន្លេ​មាន​កម្ពស់​ប្រហែល​៤​ម៉ែត្រ​កន្លះ​គឺ​ទាប​ជាង​ឆ្នាំមុន​ជិត​៦​ម៉ែត្រ​។​
 
​ដូចគ្នានេះដែរ របាយការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ទន្លេមេគង្គ បាន​បង្ហាញថា កម្ពស់​ទឹកទន្លេ​មេគង្គ​ដែល​ហូរ​កាត់​ប្រទេស​ថៃ ឡាវ កម្ពុជា​និង​វៀតណាម មាន​កម្រិត​ទាប​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ មូលហេតុ​គឺ​ដោយសារ​ភ្លៀង​ធ្លាក់​មិន​គ្រប់គ្រាន់​តាំងពីដើម​ឆ្នាំ និង​ដោយសារតែ​ទំនប់​វា​រី​អគ្គិសនី Jinghong ក្នុង​ខេត្ត​យូ​ណាន ប្រទេស​ចិន​បាន​កាត់បន្ថយ​លំហូរ​ទឹក​ពី​១.១០០​ម៉ែត្រគូប​ក្នុង​មួយ​វិនាទី​មក​ត្រឹម​៦០០​ទៅ​៨០០​ម៉ែត្រគូប​ក្នុង​មួយ​វិនាទី​វិញ​។​


តៀម​ក្នុង​ចម្ការ​របស់​លោក ចន ឃុន កសិករ​ដាំ​បន្លែ​តាម​ដងទន្លេ​មេគង្គ​នៅ​សង្កាត់​កោះដាច់ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)


អ្នក​ស្រី វ៉ែន ស្រី កសិករ​ដាំ​បន្លែ​តាម​ដងទន្លេ​មេគង្គ​នៅ​សង្កាត់​កោះដាច់ ​រាជធានី​ភ្នំពេញ អង្គុយ​នៅ​ក្នុង​តៀមលក់​គ្រឿង​ទេសរបស់​ខ្លួន​កាលពី​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)
 
​ទោះយ៉ាងណា ក្រុម​ប្រជាពលរដ្ឋ ដែល​ប្រក​បរបរ​ដាំ​ដំណាំ​ចម្ការ​ដែល​ពឹង​អាស្រ័យ​នឹង​របប​ទឹកទន្លេ​មេគង្គ ទទួលបាន​ទាំង​ផល​វិជ្ជមាន​និង​អវិជ្ជមាន នៅពេលដែល​របប​ទឹកទន្លេ​នេះ​មាន​កម្រិត​ទាប​។​
 
​លោក យិន ស៊ុំ ប្រកប​របរ​ដាំ​ស្លឹកគ្រៃ​លក់​ក្នុងភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម​ខេត្តកណ្តាល​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ​។ ដោយសារ​ថ្នាល​ដាំ​ស្លឹកគ្រៃ​របស់លោក​នៅជាប់​នឹង​ច្រាំង​ទន្លេមេគង្គ ដូច្នេះ​លោក​ពឹង​អាស្រ័យ​យ៉ាងច្រើន​លើ​របប​ទឹក​នៃ​ទន្លេ​។​
 
«​សម្រាប់​ខ្ញុំ ខ្ញុំ​ចង់​ឲ្យ​ទឹក​ឡើង ដូច​រាល់​ឆ្នាំទៅ​។ ប៉ុន្តែ​ឆ្នាំនេះ វា​អត់​ឡើង​។ វា​ឡើង​បាន​តិច ប៉ុន្តែ​អំណោយផល​របស់​យើង​បាន​ច្រើ​ន‍​»​។​
 
​នៅ​ចម្ងាយ​ពី​លោក​យិន ស៊ុំ​ប្រមាណ​ជិត​២០​គីឡូម៉ែត្រ នៅក្នុង​ភូមិ​រនះ សង្កាត់​កោះដាច់ ជាយ​រាជធានី​ភ្នំពេញ អ្នកស្រី​វ៉ែន ស្រី​គឺ​អ្នក​តម្បាញ​ផង និង​ជា​អ្នក​ដាំ​ត្រសក់​ផង​។ ក្នុង​វ័យ​៦១​ឆ្នាំ អ្នកស្រី​មើលឃើញ​ពី​ផលប្រយោជន៍​ច្រើន​ពី​កម្រិត​ទឹកទន្លេ​មេគង្គ​ដែល​ធ្លាក់ចុះ​នេះ​។​
 
«​ប៉ុន្តែ​បង្កបង្កើត​ផល ខ្ញុំ​ដាំ​ឥឡូវ​ច្រើនណាស់​ដោយសារ​យល់ឃើញ​ថា ទឹក​មិនអាច​ឡើងមក យល់​ហើយ​ណា៎​ក្មួយ​ណា៎​។ តែ​បើសិនជា​ទឹក​ឡើងមក វា​អាច​ដែល​ដាំ​ប្រថុយ​ទាំងអស់គ្នា​នេះ​គឺ​ប្រជាជន​ទាំងអស់​ហ្នឹង​វា​អាច​បាត់បង់​ខ្លះ​ហើយ​។ តែ​បើសិនជា​លិច​ក៏​លិច​ចុះ ក្នុងនាម​ប្រជាជន​ទាំងអស់ បើ​លិច​មក​ក៏​ល្អ​ដី​ដែរ​»​។​
 
​ប្រជាកសិករ​ម្នាក់ទៀត​ដែល​ធ្វើ​ចម្ការ​តាម​ដង​ទន្លេមេគង្គ​នៅ​សង្កាត់​កោះដាច់​នេះដែរ​បាន​និយាយថា លោក​ចង់​ឲ្យ​ទឹកទន្លេ​ឡើងមក​លិច​ដីចម្ការ​របស់លោក​នៅក្នុង​រដូវ​នេះ បន្ទាប់ពី​ប្រមូល​ផល​រួច​ដើម្បី​រក្សា​គុណភាព​ដី​ដាំ​ដំណាំ​នៅ​ឆ្នាំក្រោយៗ​ទៀត​។​


លោក ចន ឃុន កសិករ​ដាំ​បន្លែ​តាម​ដងទន្លេ​មេគង្គ​នៅ​សង្កាត់​កោះដាច់ ​រាជធានី​ភ្នំពេញ អង្គុយ​នៅ​ក្នុង​តៀម​ក្នុង​ចម្ការ​របស់​ខ្លួន​កាលពី​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)
 
​លោក ច​ន ឃុន អាយុ​៥០​ឆ្នាំ ជា​អ្នកធ្វើ​ចម្ការ​នៅ​សង្កាត់​កោះដាច់​ជាង​១០​ឆ្នាំ​មកហើយ​។ លោក​បាន​និយាយប្រាប់ VOA នៅក្នុង​ខ្ទម​កណ្តាល​ចម្ការ​របស់លោក​ថា​៖
 
«​វា​មិនសូវ​ល្អ​ទេ ដល់​ទឹកទន្លេ​អត់​លិច​អ៊ីចឹង វា​អត់​ល្អ ទាល់តែ​លិច​បានល្អ​។ ដូច​ថា វា​នាំ​ជីរ​ជាតិ​ចូលមក​អ៊ីចឹង​ណា៎​។ ដល់​វា​អត់​លិច​អ៊ីចឹង អត់​ល្អ​ទេ ពិបាកធ្វើ​ណាស់​។ វា​មាន​ស្រមោច​មានអី​អ៊ីចឹង​ណា៎ ហ្នឹងហើយ​»​។​
 
​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ឲ្យ​ដឹងថា បាតុភូត​អែល​នី​ញ៉ូ​អំឡុង​រដូវប្រាំង​ដែល​បានអូសបន្លាយ​រហូតដល់​ខែឧសភា​ជា​មូលហេតុ​ចម្បង​ដែល​បណ្តាល​ឲ្យ​កម្ពស់​ទឹកទន្លេ​ក្នុង​ឆ្នាំ​២០១៩​នេះ​ទាប​ជាង​ការរំពឹងទុក​។​
 
«​ហើយ​ដោយសារ​បាតុភូត​នេះ​គឺ​មិន​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​នោះទេ មាន​ដែរ​មាន​តិចតួច​បំផុត​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ទ​ន្លេ​មេគង្គ​។ ហើយ​កាលណា​អត់​ភ្លៀង​គឺ​ទឹកទន្លេ​មិន​ឡើង​ទេ ហើយ​ឆ្នាំនេះ​យើង​ឃើញថា ទាប​។ ហើយ​តាំងពី​ឆ្នាំ​១៩៩២​មក យើង​ធ្លាប់​ទាប​ម្តង​»​។​
 
​ទោះយ៉ាងណា​លោក ចាន់ យុ​ត្ថា បាន​អះអាងថា កម្រិត​ទឹកទន្លេ​មេគង្គ​ដែល​ធ្លាក់ចុះ​មិន​ពាក់ព័ន្ធ​នឹង​ទំនប់​វា​រី​អគ្គិសនី Jinghong ក្នុង​ខេត្ត​យូ​ណាន ប្រទេស​ចិន​នោះទេ​។​
 
​ទោះជា​បែបនេះ​ក្តី  លោក Gary Lee អ្នកគ្រប់គ្រង​គម្រោង​ទន្លេមេគង្គ​នៃ​អង្គការ​ទន្លេ​អន្តរជាតិ បាន​និយាយ​សង្កត់ធ្ងន់ថា របប​ទឹកទន្លេ​មេគង្គ​មាន​សារៈសំខាន់​ចំពោះ​សហគមន៍​តាម​ដង​ទន្លេ​នេះ ហើយ​ថា ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​អាច​នឹង​បំផ្លាញ​ធនធានធម្មជាតិ​នៅក្នុង​ទន្លេមេគង្គ​។​
 
​តាមរយៈ​សារ​អេឡិចត្រូនិក លោក Gary Lee បាន​សរសេរ​មកកាន់ VOA ថា​៖
 
«​ដោយសារ​មានការ​ប្រែប្រួល​អាកាសធាតុ និង​មានការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​ផ្នែក​ខាងលើ​នៃ​ទន្លេ  លំហូ​ទឹកទន្លេ​មេគង្គ​នៅ​កម្ពុជា​មានការ​ផ្លាស់ប្តូរ និង​មិនអាច​ទស្ស​ទាយ​បាន​ទៀត​នោះទេ​។ ទំនប់​វា​រី​អគ្គិសនី​ធំៗ​បាន​រាំងស្ទះ​បន្លាស់​ទី​ត្រី បំផ្លាញ​ជម្រក​សំខាន់ៗ និង​បំផ្លាញ​លំហូ​ដីល្បាប់​និង​ទឹក​ដែល​នឹង​ប៉ះពាល់​ដល់​ផលិតភាព​របស់​ធនធាន​ក្នុង​ទឹក​ដែលមាន​សារៈសំខាន់​សម្រាប់​ជីវភាព​សហគមន៍​»​។​


អគារ​ខ្ពស់ៗត្រូវ​បាន​មើល​ឃើញ​ពី​ត្រើយ​ខាង​កើត​នៃ​ទន្លេ​ចតុមុខ​ក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)​
 
​អ្នកជំនាញ​ផ្នែក​ទន្លេមេគង្គ​ជនជាតិ​អូស្ត្រាលី​រូបនេះ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គិតគូរ​ម្តងទៀត​ចំពោះ​គម្រោង​វា​រី​អគ្គិសនី​ទំហំ​ធំ​នៅតាម​ដង​ទន្លេមេគង្គ​គឺ​ទំនប់​វា​រី​អគ្គិសនី​សំបូរ ស្ទឹងត្រែង​និង​ស្រែ​ពក​ជាដើម​ដែល​គម្រោង​ទាំងនេះ​កំពុង​ឋិត​ក្នុងតំណាក់កាល​សិក្សា​នៅឡើយ​។​
 
​ទោះយ៉ាងណា ប្រជាពលរដ្ឋ​កម្ពុជា​ដែល​រស់នៅ​តាម​ដង​ទន្លេ​សង្ឃឹមថា កម្ពស់​ទឹកទន្លេ​មេគង្គ​នឹង​កើនឡើង​នៅក្នុង​ខែកញ្ញា​ខាងមុខ បើសិនជា​ភ្លៀង​បន្ត​ធ្លាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com