អន្តរជាតិ
លោក ត្រាំ ថា បាតុកម្មហុងកុងនឹងចប់ត្រឹម១៥នាទី បើលោក ស៊ី ជួបបាតុករដោយផ្ទាល់
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១៥ ខែសីហា បានទទូចឲ្យប្រធានាធិបតីចិន ស៊ី ជិនភីង ជួបបាតុករហុងកុង ដើម្បីដោះស្រាយវិបត្តិដែលមានអាយុលើសពីរខែនេះ។ លោក ត្រាំ ហាក់បារម្ភខ្លាំងចំពោះលទ្ធភាពដែលចិនអាចធ្វើអន្តរាគមន៍ដោយផ្ទាល់ដើម្បីបោសសម្អាតក្រុមបាតុករ ខណៈដែលប៉ូលិសប្រដាប់អាវុធប្រជាជនចិន កំពុងប្រមូលផ្ដុំនៅក្បែរហុងកុងស្រាប់ហើយនោះ។ កាន់តែបារម្ភនោះ ភាពអត់ធ្មត់របស់ចិន ក៏រសាយបន្តិចម្ដងៗផងដែរ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញមុខបកស្រាយសារលើ Twitter របស់លោក ដែលធ្វើឲ្យមានការយល់ច្រលំពាក់ព័ន្ធជំនួបជាមួយសមភាគីចិន ស៊ី ជិនភីង លើបញ្ហាហុងកុង។ នៅថ្ងៃទី១៤ ខែសីហា លោក ត្រាំ បានសរសេរតាម Twitter ពីបាតុកម្មនៅហុងកុង ហើយបញ្ចប់ដោយពាក្យជំនួបតទល់។ ពាក្យនេះ ធ្វើឲ្យមានគេគិតថា លោក ត្រាំ ចង់ជួបលោក ស៊ី ដោយផ្ទាល់ ដើម្បីជជែកពីបញ្ហានៅតំបន់រដ្ឋបាលពិសេសរបស់ចិន។
មួយថ្ងៃបន្ទាប់ លោក ត្រាំ បានសរសេរលើបណ្ដាញ Twitter របស់លោកដោយស្នើឲ្យលោក ស៊ី ជួបក្រុមបាតុករដោយផ្ទាល់តែម្ដង។ ក្នុងសំណេរលើគណនីបណ្ដាញសង្គមល្បីឈ្មោះដដែលនៅថ្ងៃទី១៥ ប្រធានាធិបតីអាមេរិករូបនេះលើកឡើងថា បើប្រធានាធិបតី ស៊ី ជួបបាតុករដោយផ្ទាល់នោះ បញ្ហានៅហុងកុងនឹងបញ្ចប់ដោយក្ដីរីករាយ និងភ្លឺស្វាង។ សម្រាប់លោក ប្រធានាធិបតីចិន ពិតជាអាចដោះស្រាយបញ្ហាមួយនេះបាន។
យោបល់របស់ប្រធានាធិបតីអាមេរិក ធ្វើឡើងស្របពេលដែលការភ័យបារម្ភកើនឡើងកាន់តែខ្លាំងនៅហុងកុង ក្រោយប៉ូលិសប្រដាប់អាវុធចិនដែលទៅដល់ក្រុងស៊ិនជិន ចាប់ផ្ដើមធ្វើសកម្មភាព។ នៅថ្ងៃទី១៥ ខែសីហា ប៉ូលិសប្រដាប់ប្រជាជនចិន បានធ្វើសមយុទ្ធមួយក្នុងកីឡដ្ឋានមួយកន្លែងដែលនៅមិនដល់៨គីឡូម៉ែត្រពីព្រំដែនជាមួយហុងកុង។ អគ្គរដ្ឋចិនប្រចាំអង់គ្លេស លីវ ស៊ាវមីង ក៏ព្រមានថា ប៉េកាំងមិនអង្គុយមើលបាតុកម្មនៅហុងកុងឡើយ ហើយមានកម្លាំងគ្រប់គ្រាន់ដើម្បីបោសសម្អាត។
ពីរដ្ឋ New Jersey លោក ត្រាំ ក៏បង្ហាញក្ដីបារម្ភដែរ និងមិនចង់ឃើញការប្រើប្រាស់កម្លាំងដើម្បីដោះស្រាយបញ្ហាឡើយ ហើយចង់ឃើញប៉េកាំងដោះស្រាយវិបត្តិមួយដោយក្ដីមេត្តា។ មេដឹកនាំអាមេរិករូបនេះប្រាប់អ្នកសារព័ត៌មានថា បើលោក ស៊ី អង្គុយចុះដើម្បីជជែកជាមួយក្រុមបាតុករ លោកភ្នាក់ថា មេដឹកនាំចិនអាចដោះស្រាយបញ្ហាតែក្នុងពេល១៥នាទី។ យ៉ាងណាមិញ លោក ត្រាំ ទទួលស្គាល់ថា ការជួបជាមួយបាតុករនេះ មិនមែនជាអ្វីដែលលោក ស៊ី តែងធ្វើឡើយ។
ប្រធានាធិបតីអាមេរិករូបនេះ ប្រាប់អ្នកកាសែតដែរថា លោក នឹងជជែកជាមួយលោក ស៊ី តាមទូរសព្ទនៅពេលឆាប់ៗ ហើយការចរចាពាណិជ្ជកម្មក្នុងខែកញ្ញា ក៏នឹងមានច្រើនជុំទៀតដែរ។ ក្នុងសារតាម Twitter ពីរថ្ងៃមុន លោក ត្រាំ បានភ្ជាប់បាតុកម្មនៅហុងកុងទៅនឹងការចរចាដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្ម ដោយលោកទុកឲ្យប៉េកាំងដោះស្រាយវិបត្តិហុងកុងសិន។ លោក ត្រាំ ចង់ប្រាប់ចិន លទ្ធផលចរចា អាចអាស្រ័យលើចំណាត់ការរបស់ចិនលើបាតុករហុងកុង៕
Tag:
ចិន
អាមេរិក
ហុងកុង
ដូណាល់ ត្រាំ
ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com