អន្តរជាតិ
មី​យ៉ាន់​ម៉ា​និង​បង់​ក្លា​ដែ​ស ព្រមព្រៀង​ធ្វើ​មាតុភូមិនិវត្តន៍​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​នៅ​សប្ដាហ៍​ក្រោយ​
16, Aug 2019 , 8:39 pm        
រូបភាព
ប្រជាជនរ៉ូហ៊ីងយ៉ាដើរឆ្លងកាត់ស្ពាននៅជំរុំជនភៀសខ្លួន
ប្រជាជនរ៉ូហ៊ីងយ៉ាដើរឆ្លងកាត់ស្ពាននៅជំរុំជនភៀសខ្លួន
​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស នៅ​ពី​ថ្ងៃទី​១៥  ខែសីហា បាន​ព្រមព្រៀងគ្នា​ចាប់ផ្តើម​ធ្វើ​មាតុភូមិនិវត្តន៍​ជន​រ៉ូ​ហ៊ីង​យ៉ា​ចូលក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ​នៅក្នុង​ស​ប្តា​ណ៍​ក្រោយ​។ ការព្រមព្រៀង ជាការ​ចាប់ផ្ដើម​ដំណើរ​ការវិល​ល​ត្រឡប់​របស់​ជនភាគតិច​មួយក្រុម​នេះ ក្រោយពេល​ប្រទេស​ទាំងពីរ បរាជ័យ​អនុវត្ត​កិច្ច​ព្រម​ពៀង​ច្រើន​ខែ​មកហើយ​។


 
​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ច្រើ​ង​ជាង ៧០​ម៉ឺន​នាក់ បាន​រត់​ភៀសខ្លួន​ចេញពី​រដ្ឋ​រ៉ា​ឃី​ន ទឹកដី​មី​យ៉ាន់​ម៉ា​ទៅ​ជ្រកកោន​នៅ​ប្រទេស​ក្បែរ​ខាង​បង់​ក្លា​ដែ​ស បន្ទាប់ពី​រដ្ឋាភិបាល​ទីក្រុង​ណៃ​ពិដោ បាន​ប្រើប្រាស់​យោធា​បង្ក្រាប​ទៅលើ​ពួកគេ​យ៉ាង​ចាស់ដៃ​។ អង្គការសហប្រជាជាតិ​បាន​ថ្កោលទោស​ថា ទង្វើ​យោធា​មី​យ៉ាន់​ម៉ា​ជាការ​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​។ 
 
​លោក Myint Thu បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters តាម​ទូរ​សព្ទ​ថា ពួកយើង​នឹងធ្វើ​មាតុភូមិនិវត្តន៍​ជន​រ៉ូ​ហ៊ីង​យ៉ា​ចំនួន​៣៥៤០​នាក់​ក្នុងចំណោម​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​ចំនួន​២២​ពាន់​នាក់​ឲ្យ​ត្រលប់​មកវិញ​នៅ​ថ្ងៃទី​២២ ខែសីហា​ខាងមុខនេះ​។ យ៉ាងណាមិញ អ្នកនាំពាក្យ​ក្រសួងការបរទេស​មី​យ៉ាន់​ម៉ា​រូបនេះ​ថា ចំនួន​អ្នក​ត្រឡប់មក​មី​យ៉ាន់​ម៉ា​វិញ​មាន​ចំនួន​តិច​ណាស់ ប៉ុន្តែ​គ្មាន​នរណា​ចាប់បង្ខំ​ជនភាគតិច​មូស្លីម​ទាំងអស់​ឲ្យ​ត្រលប់​មកវិញ​ដែរ​។​
 
​បន្ថែម​ពីលើ​នេះ​ទៅទៀត ទីភ្នាក់ងារ​ជនភៀសខ្លួន UNHCR បាន Reuters ក្នុង​សារ​អេឡិចត្រូនិក​ថា​៖ «​អង្គការ​UNHCR នឹង​ផ្តល់ព័ត៌មាន​ពាក់ព័ន្ធ និង​ព័ត៌មាន​ទុកចិត្តបាន​ឲ្យ​ជនភៀសខ្លួន ទៅលើ​លក្ខខណ្ឌ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ជាពិសេស​ទៅលើ​តំបន់​ដែល​ជនភៀសខ្លួន​ត្រូវ​ត្រលប់​ទៅ​រស់នៅ​»​។ 
 
​មែនទែនទៅ តំបន់​នៅក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន ដែល​រដ្ឋាភិបាល​បាន​បង្ក្រាប​លើ​ការបះបោរ​របស់​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ាង មិន​សមប្រកប​សម្រាប់​ជនភៀសខ្លួន​ឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់​អង្គការ UNHCR​។ 
 
​សូមបញ្ជាក់ថា មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដេ​ស បាន​ព្រមព្រៀង​ធ្វើ​មាតុភូមិ​និវត្ត​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​ម្តង​ហើយ​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៨ តែ​ត្រូវ​បរាជ័យ ដោយ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ាង​បដិសេធ​មិន​ព្រម​ត្រលប់​មកវិញ​ព្រោះ​បារម្ភ​អំពី​បញ្ហា​សុវត្ថិភាព​៕

Tag:
 មី​យ៉ាន់​ម៉ា​
  បង់​ក្លា​ដែ​ស​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com