ជាតិ
វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
យុវតីខ្មែរ៥រូបជាប់លេខ២ក្នុងព្រឹត្តការណ៍ប្រកួតបច្ចេកវិទ្យា Technovation នៅអាមេរិក ក្រុម Liter Tree ដែលមានសមាជិករួមមាន យុវតី អ៊ីម អ៊ីណា, ហៀង ដាឡែន, ជា ពលៈរក្សា, អួន អេងទៀង និងសាន្ត ករុណា។ រូបថត Twitter Technovation
×
ក្រុមយុវតីកម្ពុជា Liter Tree ដែលមានសមាជិក៥រូប ទទួលបានចំណាត់ថ្នាក់លេខ២ លំដាប់ Junior Division ក្នុងព្រឹត្តិការណ៍ប្រកួត Tehcnovation លំដាប់ពិភពលោក នៅក្រុង Santa Clara តំបន់ Silicon Valley រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែសីហា។
ក្រុម Liter Tree ដែលមានសមាជិករួមមាន យុវតី អ៊ីម អ៊ីណា, ហៀង ដាឡែន, ជា ពលៈរក្សា, អួន អេងទៀង និងសាន្ត ករុណា បានរួមគ្នាបង្កើតកម្មវិធីទូរសព្ទដៃ «ណែងណង» (Naeng-Norng)។ កម្មវិធីនេះ ផ្តល់ជាជំនួយដល់ស្មារតីដល់សិស្ស ក្នុងការសរសេរកំណាព្យឲ្យបានងាយស្រួល អភិរក្សកំណាព្យខ្មែរ និងលើកស្ទួយវិស័យវប្បធម៌ខ្មែរ។
ជាមួយនឹងចំណាត់ថ្នាក់លេខ២ ក្រុម Liter Tree ទទួលបានប្រាក់រង្វាន់ចំនួន៥០០០ដុល្លារអាមេរិក ពីអង្គភាព Technovation ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ផងដែរ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មាន ThmeyThmey កន្លងមក សមាជិកក្រុម Liter Tree បានអះអាង ពួកគេ ក៏ទទួលបានការផ្តល់យោបល់ពីលោកគ្រូ បង្រៀនអក្សរសាស្ត្រខ្មែរ នៃសាលាភាពជាអ្នកដឹកនាំឡៃហ្គឺដែរ។
VIDEO
សម្រាប់ការប្រកួតប្រជែងលំដាប់ Junior Division ចន្លោះអាយុពី១០ ទៅ១៨ឆ្នាំ ជាមួយនឹងប្រធានបទ «Girls for a change» ក្រុម Liter Tree របស់កម្ពុជា ស្ថិតក្នុងចំណោមក្រុមទាំង៦ដែលបានឆ្លងដល់វគ្គផ្តាច់ព្រ័ត្រ ដោយក្រៅពីនោះរួមមានក្រុម Brain Squad (នីហ្សេរីយ៉ា) ក្រុម Social Relay (ឥណ្ឌា), ក្រុម Robot Unicorns (កាណាដា), ក្រុម Young Inventor (អាមេរិក) និងក្រុម Velenteam (បូលីវី)។
ក្រុមដែលបានចំណាត់ថ្នាក់លេខ១ គឺក្រុម Social Relay របស់ឥណ្ឌា ដែលទទួលបានរង្វាន់១២០០០ដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍ App និងការអប់រំរបស់ពួកគេ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងអប់រំមានសេចក្តីអបអរសាទរចំពោះការខិតខំប្រឹងប្រែង របស់ក្រុមយុវតីកម្ពុជា ក្នុងការទទួលបានជ័យលាភីលេខ២ ក្នុងការប្រកួត Technovation លំដាប់ពិភពលោក។
អ្នកនាំពាក្យរូបនេះ បានអះអាងថា យុវតីកម្ពុជាមួយក្រុមនេះ ពិតជាធ្វើឲ្យកម្ពុជាមានមោទកភាព សម្រាប់ឆ្លើយតបនឹងគោលនយោបាយយេនឌ័រក្នុងវិស័យអប់រំ នយោបាយស្ទែម(វិទ្យាសាស្ត្រ,បច្ចេកវិទ្យា ,វិស្វកម្ម និងគណិតវិទ្យា) នៅកម្ពុជា៕
Tag:
បច្ចេកវិទ្យា
កំណាព្យ
Naeng_Norng
© រក្សាសិទ្ធិដោយ thmeythmey.com