កីឡាជាតិ
ជាតិ
គ្រូបង្វឹក U18 កម្ពុជា​ថា វៀតណាម​ខ្លាំង តែ​ខ្វះ​ទំនុកចិត្ត ជាហេតុ​នាំ​ឲ្យ​កម្ពុជា​ឈ្នះ​
16, Aug 2019 , 9:19 pm        
រូបភាព
លោក Koji (ឆ្វេង)ពេលដឹកនាំ U18 កម្ពុជា និងកីឡាករ សៀង ចន្ធា (អាវស)ព្យាយាមគ្រប់គ្រងបាល់ពីការប្រជែងរបស់កីឡាករវៀតណាម, រូបភាពពី FFC
លោក Koji (ឆ្វេង)ពេលដឹកនាំ U18 កម្ពុជា និងកីឡាករ សៀង ចន្ធា (អាវស)ព្យាយាមគ្រប់គ្រងបាល់ពីការប្រជែងរបស់កីឡាករវៀតណាម, រូបភាពពី FFC
ដោយ:
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា បាន​បង្កើត​កំណត់ត្រា​ថ្មី សម្រាប់​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍ AFF U18 Championship បន្ទាប់ពី​ពួកគេ​យកឈ្នះ​ថៃ ៤-៣ និង​វៀតណាម ២-១ ជា​លើកដំបូង​។ ប៉ុន្តែ​លទ្ធផល​ជា​ប្រវត្តិសាស្ត្រ​នេះ មិន​អាចជួយ​កម្ពុជា​ឡើងទៅ​កាន់​វគ្គ​បន្ត​នោះទេ​។ ក្រោយ​ទម្លាក់​វៀតណាម គ្រូបង្វឹក U18 កម្ពុជា​មើលឃើញថា កីឡាករ​វៀតណាម​មាន​សមត្ថភាព​ខ្លាំង តែ​ពួកគេ​ខ្វះ​ទំនុកចិត្ត ដែលជា​ហេតុ​ធ្វើ​ឲ្យ​កម្ពុជា​មានឱកាស​ច្រើន​ក្នុង​ការរក​គ្រាប់​បាល់ និង​ទទួល​ជ័យជម្នះ​លើ​ពួកគេ​។ គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូបនេះ​ចាត់ទុក​ជ័យជម្នះ​របស់​កម្ពុជា គឺ​ភាគច្រើន​កើតចេញពី​សំណាង​។

 
​ក្រោយ​ទម្លាក់​ម្ចាស់ផ្ទះ​វៀតណាម​ចេញពី​ពានរង្វាន់ AFF U18 Championship ជាមួយ​ជ័យជម្នះ ២-១ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា​លោក Gyotoku Koji បានចាត់ទុក​ជ័យជម្នះ​នេះ​កើតឡើង​ពី​ការខិតខំ​របស់​កីឡាករ និង​សំណាង​ដែល​ធាតុ​រួមផ្សំ​។ គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូបនេះ មិន​នឹកស្មានថា​កម្ពុជា​អាច​យកឈ្នះ​វៀតណាម ដែលជា​ក្រុម​មាន​សមត្ថ​ភាពខ្លាំង និង​មាន​កាយសម្បទា​ល្អ​បាន​នោះទេ​។  
 
​គ្រូបង្វឹក​រូបនេះ​បាន​និយាយថា​៖«​យើង​ដឹង​ហើយ​ថា​កីឡាករ​វៀតណាម​មា​នស​ម​ត្ថ​ភាពខ្លាំង និង​កាយសម្បទា​ល្អ ប៉ុន្តែ​ពួកគេ​ខ្វះ​ទំនុកចិត្ត​។ យើង​មិនបាន​គិតពី​ចំណុច​មួយ​នេះ​ទេ​។ ការ​ឈ្នះ​ពីរ​ប្រកួត​លើ​ថៃ និង​វៀតណាម គឺ​ដោយសារ​សំណាង ប៉ុន្តែ​ខ្ញុំ​ក៏​មិនដែល​គិតពី​បញ្ហា​នេះដែរ​»​។​
 
​សម្រាប់​លោក Koji ការចង់​ឈ្នះ​កម្ពុជា​ខ្លាំងពេក​ពី​ក្រុម​កីឡាករ​វៀតណាម បាន​ក្លាយជា​សម្ពាធ​សម្រាប់​ពួកគេ ហើយក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​បាត់បង់​ការគ្រប់គ្រង និង​បង្កើត​ភាពខ្វះ​ចន្លោះ​សម្រាប់​ក្រុម​ទាំងមូល​។ បញ្ហា​នេះ បាន​អំណោយផល​ដល់​កម្ពុជា​ក្នុងការ​បង្កើត​ឱកាស​គ្រោះថ្នាក់ ដើម្បី​រក​គ្រាប់​បាល់​។ លោក​បាន​បន្ថែមថា ការលេង​ដោយ​គ្មាន​សម្ពាធ​ក្រោយ​ដឹងថា ខ្លួន​អស់​ឱកាស​ទៅ​វគ្គ​បន្ត ក៏​ជា​កត្តា​រួមផ្សំ​ជួយ​កម្ពុជា​ទទួលបាន​ល​ទ្ធ​ផល​ផងដែរ​។  
 
​លោក Gyotoku Koji គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា ទោះបី​មិនអាច​ដឹកនាំ​ក្រុម​ឡើងទៅ​វគ្គ​បន្ត តែ​លោក​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ជូន​វិស័យ​កីឡាបាល់ទាត់​កម្ពុជា ក្រោយ​ដឹកនាំ​ក្រុម U18 កម្ពុជា​យកឈ្នះ​ថៃ ៤-៣ និង​វៀតណាម ២-១ ជា​លើកដំបូង​ក្នុង​ពានរង្វាន់ AFF U18 Championship 2019 នៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​។ បើតាម​ប្រវត្តិ​តាំងពី​បង្កើត​ពានរង្វាន់​នេះ​នៅ​ឆ្នាំ​២០០២ កម្ពុជា​មិនដែល​យកឈ្នះ​ថៃ និង​វៀតណាម ដែលជា​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​អាស៊ាន​ឡើយ​។​
 
​ទោះបី​ថៃ និង​វៀតណាម​ក្លាយជា​ក្រុម​គោលដៅ​សម្រាប់​កម្ពុជា​ក្នុងការ​យកឈ្នះ​ពានរង្វាន់​នេះ​ក៏ដោយ សម្រាប់​លោក Koji មិន​ត្រេកត្រអាល​ជាមួយ​លទ្ធផល​នេះឡើយ ព្រោះ​លោក​មាន​ការគោរព​ចំពោះ​ក្រុម​ទាំងពីរ​។ លោក​រំពឹងថា វិស័យ​កីឡាបាល់ទាត់​កម្ពុជា​នឹងមាន​ការរីក​ខ្លាំង​ដូច​ថៃ​និង​វៀតណាម នាពេល​អនាគត​។​
 
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា ដែល​បញ្ចប់​ក្នុង​លទ្ធផល​លេខ​៤​ពូ​ល B មាន​៦​ពិន្ទុ​នឹង​មក​កម្ពុជា​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​១៦ ខែសីហា​នេះ​៕  

Tag:
 បាល់ទាត់​
  AFF U18 Championship
  Gyotoku Koji
© រក្សាសិទ្ធិដោយ thmeythmey.com