(ទីក្រុងហូជីមិញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩) ៖ ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet បានទទួលពានរង្វាន់ ក្នុងនាមជាក្រុមហ៊ុនវៀតណាមដ៏ល្អបំផុតទាំង៥០ របស់ទស្សនាវដ្តី Forbes រយៈពេល៣ឆ្នាំជាប់ៗគ្នា បើគិតចាប់តាំងពីក្រុមហ៊ុន បានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនទីក្រុងហូជីមិញ (HOSE) កាលពីខែកុម្ភៈ ឆ្នាំ២០១៧។
ទស្សនាវដ្តី Forbes បានប្រកាសផ្តល់ពានរង្វាន់នេះ នៅក្នុងកម្មវិធីមួយដែលត្រូវបានរៀបចំឡើងអំឡុងពេលវេទិកាអាជីកម្ម ឆ្នាំ២០១៩ ក្នុងទីក្រុងហូជីមិញ កាលថ្ងៃទី១៥ ខែសីហាកន្លងទៅ។ ក្នុងកម្មវិធីប្រគល់ពានរង្វាន់ជាលើកទី៧ «បញ្ជីឈ្មោះក្រុមហ៊ុនកំពូលទាំង៥០» របស់ទស្សនាវដ្តី Forbes បានប្រមូលផ្តុំក្រុមហ៊ុនឈានមុខគេជាច្រើន មកពីទីផ្សារភាគហ៊ុនទីក្រុងហូជីមិញ និងទីផ្សារភាគហ៊ុនទីក្រុងហាណូយ (HNX) ដូចជាក្រុមហ៊ុន Vinamilk, Sabeco, FPT, Vietjet, DHG Pharmaceutical, Bao Viet, Mobile World និងក្រុមហ៊ុន Vingroup ជាដើម។
នៅឆ្នាំនេះ ក្រុមហ៊ុនដែលបានឈ្នះពានរង្វាន់កិត្តិយស ត្រូវបានវាយតម្លៃលើកត្តាឧស្សាហកម្មជាច្រើន ដោយផ្អែកទៅលើអត្រាកំណើនប្រាក់ចំណូលប្រចាំឆ្នាំ ប្រាក់ចំណេញ ទ្រព្យសម្បត្តិបានមកពីការបណ្តាក់ទុន ប្រាក់ចំណូលក្នុង១ភាគហ៊ុន ដែលកើនឡើងចាប់ពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៨ ការផ្សព្វផ្សាយឈ្មោះក្រុមហ៊ុន គុណភាពនៃការគ្រប់គ្រងសាជីវកម្ម ប្រភពនៃប្រាក់ចំណេញ និងទិដ្ឋភាពនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
បើយោងទៅតាមទស្សនាវដ្តី Forbes ក្រុមហ៊ុនដែលឈានមុខគេទាំងអស់នៅឆ្នាំនេះ បានកើនឡើងប្រាក់ចំណូលដ៏គួរឲ្យកត់សម្គាល់។ ក្រុមហ៊ុនទាំង៥០ ស្ថិតក្នុងបញ្ជីនៅឆ្នាំនេះ បានកត់ត្រាប្រាក់ចំណេញ ដល់ទៅ ១២៧,៥៣០ ពាន់លានដុង (ស្មើនឹង ៥,៤៧២ លានដុល្លារអាមេរិក) បន្ទាប់ពីកាត់ពន្ធ ដែលជាការកើនឡើងដល់ទៅ ១៩,២% បើធៀបទៅនឹងឆ្នាំមុន។ មូលធនសរុបរបស់ក្រុមហ៊ុនទាំង៥០ បានកើនដល់ ៩៤ពាន់លានដុល្លារអាមេរិក ស្មើនឹង៦៣% នៃមូលធនសរុប លើទីផ្សារភាគហ៊ុនទីក្រុងហូជីមិញ និងទីក្រុងហាណូយ។
ក្រុមហ៊ុនដែលស្ថិតក្នុងបញ្ជីឈ្មោះកំពូលទាំង៥០ របស់ទស្សនាវដ្តី Forbes ក្នុងប្រទេសវៀតណាម នៅឆ្នាំនេះ បានទទួលស្គាល់ពីការកើនឡើងនូវវិស័យសហគ្រិនឯកជន ក្នុងនោះរាប់ បញ្ចូទាំង Vietjet, Vingroup, Masan និង Hoa Phat ផងដែរ។ ឧស្សាហកម្មភាគច្រើន ដែលស្ថិតក្នុងបញ្ជីទាំង៥០ រួមមាន អចលនទ្រព្យ សំណង់ សេវាដឹកជញ្ជូន សេវាហិរញ្ញវត្ថុ និងការលក់រាយ។ ក្រុមហ៊ុនដែលមកពីទីផ្សារភាគហ៊ុនទីក្រុងហូជីមិញ មានរហូតដល់ទៅ ៤៥ក្រុមហ៊ុន ខណៈដែលទីផ្សារភាគហ៊ុនទីក្រុងហាណូយ មានតែ៥ប៉ុណ្ណោះ។
ដោយសារតែលទ្ធផលអាជីវកម្មដ៏គួរឲ្យកត់សម្គាល់របស់ខ្លួន ភាគហ៊ុនរបស់ក្រុមហ៊ុន Vietjet បានទាក់ទាញអ្នកវិនិយោគជាច្រើន និងបានធ្វើឲ្យក្រុមហ៊ុននេះ ស្ថិតក្នុងបញ្ជីកំពូលក្រុមហ៊ុនទាំង៣០ របស់វៀតណាម នៅឆ្នាំទី១ នៃការជាប់ឈ្មោះក្នុងបញ្ជី។ ក្នុងឆ្នាំ២០១៨ ក្រុមហ៊ុន Vietjet មានកំណើនដ៏គួរឲ្យកត់សម្គាល់ រយៈពេល១ឆ្នាំពេញ តាមរយៈការរកបានប្រាក់ចំណូល ៥៣,៥៧៧ ពាន់លានដុង និងប្រាក់ចំណេញមុនកាត់ពន្ធចំនួន ៥,៨១៦ ពាន់លានដុង។
នៅរយៈពេល៦ខែដំបូង នៃឆ្នាំ២០១៩ ប្រាក់ចំណូលដឹកជញ្ជូនតាមផ្លូវអាកាសរបស់ Vietjet បានកើនឡើងយ៉ាងខ្ពស់ រហូតដល់២២% ស្មើនឹង ២០,១៤៨ ពាន់លានដុង ខណៈប្រាក់ចំណេញលើការដឹកជញ្ជូនតាមផ្លូវអាកាសមុនពេលកាត់ពន្ធ បានកើនដល់ ១,៥៦៣ ពាន់លានដុង ពោលគឺកើនឡើង១៦% បើធៀបទៅនឹងឆ្នាំមុន។ ប្រាក់ចំណូលសរុបទាំងអស់ បានកើនដល់ ២៦,៣០១ ពាន់លានដុង ពោលគឺកើនឡើង ២៤% ហើយប្រាក់ចំណេញនៅមុនពេលកាត់ពន្ធ មានចំនួន ២,៣៩៨ ពាន់លានដុង កើនឡើងចំនួន ១១% បើធៀបនឹងឆ្នាំមុន៕
(អត្ថបទពាណិជ្ជកម្ម)