ក្រសួង​សាធារណការ គ្រោង​ធ្វើ​ផ្លូវ​ក្រវាត់ក្រុង​ទី​២ នៅ​សៀមរាប
ជាតិ
ក្រសួង​សាធារណការ គ្រោង​ធ្វើ​ផ្លូវ​ក្រវាត់ក្រុង​ទី​២ នៅ​សៀមរាប
17, Aug 2019 , 8:29 am        
រូបភាព
​សៀមរាប​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មាន​ផែនការ​សិក្សា​ផ្លូវ​ក្រវាត់ក្រុង​ទី​២​ក្នុង​ខេត្តសៀមរាប ស្របពេល​ចរាចរណ៍​កាន់តែ​ចង្អៀត​និង​មមាញឹក​ជា​លំដាប់​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​រដ្ឋមន្ត្រី​សាធារណការ លោក ស៊ុន ចាន់ថុល​។​

 
​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​ជួសជុល​ផ្លូវ​ពីរ​ខ្សែ​ក្នុង​ក្រុង​សៀមរាប​នៅ​ព្រឹក​ថ្ងៃទី​១៥ សីហា រដ្ឋមន្ត្រី​សាធារណការ បានបង្ហាញ​ពី​គម្រោង​អភិវឌ្ឍន៍​មួយចំនួន ដែល​ក្រសួង​បានរៀបចំ​ដើម្បី​កែប្រែ​មុខមាត់​ខេត្តសៀមរាប ដែលជា​គោលដៅ​ដ៏​សំខាន់​សម្រាប់​ភ្ញៀវទេសចរ​។ ក្នុងនោះ ផែនការ​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​២ ក៏ត្រូវ​បាន​លោក ស៊ុន ចាន់ថុល លើក​មក​និយាយ​ដែរ​។



គម្រោង​នេះ ត្រូវបាន​លោក​រដ្ឋមន្ត្រី​ពន្យល់ថា​កំពុង​សិក្សា​ក្នុង​បំណង​បញ្ចៀស​ចរាចរណ៍​ឡានធំៗ​មិន​ឱ្យចូល​ក្រុង​សៀមរាប​។ លោក ស៊ុន ចាន់ថុល មិនបាន​បញ្ជាក់​លម្អិត​ពី​ទីតាំង​នៃ​ការ​សាង់​ផ្លូវ​នេះ​នៅឡើយ តែ​លោក​ប៉ាន់​ស្មានថា ផ្លូវ​នេះ​មាន​ប្រវែង​ប្រហែល ៤៣​គីឡូម៉ែត្រ​។​


 
​ជាមួយគ្នា​នោះ លោក​រដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​ផែនការមេ​សំខាន់ៗ​ក្នុងការ​អភិវឌ្ឍ​ខេត្តសៀមរាប​ដែរ ដោយ​ក្នុងនោះ​រួមមាន គម្រោង​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់​ដែល​លោក​រដ្ឋមន្ត្រី​ថា មាន​ពិសោធន៍​ពី​ក្រុងព្រះសីហនុ ដែល​ការអភិវឌ្ឍ​លឿន​ហួស​ពី​ការ​ស្មាន​ដែល​ធ្វើឱ្យ​ការគ្រប់គ្រង​មាន​ភាពលំបាក​។ ក្រៅពីនេះ​មាន​គម្រោង​រំដោះ​ជំនន់​ទឹកភ្លៀង ការរៀបចំ​ប្រព័ន្ធ​រំដោះ​ទឹកជំនន់ និង​ផែនការ​ស្ដារ​ស្ទឹង​សៀមរាប​ជាដើម ដែល​លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ដើម្បី​សម្អាត​ស្ទឹង​ផង ក៏ដូចជា​ដើម្បី​ឱ្យមាន​លំហូរ​ទឹក​ផង​។​


 
​សូម​ស្ដាប់​សំឡេង​របស់​រដ្ឋមន្ត្រី​សាធារណការ និង​ដឹកជញ្ជូន​
 


 
​មានមតិ​ក្នុង​ពិធីបើកការដ្ឋាន​ជួសជុល​ផ្លូវ​ក្នុង​ក្រុង​សៀមរាប​នៅពេល​នោះដែរ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​អរគុណ​ដល់​ក្រសួង​សាធារណការ ដែល​បានគិត​គូរ​លើ​ការអភិវឌ្ឍ​ផ្លូវ​ក្នុង​ខេត្តសៀមរាប​។ លោក​អភិបាលខេត្ត​ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ យោគយល់​ចំពោះ​ផលប៉ះពាល់​នានា​អំឡុងពេល​កំពុង​ជួសជុល​នេះ និង​បើកបរ​ដោយ​ស្មារតី​ប្រុងប្រយ័ត្ន​ពេល​មាន​ផ្លូវ​ស្អាត ចៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​។​
 
​គួរ​បញ្ជាក់ថា ការដ្ឋាន​ជួសជុល​ផ្លូវ​២​ខ្សែ​ត្រូវបាន​បើក​ដំណើរការ​នៅ​ថ្ងៃទី​១៥ សីហា ដោយ​ក្នុងនោះ​រួមមាន ទី​១​ជួសជុល​ក្រាល​កៅស៊ូ​លើ​កំណាត់​ផ្លូវ 2SR3 (​ផ្លូវ​ក្រវាត់ក្រុង​) ប្រវែង ២២៣០​ម៉ែត្រ ចាប់ពី​ចំណុច​កែង​ផ្លូវជាតិ​លេខ​៦ ឆ្ពោះទៅ​ខាងត្បូង និង​ទី​២ កំណាត់​ផ្លូវ​ខ្នារ​ចាស់ ប្រវែង ៤៦០០​ម៉ែត្រ ចាប់ពី​ចំណុច​ផ្លូវ​ក្រវាត់ក្រុង​ឆ្ពោះទៅ​ផ្លូវ 265S ស្ថិតនៅ​សង្កាត់​ជ្រាវ ទៅដល់​ផ្លូវ​ស្វាយ​ធំ ស្ថិតក្នុង​ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង​៕
 
 

Tag:
 ផ្លូវ​ក្រវាត់ក្រុង​ទី​២​សៀមរាប​
  ស៊ុន ចាន់ថុល​
© រក្សាសិទ្ធិដោយ thmeythmey.com