ភ្នំពេញ៖ លោក ឆាយ សុផល គឺជាសាស្ត្រាចារ្យផ្នែកសារព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅមួយរូបផង។ មានវ័យ៥១ឆ្នាំទៅហើយ លោក ឆាយ សុផល កំពុងសិក្សាថ្នាក់បណ្ឌិតជំនាញវិទ្យាសាស្ត្រនយោបាយ នៅរាជបណ្ឌិត្យសភាកម្ពុជា។ បើតាមលោក ឆាយ សុផល ការរៀនឲ្យចប់ថ្នាក់បណ្ឌិត គឺជាក្តីបំណងរបស់លោក តាំងតែពីយុវវ័យ។ តើមានមូលហេតុអ្វីខ្លះ បានជាអ្នកកាសែតជើងចាស់រូបនេះ ចង់យកសញ្ញាបត្រថ្នាក់បណ្ឌិត?
ជាបន្តសូមអញ្ជើញស្តាប់បទសម្ភាសរវាង លោក រ៉ឹម ភារី អ្នកសារព័ត៌មាននៃគេហទំព័រថ្មីៗ ជាមួយ លោក ឆាយ សុផល ដូចតទៅ៖
«ការរៀនសូត្រ គឺមិនហួសពេលទេ ឲ្យតែមានការតាំងចិត្ត មានកម្លាំង និងលទ្ធភាព ព្រោះ ការសិក្សានឹងធ្វើឲ្យជីវិតរបស់យើងកាន់តែប្រសើរ»។ នេះជាការបរិយាយរបស់លោក ឆាយ សុផល ដែលកំពុងសិក្សាថ្នាក់បណ្ឌិតទាំងលោកមានវ័យ៥១ឆ្នាំទៅហើយ។ ដ្បិតមានវ័យចាស់បន្តិចមែន ប៉ុន្តែលោកនៅតែប្រាថ្នាយកសញ្ញាបត្រថ្នាក់បណ្ឌិត។ ទន្ទឹមគ្នានឹងការបង្រៀននៅសាកលវិទ្យល័យ លោកក៏ផ្តើមចូលរៀនថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ នៅរាជបណ្ឌិត្យកម្ពុជា បានរយៈពេលកន្លះឆ្នាំមកហើយ។
លោក ឆាយ សុផល បានបញ្ចប់បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេសនៅកម្ពុជា និងថ្នាក់អនុបណ្ឌិតផ្នែកសារព័ត៌មាននៅប្រទេសហ្វីលីពីន។ ក្រោយមកលោកបានធ្វើជាសាស្ត្រាចារ្យផ្នែកសារព័ត៌មាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បន្ទាប់ពីបង្រៀននិស្សិតអស់ពេលជាច្រើនឆ្នាំ រហូតមាននិស្សិតរបស់ខ្លួនមួយចំនួន សុទ្ធតែមានសញ្ញាបត្រថ្នាក់បណ្ឌិតទៅហើយនោះ លោកក៏កើតគំនិតចង់រៀនថ្នាក់បណ្ឌិតដែរ ដើម្បីឲ្យស្របតាមបរិបទសង្គម ដែលឲ្យតម្លៃលើអ្នកមានសញ្ញាបត្រខ្ពស់។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយសារខ្ញុំប្រឡូកក្នុងវិស័យអប់រំ ហើយខ្ញុំធ្វើដំណើរទៅក្រៅប្រទេសច្រើន ទាំងទៅស្តាប់គេ និងទៅធ្វើបទបង្ហាញផងដែរ បរទេស គេដាក់ Social Title ឬគេហៅថា ងារសង្គមរបស់គេ គេដាក់សុទ្ធតែបណ្ឌិត តែយើងគេដាក់ថា Mr.។ ពួកគេ ក៏ប្រកាន់ជំនាញ និងកម្រិតអប់រំរបស់គេដែរ។ សម្រាប់យើង គេដាក់ Mr. ដ្បិតមិនមានការរើសអើងមែន ប៉ុន្តែ គេមើលមកយើង យើងត្រឹមតែកម្រិត Mr. តែគេវិញមានកម្រិត Ph.D។ មួយទៀត ខ្ញុំបង្រៀននៅសាកលវិទ្យាល័យដល់ទៅពីរឯណោះ។ អ្នកដែលខ្ញុំបង្រៀន គឺមានរហូតដល់រាប់ម៉ឺននាក់។ និស្សិតរបស់ខ្ញុំកាលពីមុន ពួកគាត់មានកម្រិតថ្នាក់បាក់ឌុប ហើយមករៀនជាមួយខ្ញុំ នៅក្នុងចំណោមនៃនិស្សិតរាប់ម៉ឺននាក់នោះ ពួកគេទទួលបាន Ph.D តែខ្ញុំជាគ្រូ នៅតែកម្រិតគ្រូដដែល។ សម្រាប់ខ្ញុំ ខ្ញុំគិតថា ខ្ញុំគួរតែអភិវឌ្ឍន៍ខ្លួន»។
ជាកូនកំព្រាឪពុកតាំងពីអាយុ១២ឆ្នាំ បានធ្វើឲ្យជីវិត លោក ឆាយ សុផល ត្រូវហែលឆ្លងការលំបាកជាច្រើន ដូចជា លោកត្រូវស៊ីឈ្នួលបេះដូងឲ្យគេ រុញរទេះលក់ដូង លក់ដូរតាមចិញ្ចើមថ្នល់ និងធាក់ស៊ីក្លូជាដើម។ លោកត្រូវអាក់ខានក្នុងការសិក្សាជាបន្តបន្ទាប់ ដោយសាររវល់រកប្រាក់ចិញ្ចឹមម្តាយ និងក្រុមគ្រួសាររបស់លោក។ ឆ្លងកាត់ការតស៊ូជាច្រើនឆ្នាំ លោកបានរៀនចប់អនុបណ្ឌិត និងធ្វើការងារជាអ្នកកាសែត និងសាស្ត្រាចារ្យផ្នែកសារព័ត៌មាន ប៉ុន្តែ ជីវភាពរបស់លោកនៅតែខ្វះខាត។ ភាពខ្វះខាត និងរវល់ធ្វើការងារចិញ្ចឹមគ្រួសារនេះហើយ ទើបបំណងរៀនថ្នាក់បណ្ឌិតរបស់លោកក៏ត្រូវពន្យាពេលជាង១ទសវត្សរ៍។
បើតាម លោក ឆាយ សុផល ការសិក្សាថ្នាក់វិទ្យាសាស្ត្រនយោបាយនេះ លោកមិនមានបំណងធ្វើជាអ្នកនយោបាយនោះទេ។ ប៉ុន្តែ អ្នកកាសែតដែលបានសរសេរសៀវភៅជាច្រើនអំពីអ្នកនយោបាយរូបនេះ ចង់ត្រៀមខ្លួនចាប់ឱកាសធ្វើការងារទាក់ទងនឹងជំនាញនយោបាយនេះនៅថ្ងៃក្រោយទៀត។
សម្រាប់លោក ឆាយ សុផល ការសិក្សាថ្នាក់បណ្ឌិតទាំងវ័យចាស់នេះ លោកមិនមានអារម្មណ៍ខ្មាសអៀនអ្វីឡើយ។ ប៉ុន្តែ លោកបានរៀបរាប់ទាំងមោទកភាព ថា ដ្បិតមានវ័យចាស់បន្តិចមែន តែលោកមានការចងចាំល្អ ដែលអាចបន្តការសិក្សាថ្នាក់បណ្ឌិតបាន។ ការសិក្សាថ្នាក់បណ្ឌិតនេះ លោក ឆាយ សុផល ក៏ជួបប្រទះបញ្ហាតិចតួចដែរ ដូចជា លោកត្រូវប្តូរពីការជួបជុំគ្រួសារ ឬមិត្តភក្តិនៅពេលចុងសប្តាហ៍ មកអង្គុយរៀនក្នុងថ្នាក់ និងត្រូវគ្រប់គ្រងពេលវេលាឲ្យបានល្អ ខណៈលោកកំពុងធ្វើការងារជាច្រើន និងមានបន្ទុកចិញ្ចឹមប្រពន្ធកូនផងនោះ។
ទន្ទឹមគ្នានឹងការសិក្សាថ្នាក់បណ្ឌិត លោក ឆាយ សុផល ចង់ឲ្យយុវជន ដែលបោះបង់ការសិក្សា សូមកុំខ្មាសអៀន ទោះបីវ័យចាស់បន្តិចមែន ប៉ុន្តែសម្រាប់ការសិក្សា គឺមិនចេះហួសពេលឡើយ។ លោកពន្យល់ថា បើសិនអ្នកសិក្សាបានកម្រិតណា នោះការវិភាគរបស់អ្នកបានត្រឹមកម្រិតនោះ។ ដូច្នេះ បើអ្នកសិក្សាបានកាន់តែខ្ពស់ នោះអ្នកនឹងមានការវិភាគបានស៊ីជម្រៅ និងធ្វើឲ្យជីវិតរបស់អ្នកមានភាពល្អប្រសើរជាដរាប៕