ជាតិ
សង្គមជាតិ
ផ្ទុះចរន្តអគ្គិសនី ហើយក៏ផ្ទុះធុងហ្កាសក្នុងផ្ទះ បណ្តាលឲ្យរបួស១៧នាក់ រូបពីរដ្ឋបាលខេត្តឧត្តរមានជ័យ
× អគ្គិភ័យ ដែលបណ្តាលមកពីការផ្ទុះចរន្តអគ្គិសនី បានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីអធ្រាត្រម៉ោង១២កន្លះ ឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។ ក្រោយអគ្គិភ័យកើតឡើង ធុងហ្កាសនៅក្នុងផ្ទះ ក៏បានផ្ទុះ ដែលបណ្តាលប៉ើងទ្វារកញ្ចក់ និងបង្អួច។
គេហទំព័ររបស់រដ្ឋបាលខេត្តឧត្តរមានជ័យ សរសេរថា ការផ្ទុះធុងហ្កាសដ៏ខ្លាំងក្លានេះ បានធ្វើបណ្តាលឲ្យមនុស្ស១៧នាក់រងរបួស (ស្រី៤នាក់) ដោយក្នុងនោះ ១៥នាក់របួសស្រាល និង ២នាក់របួសធ្ងន់។ បើតាមរដ្ឋបាលខេត្តឧត្តរមានជ័យ នគរបាលស្រុក៤នាក់ ក៏រងរបួសដែរ ពេលពួកគាត់ ចុះទៅជួយពន្លត់អគ្គិភ័យ។
លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំងផ្ទាល់ ចុះទៅពន្លត់អគ្គិភ័យ។ ផ្ទះថ្ម១ខ្នង និងទ្រព្យសម្បត្តិមួយចំនួន បានរងការខូចខាតដោយសារអគ្គិភ័យនេះ។
កម្លាំងសមត្ថកិច្ច ប្រើរថយន្តពន្លត់អគ្គិភ័យ៥គ្រឿង និង ម៉ូតូដឹកទឹកជាច្រើនគ្រឿង ក្នុងការបាញ់ពន្លត់ រហូតដល់ម៉ោង៥ព្រឹក ទើបរលត់៕
© រក្សាសិទ្ធិដោយ thmeythmey.com