ជាតិ
លោក ផៃ ស៊ី​ផាន​៖ បើ​យើង​រំឭក​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដូចជា​បើកដៃ​ឱ្យ​បរទេស​ត្រួតត្រា​យើង​
16, Aug 2019 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ ការគោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គឺជា​ការ​បើកដៃ​ឱ្យ​បរទេស​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ប៉ុណ្ណោះ​។ នេះ​ជាការ​លើកឡើង​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល តប​ទៅនឹង​មតិ​សាធារណៈជន ដែល​រិះគន់ថា ការ​លុប​ថ្ងៃ​ទិវា​រំឭក​ខួប​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា និង​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ ចេញពី​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ បង្ហាញ​ពី​បំណង​រឹតត្បិត​សិទ្ធិសេរីភាព​របស់​ពល​រដ្ឋ​។​

 
​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន បាន​និយាយថា ការ​លុប​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​មួយចំនួន មក​សល់​ត្រឹម​២២​ថ្ងៃនេះ គឺ​ក្នុង​គោលបំណង​សម្រួល​ដល់​ការរកស៊ី​របស់​វិនិយោគិន និង​ទាក់ទាញ​ការវិនិយោគ​បន្ថែម​ពី​បរទេស​ប៉ុណ្ណោះ​។ ដូច្នេះ​ការ​លុប​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ ដែល​រួមមាន​ទិវា​រំឭក​ខួប​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា និង​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ ផង​នោះ ត្រូវបាន​លោក ផៃ ស៊ី​ផាន អះអាងថា រដ្ឋាភិបាល​គ្មាន​បំណង​រឹតត្បិត​សិទ្ធិសេរីភាព​របស់​ពល​រដ្ឋ​នោះទេ​។​

**audo1**

 
​អះអាង​បែបនេះហើយ លោក ផៃ ស៊ី​ផាន បាន​និយាយ​បែប​ផ្លែផ្កា​វិញ​ថា ការ​រំឭក ឬ​ឱ្យ​តម្លៃ​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ខ្លាំង​នោះ វា​គឺ​ជាការ​បើកដៃ​ចំហរ​ឱ្យ​បរទេស​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ប៉ុណ្ណោះ​។ ថ្លែង​ក្នុង​សន្និសីទកាសែត ស្តីពី​«​ស្ថានភាព​ទឹកជំនន់​» និង​«​ការកាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​» កាលពី​ថ្ងៃទី​១៥ សីហា អ្នកនាំពាក្យ​រដ្ឋាភិបាល​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ចង់​ជម្រាបជូន​សកម្មជន​ទាំងឡាយ ក៏ដូចជា​អង្គការក្រៅរដ្ឋាភិបាល គាត់​យក ឬ​ប្រើប្រាស់​ទិវា​កិច្ចព្រមព្រៀង​សន្តិភាព គឺជា​អំពាវនាវ​ហៅ​បរទេស​មក​ជ្រៀតជ្រែក​នៅក្នុង​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​ប៉ុណ្ណោះ គ្មានអ្វី​ក្រៅពី​ហ្នឹង​។ គាត់​ចង់យក​បរទេស​មក ដើម្បី​ពង្រឹង​អំណាច​របស់គាត់​តែ​ប៉ុណ្ណឹង​ឯង​។ ប៉ុន្តែ​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល គឺ​ចង់​ពង្រឹង​អំណាច​មហាជន​របស់​យើង ក្នុង​កិច្ច​សម្រេច​ជោគវាសនា​របស់លោក​។ ដូច្នេះ​ចំណុច​ពីរ​នេះ យើង​គិត​ខុសគ្នា គឺ​យើង​អត់ឱ្យ​តម្លៃ​លើ​បរទេស​នោះទេ​»​។​
 
​កន្លងមក​លោក ស៊ឹង សែន​ករុណា មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក បាន​និយាយថា កម្ពុជា​កំពុងតែ​ដើរ​ផ្ទុយ​ពី​គោលការណ៍​សិទ្ធិមនុស្ស និង​ប្រជា​ធិ​ប​តេ​ត្យ ខណៈ​កម្ពុជា ក៏​ជា​រដ្ឋ​នៃ​សមាជិក​នៃ​អង្គការសហប្រជាជាតិ ដែល​ព្រម​ទទួលយក​សច្ចា​ប័ណ្ណ​លើ​អនុសញ្ញា​ផ្សេងៗ​ផងដែរ​។ ក្នុងន័យនេះ​លោក ករុណា សំដៅលើ​ការលុបចោល​ថ្ងៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ដែល​លោក​យល់ឃើញថា រដ្ឋាភិបាល​ហាក់​បង្ហាញ​ពី​ជំហរ​គ្មាន​ឆន្ទៈ លើកកម្ពស់​សិទ្ធិ​មុ​ស្ស និង​ប្រជាធិបតេយ្យ​ក្នុងសង្គម​បន្តទៀត​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ មន្ត្រីជាន់ខ្ពស់​សមាគម​អាដហុក​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​យើង​មានការ​បារម្ភ និង​សោកស្ដាយ​ណាស់ ដោយ​មិនដឹងថា តើ​កម្ពុជា​យើង​ទៅមុខទៀត​បន្ត​ដើរ​លើផ្លូវ​បែបណា​ឱ្យបាន​ច្បាស់លាស់​នោះទេ​។ ទាំង​ខ្ញុំ និង​សកម្មជន​សិទ្ធិមនុស្ស​ផ្សេងៗ​ទៀត កំពុងមាន​ការព្រួយបារម្ភ និង​កំពុង​យកចិត្តទុកដាក់​តាមដាន​ទៅលើ​ការគោរព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​»​។ 
 
​លោក អំ សំអាត នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ បាន​និយាយថា កម្ពុ​ជាមាន​ភាពល្អប្រសើ​រ​ដូច​សព្វថ្ងៃនេះ គឺ​ដោយសារ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ដែល​ធ្វើ​ឲ្យ​ខ្មែរ​គ្រប់ភាគី​ត្រូវរ៉ូវ​គ្នា និង​បញ្ចប់​សង្គ្រាមស៊ីវិល​។​
 
អត្ថបទទាក់ទង
 
​តែ​យ៉ាងណា​លោក ផៃ ស៊ី​ផាន អះអាងថា កម្ពុជា​មិនចាំបាច់​អ្វី​ត្រូវគោរព ឬ​រំឭក​កិច្ចព្រមព្រៀង​សន្តិភាព​នៃ​ទីក្រុង​ប៉ារីស​រហូត​នោះទេ ព្រោះ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ដាក់បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​អស់​ទៅហើយ​។ «​បើ​យើង​រំឭក​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បានសេចក្តីថា ជាការ​បើកចំហរ​អញ្ជើញ​បរទេស​មក​ត្រួតត្រា​យើង​។ នេះ​ចំពោះ​រូបខ្ញុំ​ផ្ទាល់​។ ក៏ប៉ុន្តែ​បើ​យើង​រំឭក​នូវ​ទិវា​រដ្ឋធម្មនុញ្ញ​របស់​ក​ម្ពុ​ជា យើង​អាច​ជជែក​គ្នា​បាន​ថា តើ​ធ្វើ​យ៉ាងម៉េច​ដើម្បីឱ្យ​ប្រទេស​យើង​ជឿនលឿន​តទៅទៀត​? រក្សា​សន្តិភាព ស្ថិរភាព​ឱ្យបាន​មាំ​តទៅទៀត​។

ហើយ​យើង​ធ្វើ​យ៉ាងម៉េច​ឱ្យមាន​ច្បាប់​មួយ ដែល​ការពារ​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​កម្ពុជា ឱ្យ​ផុត​ចាក​ពី​ការជិះជាន់​ពី​មន្ត្រី​អាក្រក់​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល ដែល​បាន​បន្ថែមថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គ្រាន់តែ​ជា​រូបភាព​អន្តរកាល​មួយ ដែល​ជួយ​សម្របសម្រួល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ឈប់​ឈ្លោះ​គ្នា​ប៉ុណ្ណោះ ប៉ុន្តែ​ការឯកភាព​ជាតិ​ជា​ផ្លូវការ​នោះ វា​ស្ថិតនៅក្រោម​រដ្ឋធម្មនុញ្ញ​កម្ពុជា​។​
 
​ទាក់ទង​ថ្ងៃ​ឈប់សម្រាក​ទាំងនេះ លោក ប៊ូ ជុំ​សេរី អនុប្រធាន​នៃ​គណៈ​កម្ម​ធិ​ការ​ជាតិ​រៀបចំ​បុណ្យជាតិ​និង​អន្តរជាតិ បាន​ពន្យល់ថា ការ​ប្រារព្ធ​ទិវា​នានា នៅ​ថ្ងៃ​សំខាន់​នេះ គឺ​នៅតែ​ប្រព្រឹត្តទៅ​ជាធម្មតា ប៉ុន្តែ​គ្រាន់តែ​មិនមាន​ការឈប់​សម្រាក​ជា​ផ្លូវការ​ដូច​កន្លងមក​ប៉ុណ្ណោះ​។ បើតាម​លោក សេរី មូលហេតុ​ដែល​កម្ពុ​ជាកា​ត់​បន្ថយ​ថ្ងៃ​ឈប់សម្រាក​នេះ ដើម្បី​កុំឱ្យ​ប៉ៈ​ពាល់​ដល់​ចង្វាក់​ការងារ​រ​រកស៊ី របស់​វិនិយោគិន​នៅ​កម្ពុជា​៕
 

Tag:
 ​ផៃ ស៊ី​ផាន​
  កិច្ចព្រមព្រៀង​ប៉ារីស​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com