ជាតិ
ភាពយន្ត​«​តន្ត្រី​ជីវិត​» ត្រូវបាន​ជ្រើសរើស​ទៅ​ប្រកួត​ពាន​អូ​ស្ការ​សម្រាប់ ឆ្នាំ​២០២០
16, Aug 2019 , 6:08 pm        
រូបភាព
គណៈកម្មាធិការអូស្ការ​កម្ពុជា
គណៈកម្មាធិការអូស្ការ​កម្ពុជា
​ភ្នំពេញ​៖ ភាពយន្ត​«​តន្ត្រី​ជីវិត​» ដែល​បង្ហាញ​៣​សម័យកាល គឺ​សម័យមុន​សង្គ្រាម សម័យ​ប៉ុលពត និង​សម័យ​ក្រោយ​សង្គ្រាម បាន​ជាប់​ក្នុង​ជម្រើស​តំណាងឱ្យ​កម្ពុជា ដើម្បី​ទៅ​ប្រកួតប្រជែង​ពានរង្វាន់​អូ​ស្ការ​លើក​ទី​៩២​។ ភាពយន្ត​នេះ និពន្ធ និង​ដឹកនាំ​ដោយ​អ្នកស្រី ខេ​លី សូ រួមទាំង​លោក សុខ វិសាល ដែលជា​ដៃគូ​ដឹកនាំ​។​


 
«​តន្ត្រី​ជីវិត​» គឺជា​រឿង​ជំនាន់​ក្រោយ​ដ៏​មាន​ឥទ្ធិពល​មួយ ដោយនិយាយ​ពី ស្នេហា សង្គ្រាម និង​ទំនាក់ទំនង​គ្រួសារ អម​ជា​មូ​យ​បទ​ចម្រៀង​«​ចម្ប៉ា​បាត់ដំបង​» ដែលជា​ចម្រៀង​ដ៏​ល្បីល្បាញ ច្រៀង និង​និពន្ធ​ដោយ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត​។ ក្នុង​សាច់រឿង​បានបង្ហាញ​ពី​ជីវិត​ប្រជាជន​កម្ពុជា ក្នុង​៣​សម័យកាល​ផ្សេងគ្នា ដែល​ត្រូវបាន​ផ្លាស់ប្ដូរ​ដោយសារ​របប​ខ្មែរក្រហម​។ 
​សាច់រឿង​ក្នុង​ភាពយន្ត​នេះ ដកស្រង់​ចេញពី​ដំណើរ​ជីវិត​របស់​ប្រជាជន​កម្ពុជា ដែល​បាន​ឆ្លងកាត់​សម័យ​សង្គ្រាម រួមទាំង​ការចងចាំ​របស់​ពួកគេ​។​«​តន្ត្រី​ជីវិត​» ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​សេចក្ដី​រីករាយ និង​ក្ដីសង្ឃឹម នៅ​ចំណុច​ផ្ដើម​នៃ​រឿង​។ ចំណែក​ផ្នែក​កណ្ដាល បង្ហាញ​ពី​ភាព​ក្រៀមក្រំ​និង​ទុក្ខសោក ហើយ​ទីបញ្ចប់ និយាយ​ពី​ភាព​តស៊ូ និង​ប្តេជ្ញាចិត្ត ឆ្ពោះទៅមុខ​របស់​ប្រជាជន​ខ្មែរ ដោយ​មិន​បំភ្លេច​ពីអ្វី ដែល​បាន​កើតឡើង​ក្នុង​អតីតកាល​។


គណៈកម្មាធិការអូស្ការ​កម្ពុជា
 
​អ្នកស្រី ខេ​លី សូ អ្នកនិពន្ធ និង​ដឹកនាំ​រឿង​«​តន្ត្រី​ជីវិត​» បាន​និយាយថា ទោះបី​តន្ត្រី​បាន​ឆ្លងកាត់​ឧបសគ្គ​ច្រើន​យ៉ាងណាក្ដី ប៉ុន្តែ​តន្ត្រី​នៅតែ​អាច​ផ្សារភ្ជាប់​ជាមួយ​មនុស្ស​ឡើងវិញ​បាន​។ អ្នកស្រី​បញ្ជាក់​បន្ថែមថា​៖«​រឿងរ៉ាវ​របស់​ប្រជាជន​កម្ពុជា មិនគួរ​ត្រូវ​បានកំណត់ ត្រឹមតែ​វាលពិឃាត នៃ​របប​ខ្មែរក្រហម​ប៉ុណ្ណោះ​ទេ​»​។​
 
​ចំណែក​លោក សុខ វិសាល ដែលជា​ដៃគូ​ដឹកនាំ​រឿង ក៏បាន​លើកឡើងថា តន្ត្រី​តែងមាន​តួនាទី​យ៉ាងសំខាន់​ក្នុងសង្គម​កម្ពុជា​។ លោ​កថា​ភាពយន្ត​នេះ ពិតជា​និយាយ​ពី​អំពី​ព្រលឹង​របស់​ប្រជាជន​ខ្មែរ ដែល​បាន​ឆ្លងកាត់​ពេលវេលា​អស់​រយៈពេល​៤០ឆ្នាំ ​កន្លងមក​។ លោក​បញ្ជាក់​ដូច្នេះ​៖«​គ្រប់គ្នា និយាយថា តន្ត្រី​គឺជា​ព្រលឹង​របស់​កម្ពុជា​។ ហើយ​ខ្ញុំ​គិតថា ភាពយន្ត​នេះ ពិតជា​
និយាយ​ពី​ព្រលឹង​របស់​ប្រជាជន​ខ្មែរ​។ «​តន្ត្រី​ជីវិត​» ដូចជា​បទ​ចម្រៀង​មួយ​បទ ដែល​និយាយ​ពី​អ្វីដែល​ប្រជាជន​កម្ពុជា បាន​ឆ្លងកាត់ ទាំង​សេចក្ដី​រីករាយ ទុក្ខសោក និង​ក្ដីសង្ឃឹម​»​។ 


 
​សម្រាប់​អ្នកស្រី Marian Arthur ប្រធាន COSC ឆ្នាំនេះ មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ សម្រាប់​សមាជិក​គណៈកម្មាធិកា​រ​ជ្រើសរើស​ភាពយន្ត ដើម្បី​តំណាង​កម្ពុជា យកទៅ​ប្រកួត​ពានរង្វាន់​អូ​ស្ការ​។ ដោយ​ភាពយន្ត​២​រឿង ត្រូវបាន​បោះឆ្នោត ជា​រឿង​ដែល​សក្ដិសម ក្នុងការ​តំណាងឱ្យ​កម្ពុជា ដើម្បី​ប្រកួតប្រជែង​គឺ​«​តន្ត្រី​ជីវិត​»​និពន្ធ​និង​ដឹកនាំ​ដោយ​អ្នកស្រី ខេ​លី សូ និង​លោក វិសាល​និង​រឿង​«​បោកចំបាប់​» ដឹកនាំ​ដោយ​លោក ម៉ា​នី​ស សា​មា​។ 
 
​អ្នកស្រី​បញ្ជាក់បន្ថែម​ដូច្នេះ​៖«​យើង​ទទួលស្គាល់ថា ភាពយន្ត​ទាំង​ទាំង​២​នេះ មាន​ភាព​សក្តិសម​ដើម្បី​តំណាងឱ្យ​ប្រ​ទស​កម្ពុជា ប៉ុន្តែ​យើង​អា​ចប​ញ្ជូ​ល​បាន ត្រឹមតែ​ភាពយន្ត​ចំនួន​១ តែប៉ុណ្ណោះ​»​។​
 
​ជា​រៀងរាល់ឆ្នាំ ពានរង្វាន់​អូ​ស្ការ ត្រូវបាន​រៀបចំឡើង​ដោយ Academy of Motion Picture Arts & Sciences នៅ​ហូលីវូដ​។ ប្រទេស​នីមួយៗ អាច​បញ្ជូន​ភាពយន្ត​បានតែ​មួយ សម្រាប់​ភាពយន្ត ដែលមាន​លក្ខណៈ​អន្តរជាតិ​ល្អ​បំផុត ហើយ​មានតែ​ស្ថាន​ប័ន ដែល​ទទួលបាន​ការអនុញ្ញាត​ប៉ុណ្ណោះ ទើប​អាច​ជ្រើសរើស ការដាក់​ស្នើ​ខ្សែភាពយន្ត​បាន​។


 
​ដើម្បីឱ្យ​ភាពយន្ត​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ តម្រូវការ​ដ៏​ចាំបាច់​មួយ ក្នុងចំណោម​តម្រូវការ​ផ្សេងៗ​ទៀត គឺ​ភាពយន្ត​នីមួយៗ ត្រូវតែ​បាន​ចាក់​ប​ញ្ជាំ​ង​ក្នុងប្រទេស​កម្ពុជា នៅ​ចន្លោះ​ថ្ងៃទី​១​តុលា ដល់​ថ្ងៃទី​៣០ ខែកក្កដា នៃ​ឆ្នាំ​នីមួយៗ​។ ពិធី​ប្រគល់​ពានរង្វាន់​អូ​ស្ការ គ្រោង​ធ្វើ​នៅ​ថ្ងៃអាទិត្យ ទី​៩ ខែ​កម្ភៈ ឆ្នាំ​២០២០ និង​មានការ​ផ្សាយ​ផ្ទាល់​នៅ​ប្រទេស​កម្ពុជា នា​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១០​ខែកុម្ភៈ​ឆ្នាំ​២០២០៕ 
 

Tag:
 ភាពយន្ត​
  សិល្បៈ​
  អូ​ស្ការ​
  ពាន​
  សុខ វិសាល​
  ខេ​លី សូ
© រក្សាសិទ្ធិដោយ thmeythmey.com