ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្សុី ប្រកាសផ្លូវការ មកកម្ពុជា «នៅថ្ងៃ៩វិច្ឆិកា»
16, Aug 2019 , 6:37 pm        
រូបភាព
លោក សម រង្សុី និង លោក កឹម សុខា ជួបក្រុមបាតុករ នៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៣ (រូបពី AFP)
លោក សម រង្សុី និង លោក កឹម សុខា ជួបក្រុមបាតុករ នៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៣ (រូបពី AFP)
លោក សម រង្សុី និង ថ្នាក់ដឹកនាំប្រឆាំង នឹងវិលមកកម្ពុជា «នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលផ្សព្វផ្សាយពីក្រៅប្រទេសមក នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។



សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ការកំណត់កាលបរិច្ឆេទនៃការវិលត្រឡប់របស់លោក សម រង្សុី  គឺធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការអចិន្រ្តៃយ៍នៃអតីតគណបក្សប្រឆាំង បើកកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី១៦ ខែសីហានេះ។ ការធ្វើមាតុភូមិនិវត្តរបស់ក្រុមអ្នកប្រឆាំង នៅថ្ងៃទី៩ ខែវិច្ឆិកា គឺចំថ្ងៃបុណ្យឯករាជ្យជាតិលើកទី៦៦។  

លោក សម រង្សុី បានយកសេចក្តីប្រកាសព័ត៌មាននោះ ទៅបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក។ នៅថ្ងៃទី១៦ ខែសីហានេះ លោក សម  រង្សុី បានទៅដល់ប្រទេសម៉ាឡេស៊ី ដើម្បីជួបជុំអ្នកគាំទ្ររបស់លោក។ បន្ទាប់មក លោក នឹងបន្តទៅបណ្តាប្រទេសមួយចំនួនទៀត ដូចជា អូស្រ្តាលី និង ញូហ្សេឡែន ជាដើម។ បេសកកម្មនេះ គឺដើម្បីបំផុសបំផុលអ្នកគាំទ្រឲ្យមកកម្ពុជាជាមួយលោក។

លោក សម  រង្សុី អះអាងកន្លងមកថា ប្រជាពលរដ្ឋខ្មែរនៅតាមបណ្តាប្រទេសនានា នឹងមកជាមួយលោក ហើយប្រជាពលរដ្ឋនៅក្នុងស្រុក ត្រៀមចាំទទួល។ លើសពីនេះ លោក ក៏ធ្លាប់ប្រកាសដែរថា មានអ្នកនយោបាយ និង ឥស្សរជនបរទេស នឹងចូលរួមក្នុងដំណើរមាតុភូមិនិវត្តនេះ។ 

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានថា «គុកនិងខ្នោះ» ត្រៀមសម្រាប់លោក សម រង្សុី រួចហើយ។ ចំណែក អគ្គស្នងការដ្ឋាននគរបាលជាតិ និង កងយោធពលខេមរភូមិន្ទ ដាក់កម្លាំងរួមគ្នា នៅតាមច្រកព្រំដែននានា ដើម្បីចាំចាប់លោក សម រង្សុី ពេលមកដល់កម្ពុជា៕ 

អត្ថបទទាក់ទង




Tag:
 សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com