ជាតិ
តំបន់ការពារទេសភាព​អន្លង់​ព្រីង ត្រូវបាន​ទទួលស្គាល់​ជា​តំបន់​នៃ​បណ្តាញ​ផ្លូវ​ហោះហើរ​សត្វ​ស្លាប​អាស៊ី​ខាងកើត​-​អូស្ត្រាលី​
18, Aug 2019 , 7:59 am        
រូបភាព
រូបភាពីទំព័រហ្វេសប៊ុក BirdLife International Cambodia Programme
រូបភាពីទំព័រហ្វេសប៊ុក BirdLife International Cambodia Programme
​ភ្នំពេញ​៖ តំបន់ការពារទេសភាព​អន្លង់​ព្រីង ត្រូវបាន​ទទួលស្គាល់​ជា​តំបន់ នៃ​បណ្តាញ​ផ្លូវ​ហោះហើរ​សត្វ​ស្លាប​អាស៊ី​ខាងកើត​-​អូស្ត្រាលី ដោយ​ខា​ធិ​ការដ្ឋាន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ នៃ​ភាពជា​ដៃគូ​ផ្លូវ​ហោះហើរ​សត្វ​ស្លាប​អាស៊ី​ខាងកើត​-​អូស្ត្រាលី កាលពី​ថ្ងៃទី​៧ សីហា​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​។

 
​លោក ស្រី ស៊ុន​លាង ប្រធាន​នាយកដ្ឋាន​អភិរក្ស​តំបន់ដីសើម​ទឹកសាប​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ​ក្រសួងបរិស្ថាន បានបញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​ថា ការអភិរក្ស​សត្វ​ស្លាប​ទេសន្តរប្រវេសន៍ គឺ​ទាមទារ​ឱ្យមាន​ការចូល​រួមការ​ពារ​តំបន់ដីសើម​សំខាន់ៗ ដែលជា​ជម្រក​ពង​កូន ទីសំចត និង​ទីតាំង​រក​ចំណី ពី​បណ្តា​ប្រទេស​ទាំងអស់​ក្នុង​ផ្លូវ​ហោះហើរ​របស់​ពួកវា​។ 


 រូបភាពីទំព័រហ្វេសប៊ុក BirdLife International Cambodia Programme
 
​លោក ប៊ូ វរ​សក្ស នាយក​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ការទទួលស្គាល់​នេះ នឹង​ជួយ​ជំរុញ​កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ទៅ​ទស្សនា​តំបន់​នេះ ជាពិសេស​គឺ​បង្កើន​ចំណូល​ក្នុង​សហគមន៍​។ ទន្ទឹមនឹងនេះ លោក ប៊ូ វរ​សក្ស បាន​ជំរុញ​ឲ្យ​បណ្ដាញ​អង្គការ និង​អាជ្ញាធរ​ពាក់ព័ន្ធ ចូលរួម​អភិរក្ស​តំបន់ការពារទេសភាព​អន្លង់​ព្រីង និង​ប្រើប្រាស់​ធនធាន​តំបន់ដីសើម​នេះ ប្រកបដោយ​និរន្តរភាព​។ 
 
​សូមជម្រាបថា តំបន់ការពារទេសភាព​អន្លង់​ព្រីង មាន​ទំហំ​២១៧​ហិកតា ស្ថិតនៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត បង្កើតឡើង កាលពី​ថ្ងៃទី​៩ សីហា ឆ្នាំ​២០១៦​។ តំបន់​នេះ មាន​សត្វ​ស្លាប​ប្រមាណ​១០០​ប្រភេទ ហើយក៏​ជា​ប្រភព​ចំណី​សម្រាប់​សត្វ​ស្លាប​ទេសន្តរប្រវេសន៍​ជាច្រើន​ផងដែរ ពិសេស​សត្វ​ក្រៀល សត្វ​ខ្វែក​សមុទ្រ​ស្លាប​ឆ្នូត​ស ទាព្រៃ​ក្បាល​ឆ្នូត​ស​ជាដើម​។ នៅ​អំឡុង​ខែធ្នូ សត្វ​ស្លាប​បាន​ហើរ​ទៅ​តំបន់​អន្លង់​ព្រីង ដើម្បី​រក​ចំណី ហើយ​នៅ​ដើមខែ​ឧសភា សត្វ​ស្លាប​ទេសន្តរប្រវេសន៍​ទាំងនោះ នឹង​ផ្លាស់​ទី​ទៅកាន់​ទីតាំង​ពង​កូន ដើម្បី​បន្ត​ពូជ​។​


 រូបភាពីទំព័រហ្វេសប៊ុក BirdLife International Cambodia Programme
 
​ផ្លូវ​ហោះហើរ​សត្វ​ស្លាប គឺជា​ពាក្យ​ដែល​ប្រើ​សម្រាប់​បង្ហាញ​ពី​តំបន់​ភូមិសាស្ត្រ​មួយ ដែល​សត្វ​ស្លាប​ទេសន្តរប្រវេសន៍​ជាច្រើន​ផ្លាស់​ទី ពី​ជម្រក​ពង​កូន ទៅ​ទីសំចត និង​ទីតាំង​ស្វែ​ករក​ចំណី​ក្នុង​រដូវ​ពេល​ជាក់លាក់​មួយ​ជាប្រចាំ​ឆ្នាំ​របស់​ពួកវា​។ បច្ចុប្បន្ន​នៅលើ​ពិភពលោក​មាន​ផ្លូវ​ហោះហើរ​ចំនួន ៩ ហើយ​ប្រទេស​កម្ពុជា មាន​ទីតាំង​ស្ថិតនៅក្នុង​ផ្លូវ​ហោះហើរ​អាស៊ី​ខាងកើត​-​អូស្ត្រាលី និង​បាន​ចូល​ជា​សមាជិក នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ នៃ​ភាពជា​ដៃគូ​ផ្លូវ​ហោះហើរ​សត្វ​ស្លាប​អាស៊ី​ខាងកើត​-​អូស្ត្រាលី ចាប់តាំងពី​ឆ្នាំ​២០០៧​មកម្ល៉េះ​។​
 
​សមាជិក​របស់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៃ​ភាពជា​ដៃគូ​ផ្លូវ​ហោះហើរ​សត្វ​ស្លាប​អាស៊ី​ខាងកើត​-​អូស្ត្រាលី គឺមាន​កាតព្វកិច្ច​ក្នុង​ការដាក់​តំបន់ដីសើម ដែលមាន​សារៈសំខាន់​ដល់​សត្វ​ស្លាប​ទេសន្តរប្រវេសន៍ ជា​តំបន់​នៃ​បណ្តាញ​ផ្លូវ​ហោះហើរ​សត្វ​ស្លាប​អាស៊ី ខាងកើត​-​អូស្ត្រាលី​។ តំបន់​ទាំងនោះ ត្រូវបាន​ជ្រើសរើស​ដោយ​វិនិច្ឆ័យ​ទៅលើ​សារៈសំខាន់ នៃ​កត្តា​ជីវៈចម្រុះ និង​មុខងារ​អេកូឡូស៊ី ជាពិសេស​ផ្តល់​ជាទី​ជម្រក​ដ៏​សំខាន់ ដល់​សត្វ​ស្លាប​ទេសន្តរប្រវេសន៍ ក្នុង​វដ្ត​ជីវិត​របស់​ពួកវា​។ បច្ចុប្បន្ន​តំបន់ដីសើម​សំខាន់ៗ ដែល​បានដាក់​បញ្ចូល​ជា​តំបន់​នៃ​បណ្តាញ​ផ្លូវ​ហោះហើរ​សត្វ​ស្លាប​អាស៊ី​ខាងកើត​-​អូស្ត្រាលី មាន​ចំនួន ១៤៤ កន្លែង ដែល​បង្កើតបានជា​បណ្តា​ញ​ដ៏​ធំ​មួយ​ក្នុង ការអភិរក្ស​សត្វ​ស្លាប​ទេសន្តរប្រវេសន៍ និង​ទីជម្រក​របស់​ពួកវា​៕
 
 

Tag:
 ​កំពត​
  អន្លង់​ព្រីង​
 ​សត្វ​ស្លាប​
© រក្សាសិទ្ធិដោយ thmeythmey.com