ដោយ៖ ឈួន ឈីវអ៊ីង
ឥណ្ឌាបានទាត់ចោលរបាយការណ៍ដែលលើកឡើងដោយប៉ាគីស្ថានកាលពីថ្ងៃព្រហស្បតិ៍ថា ទាហានឥណ្ឌាប្រាំនាក់បានស្លាប់ដោយសារការបាញ់ប្រហារនៅតាមបន្ទាត់ព្រំដែនជាមួយឥណ្ឌាដែលកំពុងបន្តភាពចម្រូងចម្រាសរវាងគ្នាសប្តាហ៍នេះ។
ស្ថានភាពនៅតាមបន្ទាត់ព្រំដែនឥណ្ឌា និងប៉ាគីស្ថាននៅបន្តកើនកម្តៅ ដោយសារការប៉ះទង្គិចគ្នារវាងកងទ័ពទាំងពីរ។ ឥណ្ឌានិងប៉ាគីស្ថានអះអាងផ្សេងគ្នាជុំវិញករណីទាហានស្លាប់ដោយសារការប៉ះទង្គិចគ្នានេះដែរ។
អ្នកនាំពាក្យនៃកងកម្លាំងប្រដាប់អាវុធប៉ាគីស្ថាន លោកឧត្តមសេនីយ៍ Asif Ghafoor បានសរសេរនៅលើគណនី Twitter ផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ថា ទាហានប៉ាគីស្ថានតែបីនាក់បានស្លាប់ ខណៈទាហានឥណ្ឌាប្រាំនាក់ឯណោះស្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាតាមព្រំដែន។
យ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មាន Reuters ស្រង់សម្តីអ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធឥណ្ឌាបដិសេធលើសេចក្តីថ្លែងការណ៍របស់ប៉ាគីស្ថាន ដោយអះអាងថា គ្មានអ្នកស្លាប់ និងរបួសនោះក្នុងការប៉ះទង្គិចទេ។
ឥណ្ឌាអះអាងទៀតថា ភាគីប៉ាគីស្ថានបានបំពានបទឈប់បាញ់រវាងប្រទេសទាំងពីរក្នុងតំបន់យោធាដែលស្ថិតក្រោមការគ្រប់គ្រងដោយខ្លួនទើបបង្កើតបញ្ហាឡើង។
តាមពិតទៅ ស្ថានភាពនៅតំបន់ខាងលើតានតឹងឡើង ដោយឥណ្ឌាបានពង្រាយកងទ័ពរាប់ពាន់នាក់បន្ថែមទៀត និងចាប់ខ្លួនមេដឹកនាំនយោបាយនៅកាស្មៀរដែលខ្លួនគ្រប់គ្រងថែមទៀត។
វាក៏មានការចោទប្រកាន់ដែរថា ឥណ្ឌាបានរារាំងសិទ្ធិប្រជាជនមូស្លីមនៅរដ្ឋកាស្មៀរ ដែលបានអនុញ្ញាតឲ្យអ្នកចំណូលថ្មីទិញទ្រព្យសម្បត្តិនៅទីនោះ។ ចំណែកបណ្តាញទូរស័ព្ទ, ប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញទូរទស្សន៍ត្រូវបានរឹតត្បិតដោយអាជ្ញាធរឥណ្ឌាថែមទៀតផង។
របាយការណ៍ពី Muzaffarabad ក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយប៉ាគីស្ថានបានបង្ហាញថា ភាពតានតឹងនៅតែមានខ្ពស់នៅតាមព្រំដែននេះ ហើយការប៉ះទង្គិចគ្នាក៏បានបណ្តាលឲ្យមានការខូចខាតដល់ផ្ទះសម្បែងប្រជាជននៅតំបន់នោះផង។
ប្រជាជននៅតាមភូមិខ្លះក៏បានរៀបរាប់ប្រាប់ពីទុក្ខលំបាកយ៉ាងខ្លាំងដែលគេកំពុងជួបប្រទះ ហើយការរស់នៅក៏ស្ថិតនៅក្រោមការភ័យខ្លាចជារៀងរាល់ថ្ងៃផង។
កាលពីថ្ងៃពុធកន្លងទៅ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan ក៏បានថ្លែងដែរថា លោកបានសន្យាតស៊ូរហូតដល់ទីបញ្ចប់ប្រឆាំងនឹងការឈ្លានពានរបស់ឥណ្ឌាលើទឹកដីកាស្មៀរ។
នាយករដ្ឋមន្ត្រីរូបនេះ ក៏បានប្រៀបធៀបសកម្មភាពរបស់ឥណ្ឌានៅកាស្មៀរ ទៅនឹងអំពើទាំងឡាយណារបស់ក្រុមណាស៊ីអាល្លឺម៉ង់ ដោយចោទថា វាជាការបោសសម្អាតជនជាតិភាគតិច។
លោកក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យចាត់វិធានការក្នុងរឿងនេះដែរ។ ជាក់ស្តែង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើមសប្តាហ៍នេះក៏បានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីដោះស្រាយស្ថានការណ៍។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវ ឲ្យ ឥណ្ឌានិងប៉ាគីស្ថានអត់ធ្មត់ និងទប់ស្កាត់រាល់អំពើដែលអាចប៉ះពាល់ដល់តំបន់ជាពិសេសរដ្ឋកាស្មៀរ។
សូមបញ្ជកា់ថា ក្រុមប្រឹក្សាសន្តិសុខបានចេញដំណោះស្រាយជាច្រើនក្នុងឆ្នាំ ១៩៤៨ និងអំឡុងឆ្នាំ ១៩៥០ ស្តីពីបញ្ហាជម្លោះរវាងឥណ្ឌានិងប៉ាគីស្ថាន ក្នុងនោះមានសេចក្តីថ្លែងការណ៍ដែលចែងពីការកំណត់សិទ្ធិស្វ័យសម្រេច និងជំរុញឲ្យភាគីទាំងសងខាងដោះស្រាយជម្លោះដោយសន្តិវិធី និងបញ្ចៀសឲ្យបានរាល់ការប្រឈមមុខដាក់គ្នា និង ធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងដែរ៕