ជាតិ
អាហារូបករណ៍​ទៅ​ក្រៅប្រទេស​ធ្វើ​ឲ្យ សុ​ភ័​ក្រ ចេញ​ផុតពី​ភាពក្រីក្រ និង​ក្លាយជា​អ្នក​ថតរូប​លេចធ្លោ​ម្នាក់​
18, Aug 2019 , 8:59 am        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក​ឆេង សុភ័ក្រ
រូបភាពពីហ្វេសប៊ុកលោក​ឆេង សុភ័ក្រ
ដោយ:
​ភ្នំពេញ​៖ លោក ឆេង សុ​ភ័​ក្រ ជា​បុគ្គល​លេចធ្លោ​ម្នាក់​នៅក្នុង​វិស័យ​ថតរូប​។ ជា​កូន​ពលរដ្ឋ​ក្រីក្រ​នៅ​ខេត្តបន្ទាយមានជ័យ សុ​ភ័​ក្រ រស់នៅក្នុង​គ្រួសារ​ដែល​ពោរពេញ​ដោយ​អំពើហិង្សា រហូត​ធ្វើ​ឲ្យ​លោក​លែង​ចង់​រស់នៅ​ជាមួយ​ឪ​ពុ​ម្តាយ និង​ប្រឹងប្រែង​រៀនសូត្រ រហូត​ជាប់​អាហារូបករណ៍​ទៅ​រៀន​នៅក្រៅ​ប្រទេស​ជា​បន្តបន្ទាប់​។ ក្រោយ​បញ្ចប់​ការសិក្សា លោក​បាន​ត្រឡប់មក​មាតុភូមិ​វិញ ដើម្បី​ធ្វើ​ការងារ និង​បង្កើត​គេហទំព័រ និង​យូ​ធូប​ឈ្មោះថា «​រៀន​ថត Rean Thort» រហូត​មាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​នៅក្នុង​ចំណោម​យុវជន​ខ្មែរ​។



​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​ជីវ​ព័ត៌មាន ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖ 



 
​លោក ឆេង សុ​ភ័​ក្រ គឺជា​អ្នក​ថតរូប​ដ៏​ល្បី​ម្នាក់​នៅ​កម្ពុជា តាមរយៈ​ការងារ​ថតរូប​ឲ្យ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ជាច្រើន និង​ផលិត​វីដេអូ​បង្រៀន​ពី​ជំនាញ​ថតរូប នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប ឈ្មោះថា «Rean Thort រៀន​ថត​»​។ បច្ចុប្បន្ន លោក​កំពុង​តែមាន​ប្រជាប្រិយ​ភាពខ្លាំង ព្រោះតែ​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប​របស់លោក មាន​អ្នក like និង Subscirber ជាង​២០​ម៉ឺន​នាក់​។ 

រូបភាពពីហ្វេសប៊ុកលោក​ឆេង សុភ័ក្រ

​មុន​មានកេរ្តិ៍ឈ្មោះ បោះ​សំឡេង​មកដល់​សព្វថ្ងៃ លោក ឆេង សុ​ភ័​ក្រ ក៏មាន​អតីតកាល​ជូរចត់​ខ្លះ​ដែរ​។ តាមរយៈ​សារព័ត៌មាន​ថ្មីៗ លោក ឆេង សុ​ភ័​ក្រ វ័យ​៣៤​ឆ្នាំ  បាន​រម្លឹកថា លោក​ជា​ក្មេង​ម្នាក់ តែងតែ​ទទួលរង​អំពើហិង្សា​ពី​ឪពុក​ដែលជា​អតីត​យោធា រហូត​ប៉ង​រត់​ចេញពីផ្ទះ​ជា​ច្រើនដង​ច្រើនសារ​។ ខុសពី​កុមារ​ជាច្រើន ដែល​ខឹង​ឪពុកម្តាយ​តែងតែ​បាក់​ទឹកចិត្ត ឬ​ទៅ​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេងៗ​នោះ កុមារា ឆេង សុ​ភ័​ក្រ មិន​គិត​ដូច​ច្នេះ​ឡើយ​។ សុ​ភ័​ក្រ បែរជាយក​កំហឹង​នេះ ទៅជា​ការជំរុញ​ទឹកចិត្ត​ក្នុងការ​ប្រឹងប្រែង​រៀនសូត្រ រហូត​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ន័​រ​វែ​ស និង​សហរដ្ឋអាមេរិក​។ 
 
​លោក​បាន​បរិយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​ដោយសារ​ខ្ញុំ​ធ្លាប់​ឆ្លងកាត់​បញ្ហា​ជីវិត​មួយចំនួន ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​រត់​ចោលផ្ទះ ព្រោះ​ឪពុក គាត់​វ៉ៃ​។ គាត់​វៃ​ខ្លាំងពេក ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ខ្លាច និង​មិន​ចង់​នៅ​ហ្នឹង​ទេ​។ យើង​ចង់​ចេញពី​ហ្នឹង​។ ហើយ​គាត់​ប្រាប់ថា បើ​ខ្ញុំ​រៀន​ចប់ គាត់​គ្មាន​សមត្ថភាព​ឲ្យ​មក​រៀន​នៅ​ភ្នំពេញ​នោះទេ បាន​ត្រឹម​រៀន​នៅ​ខេត្ត ឬ​រៀន​នៅ​បាត់ដំបង​ហ្នឹង​។ យើង​មិន​ចង់​ទេ យើង​ចង់​មក​ភ្នំពេញ តែបើ​យើង​អត់​មានលទ្ធភាព​មក​ភ្នំពេញ មានតែ​ប្រឡង​អាហារូបករណ៍​ហ្នឹងឯង​»​។ 
 
​លោក ឆេង សុ​ភ័​ក្រ គឺជា​ក្មេង​រស់នៅ​ជំរំសាយធូ​ប្រទេស​ថៃ​។ ក្រោយ​បញ្ចប់សង្គ្រាម គ្រួសារ​លោក បាន​វិល​មក​រស់នៅ​ខេត្តបន្ទាយមានជ័យ និង​បាន​ចូលរៀន​នៅ​វិទ្យាល័យ​សម្តេចឪ ក្នុង​ទី​រួម​ខេត្តបន្ទាយមានជ័យ​។ បន្ទាប់ពី​ទទួលដំណឹង​ថា មានការ​ប្រឡង​អាហារូបករណ៍​ពី​គ្រូ​របស់ខ្លួន​នោះ លោក​ក៏បាន​ស្វះស្វែង​ដាក់​ប្រឡង ទៅ​រៀន​នៅ​ប្រទេស​ន័​រ​វែ​ស កម្រិត​វិទ្យាល័យ ដែល​កម្មវិធី​អាហារូបករណ៍​នោះ ឈ្មោះថា United World College (UWC)​។ ទីបំផុត លោក ឆេង សុ​ភ័​ក្រ ក៏​ក្លាយជា​សិស្ស​កម្ពុជា​តែ​ម្នាក់​គត់ ដែល​ប្រឡង​ជាប់​អាហារូបករណ៍​នេះ​។ 
 
​ក្រៅពី​បាត់​ភាពកក់ក្តៅ​នៅក្នុង​គ្រួសារ​កាលពី​២០​ឆ្នាំមុន ការ​ស្រវា​អាហារូបករណ៍​នៅក្រៅ​ប្រទេស​របស់ សុ​ភ័​ក្រ ក៏​មកពី​មូលហេតុ​ចង់​ចាក​ផុតពី​គ្រោះ​អវិជ្ជា និង​ភាពក្រីក្រ​ផងដែរ​។ ជា​កូនច្បង​ក្នុងចំណោម​បងប្អូន​៣​នាក់ សុ​ភ័​ក្រ​រៀបរាប់​បន្តថា​៖ «​ពេល​ខ្ញុំ​មកពី​ជំរំ​វិញ ខ្ញុំ​រៀន​នៅ​បន្ទាយមានជ័យ​រហូតដល់​ថ្នាក់​ទី​១២​។ នៅ​ដើមឆ្នាំ ខ្ញុំ​ទទួលដំណឹង​ពី​គ្រូ​ម្នាក់ ដែល​ធ្វើការ​នៅ NGO គាត់​ប្រាប់ថា គេ​រើស​សិស្ស​ទៅ​រៀន​វិទ្យាល័យ​នៅ​ន័​រ​វែ​ស​។ អ្វីដែល​យើង​ដឹង​ពេល​យើង​ជាប់ យើង​ទៅ​រៀន​ថ្នាក់​ទី​១១ សា​ដើម​។ តែដោយសារ​ចិត្ត​ចង់បាន​អាហារូបករណ៍ និង​ចង់​ឲ្យ​ខ្លួនឯង​មាន​អនាគត​ល្អ ជាង​អ្វីដែល​យើង​មាន មិនមែន​ថា ស្រុក​យើង​រៀន​អត់​កើត​ទេ​។ ធម្មតា​ជំនាន់​នោះ គឺ​យើង​នៅមានកម្រិត​មិន​ដូច​ឥឡូវ​ទេ​។ អ៊ីចឹង បើ​ចង់​ឲ្យ​ខ្លួនឯង​អភិវឌ្ឍន៍​លឿន និង​ចេញពី​ជីវភាព​គ្រួសារ​ដ៏​លំបាក មានតែ​បាន​អាហារូបករណ៍​ទៅ​ក្រៅប្រទេស​»​។ 
 
​បន្ទាប់ពី​បញ្ចប់​វិទ្យាល័យ​នៅ​ន័​រ​វែ​ស សុ​ភ័​ក្រ បានទទួល​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ព័ត៌មានវិទ្យា (IT) និង​ទស្សនវិជ្ជា នៅ​សាកលវិទ្យាល័យ Middlebuy College នៅ​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​លោក​បាន​បោះបង់​ការសិក្សា​ផ្នែក​ព័ត៌មានវិទ្យា​នៅ​ឆ្នាំ​ទី​៣ ដោយសារ​ពិន្ទុ​មិន​គ្រប់គ្រាន់​ល្មម​តាម​លក្ខខណ្ឌ​ដែល​សាលា​ចង់បាន​។ ទន្ទឹមគ្នា​នោះ សាលា​មាន​បើក​ថ្នាក់​ថតរូប​។ ពេលនោះ សុ​ភ័​ក្រ​ដែល​ស្រឡាញ់​ការថតរូប​តាំងពី​តូច ក៏​ចាប់​ឱកាស​ចូលរៀន​ថតរូប ទន្ទឹមគ្នា​ជាមួយ​ការសិក្សា​ទស្សនវិជ្ជា​តែម្តង​។ 
 
​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ក្នុង​ឆ្នាំ​ទី​៣​ផងដែរ សាលា​ខ្ញុំ​ទើប​ចាប់ផ្តើម​ថ្នាក់​ថតរូប​។ តាមពិត Studio Arts គេ​មាន​យូរហើយ តែ​ថ្នាក់​ថតរូប​ទើបតែ​បង្កើត ខ្ញុំ​ក៏​សាក​រៀន​មួយ​វគ្គ​។ ពេល​រៀន​បាន​មួយ​វគ្គ ក៏​ស្រឡាញ់​ទៅៗ ដោយសារ​យើង​ចូលចិត្ត​មុខវិជ្ជា​ហ្នឹង​តាំងពីក្មេង​។ ពេល​ហ្នឹង ខ្ញុំ​ក៏​បែងចែក​ពេលវេលា ដោយ​រៀន​ទស្សនវិជ្ជា​ផង និង​មក​រៀន​ផ្នែក Studio ផង​។ ខ្ញុំ​រៀន​ទាំងអស់ មាន​ទាំង​ផ្តិតរូប លាង​ហ្វីល បង្កើត Studio​ថត តាំងពិព័រណ៍ 3D និង​ធ្វើ​ភ្លេង​។ យើង​រៀន​ជំនាញ​នេះ មិនចេះ​ធុញ​នោះទេ​។ ហើយ​យើង​មាន​ចក្ខុវិស័យ​ខាងមុខ​ថា នឹង​អាច​ក្លាយជា​អ្នក​ថតរូប​អាជីព​»​។​
 
​តាមពិតទៅ មុន​ចូលរៀន​ថតរូប សុ​ភ័​ក្រ បាន​បម្រើ​ការងារ​ជា​អ្នក​ថតរូប សម្រាប់​កាសែត​ប្រចាំ​នៅ​សាកលវិទ្យាល័យ​របស់លោក​បាត់ទៅហើយ​។ ការងារ​របស់លោក រួមមាន ថតរូប​កីឡា ថត​ព័ត៌មាន ថត​ដាក់​ទស្សនា​វ​ដ្តី និង​ថត​ដាក់តាំង​ពិព័រណ៍​ជាដើម​។ ក្រៅពីនេះ លោក​ក៏​ជា​អ្នកត្រួតពិនិត្យ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​សាលា​ជាង​២​ពាន់​គ្រឿង និង​ធ្វើការ​ក្នុង​ផ្នែក​ចាក់​ភ្លេង នៅក្នុង​Club មួយចំនួន នៅ​សហរដ្ឋអាមេរិក​ដែរ​។ ការងារ​ថតរូប ដ៏​សកម្ម​នៅ​សាលា​នេះហើយ បានធ្វើ​ឲ្យ​លោក​ទទួលបាន​រង្វាន់​ទឹកប្រាក់​៥​ពាន់​ដុល្លារ ពី​គម្រោង​មួយ​ឈ្មោះ Research Founding ដែល​បាន​ផ្គត់ផ្គង់​លោក ឲ្យ​ស្រាវជ្រាវ​ផ្នែក​ថតរូប​បន្តទៀត​។ ស្របគ្នា​នឹង​ការស្រាវជ្រាវ​ផ្នែក​ថតរូប លោក​ក៏បាន​លក់​ស្នាដៃ​ថតរូប​មួយចំនួន ដើម្បី​រក​កម្រៃ​ផងដែរ​។ 
 
​លោក​បាន​ពន្យល់​ពី​មូលហេតុ ដែល​លោក​ស្រឡាញ់​ការថតរូប​តាំងពីក្មេង​យ៉ាង​ដូច្នេះ​៖ «​កាល​ខ្ញុំ​រៀន​ថ្នាក់​ទី​៤​ទី​៥ មាន​អភូតហេតុ​មួយ គឺ​ខ្ញុំ​ជិះ​កង់​ពីរ​នាក់​ប្អូន ក៏​ឃើញ​ប្រអប់​កាមេរ៉ា​មួយ នៅក្បែរ​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍​។ វា​ជា​កាមេរ៉ា​ហ្វីល​ម៉ាក Cannon តូច​មួយ​។ កាមេរ៉ា​ហ្នឹង ម៉ាក់​ខ្ញុំ​ទុក​ឲ្យ​ខ្ញុំ​ដល់​សព្វថ្ងៃ​។ ពេល​ខ្ញុំ​រើស​បាន​កាមេរ៉ា​ហ្នឹង ខ្ញុំ​សុំ​លុយ​មក​ទិញ​ហ្វីល​។ គាត់​ថា​ឲ្យ​ខ្ញុំ ថា ទិញយក​ទៅ​ថត​ធ្វើ​អ្វី​? ចេះតែ​ថត​ទៅ ហើយ​ចាប់ផ្តើម​ស្រឡាញ់​ការថតរូប តាំងពី​ពេលនោះ​មក​»​។ 
 
​បន្ទាប់ពី​មានចំណេះ និង​ជំនាញ​ច្បាស់លាស់​ផ្នែក​ថតរូប លោក​សុ​ភ័​ក្រ មករក​ការងារ​នៅ​កម្ពុជា​។ ប៉ុន្តែ លោក​បាន​ដើរ​ទាត់​ខ្យល់​អស់ ៦​ខែ ទម្រាំ​បានការ​ងារ​ដំបូង​នៅ ក្រុមហ៊ុន Sabay​។ លោក​មាន​តួនាទី​ជា Producer ផ្នែក​វីដេអូ​។ ក្នុង​ជំនាញ​វីដេអូ ដែលជា​ជំនាញ​ថ្មី​មួយទៀត​សម្រាប់​លោក បានធ្វើ​លោក​ខិតខំ​ធ្វើការ​បណ្តើរ និង​រៀនសូត្រ​បណ្តើរ​។  បន្ទាប់ពី​ធ្វើការ​នៅ​ក្រុមហ៊ុន Sabay បាន​៤​ឆ្នាំ លោក ឆេង សុ​ភ័​ក្រ ក៏​ចេញមក​ធ្វើជា​អ្នក​ថតរូប​ឯករាជ្យ និង​បាន​បង្កើត​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប មាន​ឈ្មោះថា​«​រៀន​ថត Rean Thort»​។​
 
​សុ​ភ័​ក្រ ដែលមាន​រាងស្តើង ពាក់​អាវយឺត និង​ខូវ​ប៊ូ​យ បាន​ពន្យល់​ពី​មូលហេតុ​នៃ​ការបង្រៀន​នេះ​យ៉ាង​ដូច្នេះ​ថា​៖ «​វា​ចេញពី​ចិត្ត​ស្រឡាញ់ និង​ទម្លាប់​។ ទម្លាប់​ខ្ញុំ គឺ​ចូលចិត្ត​ចែករំលែក ដើម្បី​កុំ​ឲ្យ​គេ​ដើរ​ផ្លូវ​ដែល​ខ្ញុំ​ធ្លាប់​ដើរ​ខុស​។ ខ្ញុំ​ធ្លាប់​ដើរ​ខុស​ច្រើន​។ អ៊ីចឹង ខ្ញុំ​តែងតែ​ណែនាំ នរណា​ស្តាប់​ក៏​ស្តាប់ទៅ នរណា​មិន​ស្តាប់ ហី​!​។ ខ្ញុំ​ចង់​មានឱកាស​មួយ ក្នុង​ការនាំ​ឈ្មោះ​ប្រទេស​យើង​ទៅខាង​ក្រៅ ក្នុងនាម​ជា​អ្នកធ្វើ​វីដេអូ​ក៏ដោយ និង​ធ្វើ​អ្វី​ក៏ដោយ ព្រោះ​ខ្ញុំ​ឆ្លងកាត់​ពីមុន នៅពេល​ទៅ​រៀន​ថ្នាក់​អាហារូបករណ៍​នៅ​ស្រុក​គេ គេ​អត់​ស្គាល់​ខ្មែរ​ទេ តែ​គេ​ស្គាល់​ប្រទេសជិតខាង​។

នេះហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺចាប់​។ ឥឡូវ យើង​មាន​សក្តានុពល ដែល​យើង​អាច​ប្រកួតប្រជែង ជាមួយ​ប្រទេស​គេ​បាន​»​។  
 
​បើតាម​បុរស​កូន​មួយ និង​មានគ្រួសារ​នៅ​ភ្នំពេញ​រូបនេះ បច្ចុប្បន្ន លោក​មាន​ជីវភាព​ល្អប្រសើរ ដែល​ធ្វើ​ឲ្យ​ឪពុកម្តាយ​របស់លោក កោតសរសើរ និង​ទទួលស្គាល់​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក​។  នៅពេល​ខាងមុខ​ដ៏​ខ្លី​នេះ លោក​ចង់​បើក​សាលា​បណ្តុះបណ្តាល​លើ​ជំនាញ​ថតរូប​នៅ​កម្ពុជា ដើម្បី​បង្រៀន​យុវជន​ខ្មែរ​ឲ្យ​មាន​ជំនាញ​ថតរូប​ច្បាស់លាស់ សម្រាប់​យកទៅ​ប្រកបមុខរបរ​ប្រចាំថ្ងៃ និង​លើក​មុខមាត់​វិស័យ​ថតរូប​នៅ​កម្ពុជា​៕                     
 

Tag:
 ឆេង សុ​ភ័​ក្រ​
 ​រៀន​ថត​
 ​ថតរូប​
 ​អាហារូបករណ៍​
 ​អប់រំ​
  បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com