អន្តរជាតិ
ប្រទេស​ក្រីក្រ «​បំពុលបរិយាកាស​តិច ប៉ុន្តែ​រងគ្រោះ​ខ្លាំង​បំផុត​»​ដោយសារ​កើន​កម្តៅ​ផែនដី
17, Aug 2019 , 12:29 pm        
រូបភាព
​ដោយ ៖ ឈួន ឈី​វ​អ៊ីង 
 
​បណ្តា​ប្រទេស​កំពុង​ប្រឈម​នឹង​បញ្ហា​គ្រោះ​អត់ឃ្លាន និង​អសន្តិសុខ​ស្បៀង​ខ្លាំង​បំផុត​លើ​ពិភពលោក ត្រូវបាន​គេ​រកឃើញថា ជា​ប្រទេស​ដែល​បាន​ចូលរួម​តិច​បំផុត​ក្នុងការ​ធ្វើ​ឲ្យ​កម្តៅ​ភពផែនដី​កើនឡើង​ដែរ​។ បើតាម​របាយការណ៍​ថ្មី​របស់ Christian Aid ស្តីពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​លើ​បញ្ហា​សុវត្ថិភាព​ស្បៀងអាហារ​ពិភពលោក​។​



​ការសិក្សា​ស្រាវជ្រាវ អំពី​អាកាសធាតុ​និង ភាព​ងាយ​រងគ្រោះ​នៃ​ប្រព័ន្ធ​ស្បៀងអាហារ បាន​រកឃើញ​ប្រទេស​ចំនួន​១០ គ្មាន​សុវត្ថិភាព​ស្បៀងអាហារ​ឡើយ ដោយសារតែ​ការប្រែប្រួល​អាកាសធាតុ​។ ប៉ុន្តែ​ប្រទេស​ទាំង​នោះបាន​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច​ទៅ​បរិយាកាស​ត្រឹម ០.០៨%​នៃ​ការ​បំ​ភាយ​ជា​សាកល​ប៉ុណ្ណោះ​។​
 
​បើតាម​ការស្រាវជ្រាវ​នេះ គ្រោះ​ទុរភិក្ស​កើតឡើង​ដោយសារតែ​ភពផែនដី​ឡើងក​ម្តៅ ហើយ​វិស័យ​កសិកម្ម​និង​ការផ្គត់ផ្គង់​ស្បៀងអាហារ​ត្រូវបាន​រំខាន ដែល​វា​នាំ​ឲ្យ​មានការ​ប៉ះពាល់​ខ្លាំង​ដល់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​។​
 
​រដ្ឋ​អាហ្វ្រិក ប៊ូ​រុន​ឌី ជា​ប្រទេស​ដែល​រងគ្រោះ​ខ្លាំង​ដោយសារ​បញ្ហា​សុវត្ថិភាព​ស្បៀងអាហារ​។​នេះ​បើតាម​របាយការណ៍ Christian Aid​។ ប្រទេស​នេះ​ពឹងផ្អែក​ទាំងស្រុង​លើ​វិស័យ​កសិកម្ម​ដ៏​តូច  ហើយ​វា​ក៏​ផ្តល់​ការងារ​ប្រហែល​៩០% ដល់​កម្លាំង​ពលកម្ម​សរុប​ដែរ​។ ចំណែក​កសិករ​ងាយរ​ង​គ្រោះ​ដោយសារ​គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ដែល​បង្កដោយ​ការប្រែប្រួល អាកាសធាតុ​ដែរ​។​
 
​នាយក អង្គការ Christian Aid ប្រចាំ​ប្រទេស​ប៊ូ​រុន​ឌី បាន​លើកឡើងថា វា​ជា​រឿង​ចាំបាច់​ដែល​រដ្ឋ​អ្នកមាន និង​បាន​បំពុលបរិយាកាស​ខ្លាំងជាងគេ​នោះ ចូលរួម​កាត់​ជួយ​គាំទ្រ​ប្រទេស​ក្រីក្រ ងាយ​រងគ្រោះ​និង​ធានា​យុត្តិធម៌​ពិភពលោក​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​សាកល​។​
 
«​យើង​ត្រូវការ​ជំនួយ​ពី​ប្រទេស​អ្នកមាន ប្រសិនបើ​យើង​ចង់​ទប់​ទល់នឹង​ការប្រែប្រួល​អាកាសធាតុ​ទាំងអស់គ្នា ពីព្រោះ​វា​គឺជា​ពេលវេលា​ដែល​តម្រូវ​ឲ្យ​ពិភពលោក​រួមគ្នា​ក្នុង​ស្មា​រី​សាមគ្គីភាព និង​ធានា​យុត្តិធម៌​»​។ លោក Philip Galgallo និយាយ​ដូច្នេះ​។ 
 
​ជា​ធម្មត រដ្ឋ​ទ្វីបអាហ្វ្រិក​ខាងលើ​បាន​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច​ទៅកាន់​បរិយាកាស​តិច​បំផុត​ដែរ​ពោលគឺ ០.០២៧ តោន ចំណោម​ក្នុង​មនុស្ស​ម្នាក់ ខណៈដែល​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច​របស់​ពលរដ្ឋ​អាមេរិក​ម្នាក់​ស្មើនឹង ពលរដ្ឋ ប៊ូ​រុន​ឌី ៥៨១​នាក់​ណោះ​។​
 
​ស្រដៀង​គ្នា​នេះដែរ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ក៏មាន​សេដ្ឋកិច្ច​ពឹង​ផ្អែកលើ​កសិកម្ម ហើយក៏​ជា​អ្នក​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច​ទៅក្នុង​បរិយាកាស​តិចជាងគេ​ដែរ ប៉ុន្តែ​ប្រទេស​នេះ​ជា​ប្រទេស​មាន​បញ្ហា​អ​សុវត្ថិភាព​ស្បៀងអាហារ​លំដាប់​ទី​ពី​រលើ​ពិភពលោក​បន្ទាប់ពី ប៊ូ​រុន​ឌី​។​
 
​ការប្រែប្រួល​អាកាសធាតុ​កំពុង​បង្ក​ការគំរាមកំហែង​ខ្លាំង​ដល់​មនុស្ស​សត្វ​តាមរយៈ​ការបង្ក​ឲ្យ​មានការ​គ្រោះមហន្តរាយ​ទឹកជំនន់ ដែ ការបាក់​ដី ការហូរ​ច្រោះ​ដី និង​ខូចខាត​ផលដំណាំ រួមទាំង​គ្រោះរាំងស្ងួត​ផង​។ បញ្ហា​ទាំងនេះ​ក៏បាន​បណ្តាល​ឲ្យ​កើតមាន​ជំងឺ​ផ្សេងៗ​ដែល​សម្លាប់សត្វ​ចិញ្ចឹម​និង​ដំណាំ​ច្រើនជាង​ធម្មតា​ដែរ​។​
 
​រីឯ​កោះ Madagascar គឺ​ឈរ​នៅ​លំដាប់​ទី​៣ នៃ​រដ្ឋ​ដែលមាន​បញ្ហា​អ​សុវត្ថិភាព​ស្បៀងអាហារ  ខណៈ​រដ្ឋ​មួយ​នេះ​កំពុង​ប្រឈម​នឹង​គ្រោះមហន្តរាយ​ព្យុះ​ស៊ីក្លូន គ្រោះទឹកជំនន់ និង​ការរាំងស្ងួត​ជាប្រចាំ​ដែរ​។​
 
​ដើម្បី​បញ្ចៀស​ផលប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ ពិភពលោក​ត្រូវ​កាត់បន្ថយ​កម្រិត​ឧស្ម័ន​កាបូ​និ​ច​ឲ្យ​បាន​ច្រើន​បំផុត​ត្រឹម​ឆ្នាំ ២០៣០ និង​ឈានដល់​សូន្យ​នៅត្រឹម​ឆ្នាំ ២០៥០ ឬ​មុននេះ​ផង​។  ពិភពលោក​ត្រូវ​ងាក​ទៅ​ចូលរួម​លើកកម្ពស់​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ និង​បញ្ឈប់​ការអនុវត្ត​សកម្មភាព​កសិកម្ម​ដែល​គ្មាន​និរន្តរភាព​៕
 
 

Tag:
 ការប្រែប្រួល​អាកាសធាតុ​
  ឧស្ម័ន​កាបូ​និ​ច​
  កសិកម្ម​
  សន្តិសុខ​ស្បៀង
© រក្សាសិទ្ធិដោយ thmeythmey.com