ដោយ ៖ ឈួន ឈីវអ៊ីង
បណ្តាប្រទេសកំពុងប្រឈមនឹងបញ្ហាគ្រោះអត់ឃ្លាន និងអសន្តិសុខស្បៀងខ្លាំងបំផុតលើពិភពលោក ត្រូវបានគេរកឃើញថា ជាប្រទេសដែលបានចូលរួមតិចបំផុតក្នុងការធ្វើឲ្យកម្តៅភពផែនដីកើនឡើងដែរ។ បើតាមរបាយការណ៍ថ្មីរបស់ Christian Aid ស្តីពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើបញ្ហាសុវត្ថិភាពស្បៀងអាហារពិភពលោក។
ការសិក្សាស្រាវជ្រាវ អំពីអាកាសធាតុនិង ភាពងាយរងគ្រោះនៃប្រព័ន្ធស្បៀងអាហារ បានរកឃើញប្រទេសចំនួន១០ គ្មានសុវត្ថិភាពស្បៀងអាហារឡើយ ដោយសារតែការប្រែប្រួលអាកាសធាតុ។ ប៉ុន្តែប្រទេសទាំងនោះបានបំភាយឧស្ម័នកាបូនិចទៅបរិយាកាសត្រឹម ០.០៨%នៃការបំភាយជាសាកលប៉ុណ្ណោះ។
បើតាមការស្រាវជ្រាវនេះ គ្រោះទុរភិក្សកើតឡើងដោយសារតែភពផែនដីឡើងកម្តៅ ហើយវិស័យកសិកម្មនិងការផ្គត់ផ្គង់ស្បៀងអាហារត្រូវបានរំខាន ដែលវានាំឲ្យមានការប៉ះពាល់ខ្លាំងដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ។
រដ្ឋអាហ្វ្រិក ប៊ូរុនឌី ជាប្រទេសដែលរងគ្រោះខ្លាំងដោយសារបញ្ហាសុវត្ថិភាពស្បៀងអាហារ។នេះបើតាមរបាយការណ៍ Christian Aid។ ប្រទេសនេះពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្មដ៏តូច ហើយវាក៏ផ្តល់ការងារប្រហែល៩០% ដល់កម្លាំងពលកម្មសរុបដែរ។ ចំណែកកសិករងាយរងគ្រោះដោយសារគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ដែលបង្កដោយការប្រែប្រួល អាកាសធាតុដែរ។
នាយក អង្គការ Christian Aid ប្រចាំប្រទេសប៊ូរុនឌី បានលើកឡើងថា វាជារឿងចាំបាច់ដែលរដ្ឋអ្នកមាន និងបានបំពុលបរិយាកាសខ្លាំងជាងគេនោះ ចូលរួមកាត់ជួយគាំទ្រប្រទេសក្រីក្រ ងាយរងគ្រោះនិងធានាយុត្តិធម៌ពិភពលោកក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុសាកល។
«យើងត្រូវការជំនួយពីប្រទេសអ្នកមាន ប្រសិនបើយើងចង់ទប់ទល់នឹងការប្រែប្រួលអាកាសធាតុទាំងអស់គ្នា ពីព្រោះវាគឺជាពេលវេលាដែលតម្រូវឲ្យពិភពលោករួមគ្នាក្នុងស្មារីសាមគ្គីភាព និងធានាយុត្តិធម៌»។ លោក Philip Galgallo និយាយដូច្នេះ។
ជាធម្មត រដ្ឋទ្វីបអាហ្វ្រិកខាងលើបានបំភាយឧស្ម័នកាបូនិចទៅកាន់បរិយាកាសតិចបំផុតដែរពោលគឺ ០.០២៧ តោន ចំណោមក្នុងមនុស្សម្នាក់ ខណៈដែលការបំភាយឧស្ម័នកាបូនិចរបស់ពលរដ្ឋអាមេរិកម្នាក់ស្មើនឹង ពលរដ្ឋ ប៊ូរុនឌី ៥៨១នាក់ណោះ។
ស្រដៀងគ្នានេះដែរ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក៏មានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម ហើយក៏ជាអ្នកបំភាយឧស្ម័នកាបូនិចទៅក្នុងបរិយាកាសតិចជាងគេដែរ ប៉ុន្តែប្រទេសនេះជាប្រទេសមានបញ្ហាអសុវត្ថិភាពស្បៀងអាហារលំដាប់ទីពីរលើពិភពលោកបន្ទាប់ពី ប៊ូរុនឌី។
ការប្រែប្រួលអាកាសធាតុកំពុងបង្កការគំរាមកំហែងខ្លាំងដល់មនុស្សសត្វតាមរយៈការបង្កឲ្យមានការគ្រោះមហន្តរាយទឹកជំនន់ ដែ ការបាក់ដី ការហូរច្រោះដី និងខូចខាតផលដំណាំ រួមទាំងគ្រោះរាំងស្ងួតផង។ បញ្ហាទាំងនេះក៏បានបណ្តាលឲ្យកើតមានជំងឺផ្សេងៗដែលសម្លាប់សត្វចិញ្ចឹមនិងដំណាំច្រើនជាងធម្មតាដែរ។
រីឯកោះ Madagascar គឺឈរនៅលំដាប់ទី៣ នៃរដ្ឋដែលមានបញ្ហាអសុវត្ថិភាពស្បៀងអាហារ ខណៈរដ្ឋមួយនេះកំពុងប្រឈមនឹងគ្រោះមហន្តរាយព្យុះស៊ីក្លូន គ្រោះទឹកជំនន់ និងការរាំងស្ងួតជាប្រចាំដែរ។
ដើម្បីបញ្ចៀសផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ពិភពលោកត្រូវកាត់បន្ថយកម្រិតឧស្ម័នកាបូនិចឲ្យបានច្រើនបំផុតត្រឹមឆ្នាំ ២០៣០ និងឈានដល់សូន្យនៅត្រឹមឆ្នាំ ២០៥០ ឬមុននេះផង។ ពិភពលោកត្រូវងាកទៅចូលរួមលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញ និងបញ្ឈប់ការអនុវត្តសកម្មភាពកសិកម្មដែលគ្មាននិរន្តរភាព៕