ជាតិ
សមត្ថកិច្ចបិទកន្លែងលក់ឱសថ និងព្យាបាលគ្មានច្បាប់២ទីតាំង របស់ជនជាតិចិននៅក្រុងបាវិត រូបភាពពីហ្វេសប៊ុកមន្ទីរសុខាភិបាលខេត្តស្វាយរៀង
× អាជ្ញាធរខេត្តស្វាយរៀង បានចុះបិទទីតាំងលក់ឱសថ និងព្យាបាល ពីរកន្លែង នៅក្រុងបាវិត ដែល គ្មានច្បាប់អនុញ្ញាត និងចែកចាយឱសថគ្មានចុះបញ្ជិកា។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី១៤សីហា ឆ្នាំ២០១៩ ដឹកនាំដោយអភិបាលខេត្តស្វាយរៀង ដែលជាប្រធានគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយនិងសេវាសុខាភិបាលខុសច្បាប់ខេត្តផង។ នេះបើតាមការចេញផ្សាយរបស់មន្ទីរសុខាភិបាលខេត្តស្វាយរៀង។
ក្រុមជំនាញគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ បានពិនិត្យ និងរកឃើញទីតាំងសម្រាកព្យាបាលនៅផ្សារបាវិត ដែលមានម្ចាស់ជាជនជាតិចិន។ បើតាមប្រភពដដែល កន្លងមកបានបញ្ជាក់ថា កន្លែងសម្រាកព្យាបាលនេះ កម្លាំងជំនាញធ្លាប់ចុះពិនិត្យទីតាំងនេះ ៣លើករួចមកហើយ ប៉ុន្តែនៅតែបន្តសកម្មភាព។ នៅទីតាំងនេះ សមត្ថកិច្ចបានដកហូតសម្ភារ និងឱសថមួយចំនួន ក្នុងនោះមានឱសថ៣កេសផលិតនៅប្រទេសចិន និងគ្មានចុះបញ្ជិកា។
ចំណែកទីតាំងមួយទៀត ដែលអាជ្ញាធរបានបិទដែរនោះ គឺស្ថិតក្នុងកាស៊ីណូម៉ាកាវ និងក៏មានម្ចាស់ ជាជនជាតិចិនដែរ។ បើតាមកម្លាំងជំនាញ ក្នុងប្រតិបត្តិការនេះ អាជ្ញាធរបានដកហូតសម្ភារមួយចំនួន និងឱសថចំនួន២៣កេស ដែលផលិតនៅប្រទេសចិន និងគ្មានច្បាប់អនុញ្ញាត៕
Tag:
ខេត្តស្វាយរៀង
ឱសថស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com