អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ឈិន ឡុង រងការទិតៀនពីប្រជាជនហុងកុង ដោយសារឈរខាងក្រុងប៉េកាំង
17, Aug 2019 , 3:43 pm        
រូបភាព
ដោយ:
តារាសម្តែងដើមកំណើតហុងកុងលោក Jackie Chan ហៅ ឈិន ឡុង បានបង្ហាញភាពស្មោះត្រង់របស់ខ្លួនចំពោះគណបក្សកម្មុយនីស្តចិន ហើយលោកសង្ឃឹមថា ហុងកុង អាចវិលមកមានសន្តិភាពយ៉ាងពិតប្រាកដឆាប់ៗនេះ ។ ប៉ុន្តែជំហររបស់លោកបង្កឲ្យមានការខឹងសម្បារពីសំណាក់ប្រជាជនហុងកុងខ្លាំងដែរ។



ជាបុគ្គលល្បីល្បាញម្នាក់ ដែលធំធាត់នៅទីក្រុង ហុងកុង លោក ឈិន ឡុង បានបញ្ជាក់ថា លោក មានមោទកភាពក្នុងនាមជាជនជាតិចិន ហើយលោកក៏ស្រឡាញ់ទឹកដីកំណើតរបស់លោកផងដែរ។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សទ៍រដ្ឋចិន CGTN កាលពីថ្ងៃទី ១៤ សីហា បុរសវ័យ ៦៥ឆ្នាំរូបនេះ បញ្ជាក់ឲ្យដឹងទៀតថា ហេតុការណ៍ដែលកើតឡើងក្នុងទីក្រុងហុងកុង នាពេលថ្មីៗនេះ បានធ្វើឲ្យលោកគ្រាំគ្រាចិត្តជាខ្លាំង ។

ក្នុងវីដេអូសម្ភាសរយៈពេលជាង មួយនាទីនេះ លោក ឈិន ឡុង ក៏ទទូចឲ្យសាធារណជនចូលរួមជាមួយលោកការពារទង់ជាតិចិន ដែលត្រូវជាន់ឈ្លីដោយក្រុមបាតុករ។ ត្រង់ចំណុចនេះ លោក ឈិន សង្កត់ធ្ងន់ថា លោក គាំទ្រយុទ្ធនាការលើកស្ទួយស្នេហាជាតិនិយម ដែលរៀបចំឡើងដោយទូរទស្សន៍រដ្ឋចិន CCTV ក្នុងគោលដៅជំរុញឲ្យពលរដ្ឋចិនស្រឡាញ់ទង់ជាតិរបស់ប្រទេស។

គំនិតផ្តួចផ្តើម ដែលមានឈ្មោះថា «ទង់ក្រហមផ្កាយប្រាំ មានអ្នកការពារ ១,៤ពាន់លាននាក់» បានដាក់ដំណើរការ ក្រោយពីបាតុកម្មហុងកុងមួយក្រុម បានបោះចោលទង់ជាតិចិនចូលទៅក្នុងសមុទ្រ Victoria Harbour អំឡុងពេលការប្រមូលផ្តុំគ្នាមួយ កាលពីថ្ងៃទី ៣ ខែសីហា កន្លងទៅ។

«ដោយម្ខាង ខ្ញុំចង់បង្ហាញទឹកចិត្តស្នេហាជាតិនិយមដ៏ខ្ពង់ខ្ពស់បំផុត ក្នុងនាមជាជនជាតិចិន និងហុងកុង។ ហើយ ខ្ញុំ ជាមនុស្សម្នាក់ក្នុងចំណោមអ្នកការពារទង់ជាតិចិន»។ លោក ឈិន ឡុង ពន្យល់បែបនេះ ដោយបន្ថែមថា ដោយម្ខាង លោក សង្ឃឹមនឹងបង្ហាញសំឡេងរួមគ្នា តាមរយៈការចូលរួមក្នុងយុទ្ធនាការដូចខាងលើនេះ។

ជាមួយគ្នានេះដែរ លោក ឈិន ឡុង ក៏បាននិយាយថា លោក មានមោទកភាពណាស់ ក្នុងការបង្ហាញខ្លួនជាជនជាតិចិន គ្រប់ទីកន្លែងដែលលោកទៅដល់ ហើយសង្ឃឹមថា ហុងកុង អាចវិលមកមានសន្តិភាពឆាប់ៗនេះ។ លោក អះអាង «ទង់ក្រហមផ្កាយប្រាំ» របស់ចិនដីគោក ត្រូវបានគេគោរពគ្រប់ទីកន្លែងទាំងអស់នៅជុំវិញពិភពលោក។

ទំនងជាសាព្រមានមួយ តារាសម្តែងហុងកុងរូបនេះ លើកឡើងថា លោក យល់យ៉ាងច្បាស់ថា សន្តិភាព ស្ថិរភាព និងសុវត្ថិភាព គឺប្រៀបដូចជាខ្យល់បរិសុទ្ធអ៊ីចឹង មនុស្ស មិនដឹងពីតម្លៃវាធំធេងប៉ុណ្ណានោះឡើយ ដរាបណាពួកគេបាត់បង់វា។

លោក ឈិន ឡុង ជាសមាជិកម្នាក់នៃសភាពិគ្រោះយោបល់នយោបាយប្រជាជនចិននីតិកាលទី ១៣។ ស្ថាប័នប្រឹក្សាយោបល់ផ្នែកនីតីបញ្ញាតិ្តនេះ មានសមាជិករាប់ចាប់តាំងពីគណបក្សនយោបាយ និងអង្គការ ក៏ដូចជាសមាជិកឯករាជ្យផងដែរ។

យ៉ាងណាមិញ ការលើកឡើងរបស់ លោក ឈិន ឡុង រងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមនៅទីក្រុងហុងកុង។

«ហុងកុង ស្អប់អ្នក, ឈិនឡុងពីមុនបាត់ទៅណា! តើបក្សកម្មុយនីស្តចិនដាក់ថ្នាំអ្វីឲ្យលោកផឹក? ច្បាស់ទេ ថាអ្នកឈ្លក់វង្វេងនឹងវាខ្លាំងបែបនេះ?, គួរឲ្យអាម៉ាស់បំផុត»។ នេះជាការសរសេរទាំងកំហឹងរបស់អ្នកប្រើប្រាស់បណ្តាញសង្គមនៅហុងកុង ។ ខណៈបាតុកម្មនៅហុងកុង ឈានដល់សប្តាហ៍ទី១០ហើយនោះ ដើមចមនៃបាតុកម្មនេះ ដំបូងឡើយ ការធ្វើបាតុកម្មនេះ មានគោលដៅចម្បងប្រឆាំងនឹងសេចក្តីព្រាងច្បាប់មួយ ដែលនឹងអនុញ្ញាតឲ្យការធ្វើបត្យាប័នមនុស្សពីទីក្រុង ហុងកុង ទៅកាន់ប្រទេសចិន។ ប្រជាជនរាប់ម៉ឺននាក់ បានចូលរួមធ្វើបាតុកម្មតាមដងផ្លូវដើម្បីប្រឆាំងសេចក្តីព្រាងច្បាប់នេះ ដែលបង្កភាពចលាចលជាខ្លាំងក្នុងទីក្រុង ហុងកុង។ បាតុកម្មនេះ បានប្តូររូបភាពពីការធ្វើប្រចាំសប្តាហ៍ ទៅការធ្វើស្ទើរតែជារៀងរាល់ថ្ងៃតែម្តង។ ជាការទប់ទល់នឹងបាតុកម្មនេះ កម្លាំងប៉ូលិសហុងកុង បានប្រើប្រាស់ធម៌ក្តៅរួមមានការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រជាដើម៕

Tag:
 ចិន
  ហុងកុង
  បាតុកម្ម
  ឈិនឡុង
© រក្សាសិទ្ធិដោយ thmeythmey.com