​​​ន​យោ​បាយ​ជាតិ​
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឥណ្ឌា រិះគន់ក្រុមប្រឹក្សាសន្តិសុខដែលបើកកិច្ចប្រជុំស្ដីពីកាស្មៀរតាមសំណើចិន និងប៉ាគីស្ថាន
17, Aug 2019 , 5:30 pm        
រូបភាព
ឥណ្ឌា មិនសប្បាយចិត្តឡើយនឹងជំនួបថ្ងៃទី១៦ ខែសីហា របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីបញ្ហានៅកាស្មៀរ ដែលឥណ្ឌាទើបដកឋានៈស្វ័យភាពថ្មីៗនេះ។ តំណាងឥណ្ឌាប្រចាំអង្គការសហប្រជាជាតិ ហៅកិច្ចប្រជុំនេះ ជាការលូកដៃរបស់អន្តរជាតិចូលកិច្ចការផ្ទៃក្នុងឥណ្ឌា។ ប៉ុន្តែបេសកជនប៉ាគីស្ថានវិញ ចាត់ទុកជំនួបជាភស្តុតាងបង្ហាញថា កាស្មៀរជាបញ្ហាអន្តរជាតិ ហើយថា ជំនួបនេះ ជាការចាប់ផ្ដើមជំហានដំបូងនៃការរកយុត្តិធម៌របស់ប្រជាជនកាស្មៀរ។



តាមសំណើរបស់ចិន និងប៉ាគីស្ថាន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបិទទ្វារនៅថ្ងៃទី១៦ ខែសីហាដើម្បីជជែកពីបញ្ហានៅតំបន់កាស្មៀរ។ ចិន និងប៉ាគីស្ថាន សម្រេចចិត្តកោះប្រជុំសមាជិកក្រុមប្រឹក្សាសន្តិសុខ ក្រោយឥណ្ឌាដកឋានៈស្វ័យភាពរបស់កាស្មៀរ ហើយចាត់ចែងកិច្ចការតំបន់មួយនេះដោយផ្ទាល់តាមរយៈការផ្ដល់ឋានៈជារដ្ឋចំណុះសហព័ន្ធជំនួសវិញ ព្រមទាំងរឹតត្បិតសេរីភាពប្រជាជនផងដែរ។

នេះជាលើកដំបូងក្នុងរយៈពេលជាង៥០ឆ្នាំដែលក្រុមប្រឹក្សាសន្តិសុខជជែកជាផ្លូវការលើកប្រធានបទកាស្មៀរដែលត្រូវបានបែងចែកដោយឥណ្ឌា និងប៉ាគីស្ថានក្រោយទទួលបានឯករាជ្យឆ្នាំ១៩៤៧ មក។ កិច្ចប្រជុំលើកចុងក្រោយធ្វើឡើងតាំងពីឆ្នាំ១៩៧១មកម្ល៉េះ។

ឥណ្ឌា មិនពេញចិត្តទាល់តែសោះចំពោះកិច្ចប្រជុំនេះ។ អគ្គរដ្ឋទូតឥណ្ឌាប្រចាំអង្គការសហប្រជាជាតិSyed Akbaruddin ប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំបិទទ្វារថា ឥណ្ឌាមិនត្រូវការឲ្យស្ថាប័នអន្តរជាតិមកប្រាប់ខ្លួនថា ត្រូវដឹកនាំប្រទេសតាមណាឡើយ ព្រោះឥណ្ឌាមានប្រជាជនលើសមួយពាន់លាននាក់ឯណោះ។ តំណាងឥណ្ឌារូបនេះ ក៏និយាយការពារការរឹតត្បិតនៅកាស្មៀរ ថា ជាវិធានការសមស្រប ហើយកំពុងតែត្រូវបានបន្ធូរបន្ថយបណ្ដើរៗហើយដែរ។

កាស្មៀរ ដែលត្រូវបានហែកឥណ្ឌា និងប៉ាគីស្ថាន និងត្រូវបានចិនគ្រប់គ្រងមួយផ្នែកនោះ ជាវិបត្តិមួយដែលគំរាមកំហែងខ្លាំងដល់ស្ថិរភាពតំបន់ និងពិភពលោក ខណៈប្រទេសទាំងបីសុទ្ធតែមាននុយក្លេអ៊ែរដូចគ្នាទៅទៀត។ អស់ពេលជាច្រើនឆ្នាំ កងទ័ពឥណ្ឌា និងបាគីស្ថាន បានបាញ់តបតគ្នាទៅមកនៅតំបន់នេះ ហើយការប៉ះទង្គិចចុងក្រោយកើតឡើងនៅខែកុម្ភៈកន្លងទៅ។ ក្រុងញូវដេលី បានរារាំងការជជែកនៅស្ថាប័នពិភពលោកមួយនេះលើបញ្ហាកាស្មៀរ ដោយចាត់ទុកជាកិច្ចការផ្ទៃក្នុងរបស់ខ្លួន។

ឥណ្ឌាមិនសប្បាយចិត្ត តែប៉ាគីស្ថាមុខរីក។ បេសកជនក្រុងអ៊ីស្លាម៉ាបាដប្រចាំអង្គការពិភពលោកមួយនេះ Maleeha Lodhi និយាយថា កិច្ចប្រជុំថ្ងៃទី១៦ ខែសីហា ជាការទទួលស្គាល់កាស្មៀរ ជាជម្លោះអន្តរជាតិ ហើយសំឡេងរបស់ប្រជាជនកាស្មៀរ បានទៅដល់អង្គការកំពូលនេះហើយ។ ប៉ុន្តែអ្នកការទូតរូបនេះ អះអាងថា នេះជាការចាប់ផ្ដើមប៉ុណ្ណោះក្នុងការដោះស្រាយវិបត្តិរ៉ាំរ៉ៃមួយនេះ ហើយវានឹងបញ្ចប់ពេលពលរដ្ឋកាស្មៀរទទួលបានយុត្តិធម៌៕

Tag:
 ឥណ្ឌា
  ចិន
  ប៉ាគីស្ថាម
  កាស្មៀរ
  UN
© រក្សាសិទ្ធិដោយ thmeythmey.com