ជាតិ
សេដ្ឋកិច្ច
មជ្ឈមណ្ឌលវាយតម្លៃម្ហូបអាហារដំបូងនៅកម្ពុជា ដាក់ឲ្យដំណើរការ
18, Aug 2019 , 11:20 am        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងទេសចរណ៍
រូបពីហ្វេសប៊ុកក្រសួងទេសចរណ៍
ភ្នំពេញ៖ មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ថាលាស (Thalias) ផ្នែកផលិតកម្មម្ហូបអាហារ បានដាក់ឱ្យដំណើរការ កាលពីថ្ងៃទី១៥សីហា ឆ្នាំ២០១៩។ ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលវាយតម្លៃចុងភៅ នៅភោជនីយដ្ឋានតូប៉ាហ្ស រាជធានីភ្នំពេញ លោក ថោង ខុន បានលើកឡើងថា ការបង្កើតមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពនេះ នឹងអាចផ្តល់ឱកាសដល់អ្នកជំនាញផ្នែកផលិតកម្មម្ហូបអាហារ(ចុងភៅ)។ ពិសេសចុងភៅដែលមានបទពិសោធន៍ល្អៗ តែពុំទាន់មានវិញ្ញាបនបត្រទទួលស្គាល់ផ្លូវការ ឲ្យទទួលបានការវាយតម្លៃសមត្ថភាព និងទទួលបានវិញ្ញាបនបត្រទទួលស្គាល់កម្រិតណាមួយ ស្របតាមយន្តការជាតិ និងអាស៊ាន។



រដ្ឋមន្ត្រីទេសចរណ៍រូបនេះ បានអះអាងថា ការទទួលស្គាល់មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពនេះ គឺស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់វិស័យទេសចរណ៍ឆ្នាំ ២០១៧-២០២៥ របស់រដ្ឋាភិបាល ដែលជំរុញដល់ភាគីពាក់ព័ន្ធស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ បុគ្គលិកបម្រើការងារ ពិសេសជំនាញចុងភៅឲ្យផ្សព្វផ្សាយ និងចូលរួមវាយតម្លៃសមត្ថភាពរបស់ខ្លួនបន្ថែមទៀត។

លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ នាថ្ងៃទី១៧ សីហា ដូច្នេះ មជ្ឈមណ្ឌលនេះ បង្កើតដោយវិស័យឯកជន ដែលមានការគាំទ្រពីក្រសួងទេសចរណ៍ក្នុង គោលបំណង ជំរុញឱ្យមានការអភិវឌ្ឍលើវិស័យម្ហូបអាហារនៅកម្ពុជា ឱ្យមានស្តង់ដារមួយច្បាស់លាស់។ ជាពិសេសអ្នកជំនាញខាងចុងភៅ នឹងទទួលស្គាល់ដោយមានវិញ្ញាបនបត្របញ្ជាក់នូវកម្រិតអាហារទៅតាមសមត្ថភាពរបស់ចុងភៅនីមួយៗ»។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា កន្លងមកចុងភៅមួយចំនួននៅកម្ពុជា មិនបានវាយតម្លៃចុងភៅថាស្ថិតនៅក្នុងកម្រិតណាមួយនៅឡើយទេ។

បើតាម លោក តុប សុភ័ក ការដាក់ឱ្យការមជ្ឈមណ្ឌលវាយតម្លៃម្ហូបអាហារនេះ គឺស្របទៅនឹងយុទ្ធសាស្រ្តរបស់ក្រសួងទេសចរណ៍ ក្នុងការបណ្តុះបណ្តាលអ្នកដែលបម្រើការងារក្នុងវិស័យទេសចរណ៍ឱ្យបាន៥០ភាគរយនៃចំនួនសរុបជិត១លាននាក់នៅឆ្នាំ២០២០ និង១០០ភាគរយនៅឆ្នាំ២០២៥។ បច្ចុប្បន្ន កម្លាំងពលកម្មដែលបម្រើការងារក្នុងវិស័យទេសចរណ៍នៅកម្ពុជាមានជាង៦០ម៉ឺននាក់ ក្នុងនោះមានតែជិត២០ភាគរយប៉ុណ្ណោះ ដែលបានឆ្លងកាត់ការសិក្សាជំនាញទេសចរណ៍ តាមសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ សាកលវិទ្យាល័យទេសចរណ៍ និងវគ្គបណ្ដុះបណ្ដាលខ្លី៕

Tag:
 ទេសចរណ៍
  អាហារ
  ថោង ខុន
© រក្សាសិទ្ធិដោយ thmeythmey.com