កីឡាជាតិ
ជាតិ
បឹងកេតសងសឹកវិសាខា ខណៈក្រោនប៉ះប៉ូលិស ថាយហ្គឺរជួបអាស៊ីអឺរ៉ុប ស្វាយរៀងជួបកំពង់ចាម
18, Aug 2019 , 12:35 pm        
រូបភាព
ដោយ:
ការប្រកួតក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគសប្តាហ៍ទី២០នៅថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០១៩ នេះ មានការប្រកួតចំនួន៤គូ ក្នុងនោះបឹងកេតត្រូវស្វាគមន៍វិសាខា ភ្នំពេញក្រោន ប៉ះអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) រីឯអង្គរថាយហ្គឺរជួបអាស៊ីអឺរ៉ុប ដោយការប្រកួតទាំង៣ធ្វើឡើងនៅម៉ោង៣:៣០នាទីរសៀលដូចគ្នា។ ចំណែកក្រុមព្រះខ័នរាជស្វាយរៀងស្វាគមន៍ភ្ញៀវកំពង់ចាមនៅម៉ោង៦ល្ងាច។



បឹងកេតរំពឹងយកឈ្នះវិសាខា នាជំនួបនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េវេលាម៉ោង៣និង៣០នាទីរសៀល ដើម្បីជម្រះបញ្ជីចាស់ដែលពួកគេបានចាញ់ ៣-២ នៅទឹកដីវិសាខា។ ក្រុមក្រោមការដឹកនាំរបស់លោក ហៅ សុជាតិ ក៏ត្រូវការឈ្នះដើម្បីរក្សាគម្លាតក្នុងការប្រជែងដណ្តើមជើងឯកនៅរដូវកាលនេះផងដែរ ខណៈបច្ចុប្បន្នពួកគេស្ថិតនៅលេងរៀងទី៤មាន៤០ពិន្ទុ ដោយមានគម្លាតពិន្ទុពីក្រុមកំពូលតារាងរហូតដល់៩ពិន្ទុ។

ជ័យជម្នះរឹតតែសំខាន់សម្រាប់វិសាខា ដ្បិតពួកគេត្រូវការឈ្នះបឹងកេត ដើម្បីឡើងទៅឈរលេខរៀងទី២ ដែលណាហ្គាវើលបានគ្រប់គ្រងកាលពីម្សិលមិញ បន្ទាប់ពីពួកគេយកឈ្នះអគ្គិសនីកម្ពុជាក្នុងលទ្ធផល ៦-១ នៅលើទឹកដីកីឡដ្ឋានស្តាតចាស់។ វិសាខាមិនទាន់ស្គាល់បរាជ័យ ឬស្មើនោះឡើយ សម្រាប់៨ប្រកួតជាប់គ្នាកន្លងមកនេះ ពោលគឺឈ្នះទាំងអស់។ ដូច្នេះការប៉ះគ្នារវាងពួកគេទាំងនឹងក្លាយជាការប្រកួតដ៏តានតឹង និងជក់ចិត្តបំផុត ហើយយើងរំពឹងថា ការប្រកួតនេះនឹងអាចទាក់ទាញអ្នកគាំទ្រយ៉ាងច្រើនកុះករ។

នៅម៉ោង៣និង៣០នាទីរសៀលនេះដែរ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងប្រើកីឡដ្ឋានអគ្គិសនីកម្ពុជាទទួលស្វាគមន៍ភ្នំពេញក្រោន។ នេះឱកាសសម្រាប់ក្រុមក្រោមការដឹកនាំរបស់លោក ប្រាក់ សុវណ្ណារ៉ា ដើម្បីស្តារមុខមាត់ ក៏ដូចជាសងសឹងភ្នំពេញក្រោន ដែលពួកគេបានចាញ់ ៣-០ នៅជើងទី១។ បច្ចុប្បន្នអគ្គស្នងការដ្ឋាននគរបាលជាតិស្ថិតនៅលេខរៀងទី១១មាន១៨ពិន្ទុ ខណៈភ្នំពេញក្រោនឈរលេខរៀងទី៧មាន២៩ពិន្ទុ។

នៅម៉ោងដំណាលគ្នានេះដែរ ក្រុមស្ថិតនៅលេខរៀងទី៨មាន២៣ពិន្ទុអាស៊ីអឺរ៉ុប បើកទ្វារកីឡដ្ឋាន A.E.U Sports Park ទទួលអង្គរថាយហ្គឺរ ដែលស្ថិតនៅលេខរៀងទី៥មាន៣៨ពិន្ទុ។ ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបអង្គរថាយហ្គឺររំពឹងទទួលបាន៣ពិន្ទុ ដើម្បីបង្កើនក្តីសង្ឃឹមក្នុងការប្រជែងជើងឯក។ បច្ចុប្បន្នក្រុមនេះមានគម្លាត១១ពិន្ទុពីក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង។ នាការប្រកួតជើងទី១ក្រមអង្គរថាយហ្គឺរបានយកឈ្នះអាស៊ីអឺរ៉ុបក្នុងលទ្ធផល ៦-១។

គេរំពឹងថាព្រះខ័នរាជស្វាយរៀងនឹងទទួលបាន៣ពិន្ទុបន្ថែម ដើម្បីបន្តគ្រប់គ្រងកំពូលតារាងសប្តាហ៍ទី២០ជាមួយ៥២ពិន្ទុ ដ្បិតពួកគេប៉ះជាមួយកំពង់ចាម ដែលពួកគេបានយកឈ្នះរហូត ១៣-០ នៅជើងទី១។ តាំងពីចាប់ផ្តើមប្រកួតរហូតមកដល់បច្ចុប្បន្នក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ មិនទាន់ស្គាល់ចាញ់ឡើយ ក្នុងនោះយកឈ្នះគូប្រកួត១៥លើក និងស្មើ៤ ដែលធ្វើឲ្យពួកគេមានឱកាសច្រើនក្នុងគ្រងជើងឯកនៅឆ្នាំនេះ។

សម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០១៩ ក្រុមណាហ្គាវើលបានយកឈ្នះអគ្គិសនីកម្ពុជាក្នុងលទ្ធផល ៦-១ ដើម្បីឡើងទៅឈរលេខរៀងទី២បណ្តោះអាសន្នដោយមាន៤៤ពិន្ទុ រីឯក្រសួងការពារជាតិយកឈ្នះយុវជនអាយុក្រោម១៨ឆ្នាំបាទីក្នុងលទ្ធផល ៤-១ ខណៈសូលទីឡូអង្គរបញ្ចប់ដោយគ្មានការស៊ុតបញ្ចូលទីជាមួយគីរីវង់សុខសែនជ័យ៕

Tag:
 បាល់ទាត់
  Cambodian League 2019
  បឹងកេត
  វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com