ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ ខែសីហា ខាងមុខ។ ថ្នាក់ដឹកនាំខេត្តជាច្រើន បានរៀបចំជួយសម្រួលដល់គ្រូ និងបេក្ខជនដែលត្រូវប្រឡង។ ជាមួយគ្នានេះ សិស្សដែលទទួលបាននិទ្ទេស A ក៏នឹងទទួលបានរង្វាន់មួយចំនួនពីសំណាក់ថ្នាក់ដឹកនាំខេត្តរបស់ខ្លួនផងដែរ។
នៅខេត្តកោះកុង សិស្សនិទ្ទេស A នឹងទទួលបានប្រាក់រង្វាន់៤លានរៀល និងកុំព្យូទ័រម្នាក់មួយគ្រឿងពីលោកស្រី មិថុនា ភូថង ដែលជាអភិបាលខេត្ត។ លោក សុខ សុទ្ធី អ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុងបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា រដ្ឋបាលខេត្តក៏រៀបចំកន្លែងស្នាក់នៅ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ និងបន្ទប់ជួល ដែលនៅក្បែរមណ្ឌលប្រឡង ដល់សិស្ស និងអាណាព្យាបាលសិស្សក្នុងដំណើរការប្រឡងផងដែរ។
ម៉ូតូ និង Ipad ម្នាក់១គ្រឿង នឹងត្រូវបានផ្តល់ផងដែរសម្រាប់សិស្សនិទ្ទេស A នៅខេត្តកំពង់ធំ ដោយលោកអភិបាលខេត្ត សុខ លូ។ រដ្ឋបាលខេត្តកំពង់ធំ ក៏បានផ្ដល់លេខទូរសព្ទអភិបាលក្រុង-ស្រុកទាំង៩របស់ខ្លួន សម្រាប់សិស្ស និងអាណាព្យាបាល ដែលមានជីវភាពខ្វះខាត និងពិបាករកកន្លែងស្នាក់នៅ។
សិស្សដែលនៅឆ្ងាយពីមណ្ឌលប្រឡងនៅស្រុកព្រៃនប់ កំពង់សិលា និងស្ទឹងហាវ ក៏ទទួលបានការយកចិត្តទុកពីរដ្ឋបាលខេត្តព្រះសីហនុផងដែរ។ លោក ឱ សារឿន អ្នកនាំពាក្យរដ្ឋបាលខេត្ត បានអះអាងថា លោកអភិបាលខេត្តបានសន្យាផ្តល់ម៉ូតូ និងរង្វាន់លើកទឹកចិត្តផ្សេងទៀតសម្រាប់សិស្សនិទ្ទេស A ដូចគ្នា។
ខេត្តសៀមរាប ក៏មិនខុសគ្នាដែរ។ លោក សុខ ផល នាយករដ្ឋបាលខេត្ត បានប្រាប់សារព័ត៌មានថ្មីៗថា អភិបាលខេត្តត្រៀមខ្លួនរួចជាស្រេចក្នុងការលើកទឹកចិត្តសិស្សពូកែ ដែលទទួលបាននិទ្ទេស A ដែលមានដូចជាម៉ូតូ ថវិកា និងរង្វាន់លើកទឹកចិត្តផ្សេងទៀត។ នាយករដ្ឋបាលខេត្តជឿជាក់ថា សិស្សនៅសៀមរាបនឹងជាប់និទ្ទេស A ច្រើនជាងមុន ដោយសារពួកគេបានរៀនវគ្គបំប៉នបន្ថែមមុនពេលប្រឡង។
ម៉ូតូ Zoomer X ឬ Scoopy ក៏រង់ចាំជ័យលាភីនិទ្ទេស A នៅខេត្តកណ្តាលផងដែរ។ បន្ថែមពីលើនេះ លោកអភិបាលខេត្ត ម៉ៅ ភិរុណ នឹងផ្តល់ទឹកប្រាក់ចំនួន១០ម៉ឺនរៀលដល់លោកគ្រូ អ្នកគ្រូ និងសិស្សដែលប្រឡងទាំងអស់ក្នុងក្រុងតាខ្មៅ ក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀលផងដែរ។
ដោយឡែកសិស្សដែលជាប់និទ្ទេស A ក្នុងខេត្តត្បូងឃ្មុំ នឹងទទួលបានរង្វាន់ជាម៉ូតូ កុំព្យូទ័រ អាហារូបករណ៍ និងថវិកាមួយចំនួន ពីលោកអភិបាលខេត្ត និងលោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច។ បើតាមលោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតីសម្បទា ការផ្តល់រង្វាន់ទាំងនេះ ក្នុងគោលបំណងលើកទឹកចិត្តដល់សិស្សឲ្យមានស្មារតីប្រឹងប្រែងរកជ័យជំនះទៅថ្ងៃអនាគត ដើម្បីកសាងប្រទេសជាតិបន្តទៀត។
ក្រៅពីប្រភពព័ត៌មានដែលសារព័ត៌មានថ្មីៗបានលើកឡើង ថ្នាក់ដឹកនាំខេត្តផ្សេងទៀត ក៏មានការសន្យា និងសម្រួលដល់សិស្ស និងលោកគ្រូអ្នកគ្រូ សម្រាប់ការប្រឡងបាក់ឌុបនាពេលខាងមុខនេះដែរ ជាពិសេសនៅតាមមណ្ឌលប្រឡងជាច្រើន ការផ្ញើកង់ ម៉ូតូ រថយន្ត មិនតម្រូវឲ្យបង់ថ្លៃនោះឡើយ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ ខែសីហា ដោយមានសិស្សប្រឡងសរុបចំនួន ១១៧,២១៧នាក់ ក្នុងនោះមានស្រីចំនួន ៦១,០៣១នាក់។ តាមតួលេខពីក្រសួងអប់រំ ឆ្នាំនេះបេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រមាន ៤៥,៤១៤នាក់(ស្រី២,៥៥២៦នាក់) និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន៧៣,៨០៣នាក់ (ស្រី៣៥,៥៣៨នាក់)។ មណ្ឌលប្រឡងមានចំនួន ២០២ មណ្ឌល ថ្នាក់វិទ្យាសាស្ត្រមាន៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន ១២៧មណ្ឌល ចែកចេញជា៧២៥បន្ទប់៕