ជាតិ
សុវណ្ណរចនា ចាប់ជំនាញច្នៃម៉ូតទាល់តែបាន ទោះឳពុកម្ដាយខ្វះខាតលុយ ពិបាករកសាលារៀន និងគេបន្ទច់បង្អាក់ កញ្ញា សេង សុវណ្ណរចនា (ពាក់អាវស)
× ភ្នំពេញ៖ យុវតីវ័យក្មេង សេង សុវណ្ណរចនា ជាបេក្ខភាពម្នាក់ដែលទទួលបានជោគជ័យលើការស្នាដៃច្នៃម៉ូតសម្លៀកបំពាក់ពីកម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់ (Fashion Function) ដែលរៀបចំឡើងដោយស្ថានទូតអាល្លឺម៉ង់ កាលពីពេលថ្មីៗនេះ។ ម៉ូតសម្លៀកបំពាក់របស់កញ្ញាទទួលបានពិន្ទុកល្អពីគណៈកម្មការក្នុងចំណោម ៥ក្រុមចុងក្រោយ ដែលមានក្រុមចូលរួមប្រគួត ១២ ក្រុម។ ក្រោយទទួលបានជោគជ័យលើការតាំងបង្ហាញស្នារដៃរបស់ខ្លួននេះ កញ្ញាក៏ទទួលកាអនុញ្ញាតឲ្យធ្វើដំណើរទស្សនកិច្ចសិក្សា និងបង្ហាញស្នាដៃរបស់ខ្លួន នៅប្រទេសអាល្លឺម៉ង់នាពេលខាងមុខនេះផងដែរ។
សូមស្ដាប់បទសម្ភាសរវាងលោក ភួង វ៉ាន់ថា នៃសារព័ត៌មានថ្មីៗ និងកញ្ញា សេង សុវណ្ណរចនា ដូចតទៅ៖
បច្ចុប្បន្ននេះ យុវតីវ័យក្នេងរូបនេះ ក៏ជាប់ជាបេក្ខភាពឆ្នើមលើការស្នាដៃច្នៃម៉ូតសម្លៀកបំពាក់ក្នុងកម្មវិធីផ្សេងៗទៀតផងដែរ ក្រោយពីកញ្ញបានខិតខំប្រឹងរៀនសូត្រលើជំនាញនេះអស់រយៈពេល២ឆ្នាំ។ សុវណ្ណរចនា មានក្តីបំណងបើកហាងច្នៃម៉ូតសម្លៀកបំពាក់ផ្ទាល់ខ្លួនមួយកន្លែងនាថ្ងៃអនាគត ដោយកញ្ញាបញ្ជាក់ថាប្រមូលបានបទពិសោធន៍ការងារមួយចំនួនសិន ទើបចេញធ្វើអាជីវកម្ម។
យុវតីវ័យ២០ ឆ្នាំរូបនេះ បានឲ្យដឹងទៀតថា មុននឹងទទួលបានជោគជ័យ និងសម្រេចក្តីស្រមៃរបស់ខ្លួនដូចសព្វថ្ងៃនេះ កញ្ញាបានជម្នះលើឧបសគ្គដែលទាំងគ្រួសារ និងមិត្តភក្ដិបានព្យាយាមបញ្ចុះបញ្ចូលកញ្ញាកុំឲ្យចាប់យកជំនាញនេះ។ ឧបសគ្គមួយទៀត គឺកញ្ញាពិបាកស្វែងរកសាលាដើម្បីសិក្សាជំនាញច្នៃម៉ូតនេះ។ សុវណ្ណរចនា បានបន្តថា ក្រោយបញ្ចប់ថា្នក់វិទ្យាល័យ ខ្លួនបានព្យាយាមរកអាហារូបករណ៍ ខណៈគ្រួសារមិនមានលទ្ធភាពឲ្យកញ្ញា រៀនបន្តលើជំនាញច្នៃម៉ូត។ ដោយការខិតខំកញ្ញាបានប្រឡងជាប់អាហារូបករណ៍រៀនជំនាញច្នៃម៉ូត នៅមជ្ឈមណ្ឌលរចនាម៉ូត MaPa Fashion Design Academy ក្នុងឆ្នាំ២០១៧ ។ ដើម្បីពង្រឹងជំនាញរបស់ខ្លួនបន្ថែមទៀត កញ្ញាក៏បានដាក់ពាក្យស្នើសុំអាហារូបករណ៍រៀនជំនាញខាងលើនៅ មជ្ឈមណ្ឌលរចនាម៉ូត «Modern Ethnic Design Center» បន្ថែមមួយទៀត នាឆ្នាំ២០១៨។
កញ្ញបានបន្តែមថា៖«គ្រួសាររបស់ខ្ញុំមិនមែនប្រឆាំងដាច់អហង្ការទេ ឬក៏មិនមែនអត់គាំទ្រទេ គឺទី១ គ្រួសាររបស់ខ្ញុំអត់មានលុយឲ្យរៀន។ ហើយគាត់បានឮអ្នកជិតខាងនិយាយថាជំនាញនេះគឺដូចជាងដេរ បើទៅរៀនជំនាញហ្នឹង ទៅរៀនដេរតែម្តងទៅ។ ហើយគេថាខ្ញុំរៀនចប់ថ្នាក់ទី១២ បែរទៅរៀនជាងដេរ ម្តេចមិនទៅរៀនសកលវិទ្យាល័យ គាត់និយាយប្រាប់ខ្ញុំ ថាវាមិនល្អ ប៉ុន្តែខ្ញុំនៅតែជម្នេះរៀន។ ខ្ញុំបានរៀនវាដោយសារខ្ញុំជាប់អាហារូបករណ៍នៅសាលាមួយ ហើយក៏ឃើញព័ត៌មានពី MEDC ហើយក៏ជាប់បានរៀននៅនឹងទៀត អ៊ីចឹងទើបខ្ញុំបានរៀន»។
អ្នកច្នៃម៉ូតវ័យក្មេងរូបនេះក៏បានចែករំលែកជាគំនិតដល់យុវជនថា យុវជនគួរចាប់ជំនាញតាមក្ដីស្រមៃរបស់ខ្លួន
ជាជាងរៀនដើម្បីតែបានការងារ បានប្រាក់ខែ មិនបានគិតដល់ក្ដីស្រមៃ៕
Tag:
ច្នៃម៉ូត
សម្លៀកបំពាក់
សេង សុវណ្ណរចនា
© រក្សាសិទ្ធិដោយ thmeythmey.com