អន្តរជាតិ
ផលវិបាកកើតចេញពី«បំពង់បឺតប្លាស្ទិក» ដែលមនុស្សពុំសូវចាប់អារម្មណ៍
× ចំនួនតូបលក់ភេសជ្ជៈដែលប្រើកែវ គម្រប និងថង់ប្លាស្ទិក ជាមួយនឹងបំពង់បឺតប្លាស្ទិក ក្នុងតម្លៃមួយដ៏សមរម្យកំពុងកើនឡើងគួរឲ្យកត់សម្គាល់នៅកម្ពុជា ដោយសារតម្រូវការកើនឡើង។ យ៉ាងណាមិញ សំរាម ទាំងនោះត្រូវបានអ្នកប្រើប្រាស់បោះចោលក្នុងធុង ឬក្រៅធុងសំរាមផង។ សំណល់ប្លាស្ទិក ទាំងនោះមិនទៅណាឆ្ងាយពីបរិស្ថានដែលអ្នក គ្រួសារអ្នក និងក្មេងៗជំនាន់ក្រោយរស់នៅឡើយ។
«បំពង់បឺត» មានតម្លៃថោក និងគ្មានអ្វីធំដុំនោះទេ បើប្រៀបធៀបនឹងសម្ភារផ្សេងទៀត។ ប៉ុន្តែវត្ថុតូចមួយនេះមានចំណែកបំពុលបរិស្ថានខ្លាំងដែរ។ បើតាមទូរទស្សន៍ National Geographic អាមរិក ប្រើប្រាស់បំពង់បឺតប្រមាណ៥០០លានដើមក្នុងមួយថ្ងៃៗ។ ទិន្នន័យមួយទៀតក៏បាននិយាយដែរថា ក្នុងដើមឆ្នាំ២០១៩នេះ យ៉ាងតិច មានបំពង់បឺតប្រមាណ ៨,៣ ពាន់លានដើមកំពុងតែបំពុលឆ្នេរសមុទ្រនានាលើពិភពលោក។
គេហទំព័របរិស្ថាន strawlessocean.org ក៏បានលើកឡើងដែរថា ដោយសារតែលក្ខណៈស្រាល តូច និងទន់របស់វានេះ ទើបធ្វើឲ្យម៉ាស៊ីនញែកកាកសំណល់មួយចំនួនពិបាកក្នុងការញែកវាចេញពីកាកសំណល់រឹងៗដទៃទៀត។ ដោយសារតែការគ្រប់គ្រងកាកសំណល់ក្នុងទីក្រុងមួយចំនួន នៅមានកម្រិត និងអាកប្បកិរិយាអ្នករស់នៅមិនសូវស្រឡាញ់បរិស្ថានគួបផ្សំគ្នាផងនោះ បំពង់បឺតទាំងនោះ អាចហូរចូលទីក្នុងប្រភពទឹកសាប ឬទឹកប្រៃតាមរយៈខ្យល់ ឬតាមរយៈបំពង់បង្ហូរលូនានាជាដើម។
នៅពេលដែលផលិតផលប្លាស្ទិកទាំងនោះ ហូរចូលទៅក្នុងប្រភពទឹកហើយ វានឹងបំបែកទៅជាកម្ទេចប្លាស្ទិកតូចៗ មើលនឹងភ្នែកទទេមិនឃើញ ដែលគេហៅថា «មីក្រូប្លាស្ទិក»។ តួលេខប៉ាន់ស្មានមួយបាននិយាយថា ក្នុងឆ្នាំ២០៥០ សត្វសមុទ្រជាង៩៩% ក្នុងពិភពលោក និងទទួលរងគ្រោះជាមួយបញ្ហាកាកសំណល់ប្លាស្ទិកនៅក្នុងប្រដាប់រំលាយអាហាររបស់ពួកវា។
បើអ្នកនៅតែបន្តបណ្តែតបណ្តោយឲ្យវាកើតឡើង ដោយមិនយកចិត្តទុកដាក់ជាមួយនឹងផលវិបត្តិក្នុងថ្ងៃអនាគត នោះប្រភពអាហារដែលមានមកពីសមុទ្រ ប្រភពទឹកសាបដែលយើងពិសារៀងរាល់ថ្ងៃ និងប្រភពអំបិលចម្អិនម្ហូប នឹងត្រូវបានបំពុលដោយពពួកមីក្រូប្លាស្ទិក។ មនុស្សក្មេងៗជំនាន់ក្រោយនឹងទទួលរងបញ្ហាទាំងអស់នេះ។
ប៉ុន្តែលោកអ្នកអាចកាត់បន្ថយវាបន្តិចៗម្តងបាន។ ក្នុងឆ្នាំ២០១៨ ទីក្រុង Seattle នៃសហរដ្ឋអាមេរិកបានកំណត់ឲ្យឈប់ប្រើប្រាស់ផលិតផលបំពង់បឺតប្លាស្ទិក ហើយក្នុងឆ្នាំ២០២០ ហាងកាហ្វេ Starbucks នឹងប្រើប្រាស់បំពង់បឺតដែលផលិតចេញពីសារធាតុសារីរាង្គ ដែលមានដូចជាក្រដាសវិញឲ្យបានកាន់តែច្រើនទៅៗ។
ចំណែកក្រុមហ៊ុនអាកាសចរណ៍ Alaska ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដទៃទៀតដែលនឹងបញ្ឈប់ការប្រើប្រាស់បំពង់បឺតប្លាស្ទិក។ សម្រាប់លោកអ្នកវិញ ការមិនប្រើប្រាស់បំពង់ប្លាស្ទិកសម្រាប់ការពិសាកាហ្វេ ឬ ទឹកផ្លែឈើ ការប្រើប្រាស់បំពង់បឺតផលិតចេញពីបំពង់ឫស្សី គឺជាសកម្មភាពមួយចំនួនដែលនឹងជួយសង្គ្រោះបរិស្ថានដែលអ្នក និងកូនរបស់អ្នក រួមទាំងសត្វ និងរុក្ខជាតិជាច្រើនដទៃទៀតកំពុងរស់នៅ៕
Tag:
ប្លាស្ទិក
សំណល់
បំពង់បឺត
© រក្សាសិទ្ធិដោយ thmeythmey.com