ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពិព័រណ៍​រូបថត​អគារ​៣​សម័យកាល ជួយ​ត្រាយផ្លូវ​សម្រាប់​ការស្វែងយល់​ពី​ស្ថាបត្យកម្ម​រចនាបទ​ខ្មែរ​
18, Aug 2019 , 5:29 pm        
រូបភាព
​ភ្នំពេញ​៖ រូបថត​អគារ​ស្ថាបត្យកម្ម​ខ្មែរ​ចំនួន​៥០​ផ្ទាំង ដែលមាន​សំណង់​ព្រះវិហារ ចេតិយ ផ្ទះ និង​សំណង់​ជាច្រើន​ទៀត មាន​អាយុកាល​តាំងពី​សម័យ​បារាំង សង្គមរាស្ត្រនិយម និង​មុន​សម័យ ប៉ុល ពត បានដាក់​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​«​រូបថត​អគារ​បេតិកភណ្ឌ​៣​សម័យកាល​»​។ ពិព័រណ៍​រូបថត​នេះ ជា​ផ្នែក​មួយ​ជួយ​ឱ្យ​យុវជន​បាន​សិក្សា​ស្វែងយល់​ពី​ស្ថាបត្យកម្ម​រចនាបទ​ខ្មែរ​ពី​សម័យមុន​។ អ្នកស្រាវជ្រាវ​លោក ស្រ៊ិ​ន សុខ​មាន ចង់ឱ្យ​ទីតាំង​ដែលមាន​សំណង់​បេតិកភណ្ឌ​ទាំងនោះ ក្លាយជា​តំបន់​ទេសចរណ៍ ដើម្បី​ផ្ដល់​ប្រ​យោន​ជ៍​ដល់​ប្រជាជន​មូលដ្ឋាន​។​

 
​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



 
​នា​វេលា​ម៉ោង​ប្រមាណ​៦​ល្ងាច នៅ​វិចិត្រសាល​ក្បាច់ បរិវេណ​មជ្ឈមណ្ឌល Factory Phnom Penh  គេ​ឃើញ​មាន​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន តារា​សម្ដែង និង​តន្ត្រីករ នា​ទសវត្សរ៍​ទី​៦០ រួមទាំង​ស្ថាបត្យករ​ខ្មែរ​មួយចំនួនទៀត ចូលរួម​ទស្សនា ការតាំងពិព័រណ៍​រូបថត​អគារ​បេតិកភណ្ឌ​៣​សម័យកាល​។ គឺ​សម័យ​បារាំង សង្គមរាស្ត្រនិយម និង​សម័យមុន​សង្គ្រាម ប៉ុល ពត​។ កម្មវិធី​នេះ​ថែមទាំង​មានការ​បង្ហាញ​សិល្បៈ​ចម្រុះ ដូចជា​ការសម្ដែង​ល្ខោន​ទោល ឬ​ហៅថា​ការនិទាន​រឿង ការបង្ហាញ​ពី​សិល្បៈ​ខ្មែរ ព្រមទាំង​ការដើរ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ច្នៃ​ពី​កន្ទេលកក់​ថែម​ទៀតផង​។ អ្វីដែល​ពិព័រណ៍​ចង់បង្ហាញ គឺ​ទេពកោសល្យ និង​អត្តសញ្ញាណ​ខ្មែរ ដែលមាន​ជាប់​ជាមួយ​សំណង់​អគារ សម្លៀកបំពាក់ រួមទាំង​សិល្បៈ​គ្រប់​ទម្រង់​របស់​ខ្មែរ​។ 


 
​កញ្ញា ឡូញ ម៉ា​ឡែ​ន មកពី​ខេត្តព្រៃវែង ជក់ចិត្ត​និង​ការដើរ​ទស្សនា​ពិព័រណ៍​អគារ​បេតិកភណ្ឌ​នេះ​។ និស្សិត​ផ្នែក​ស្ថាន​ប​ត្យ​កម្ម​វ័យ​២២​ឆ្នាំ​រូបនេះ ចាប់អារម្មណ៍​ខ្លាំង​លើ​អគារ​ដែល​សង់​ពី​ឈើ​ហើយ​មាន​អាយុកាល​យូរ​ដូចជា​អគារ​ថ្ម​នោះ​៖«​ពិព័រណ៍​នេះ​ទាក់ទង​នឹង​ខ្ញុំ​រៀន​។ កម្មវិធី​នេះ​ល្អ​ព្រោះ​គាត់​បាន​ទៅ​ថត​យក​រូបភាព ស្រាវជ្រាវ​ពី​អាយុកាល​របស់​អគារ​។ ខ្ញុំ​ចាប់អារម្មណ៍​អគារ​សង់​ពី​ឈើ ព្រោះ​ចំណុច​ពិសេស​គឺ​អាយុកាល​របស់​វា​បានយូរ​ដូច​អគារ​សង់​ពី​ថ្ម​ដែរ​»​។ 


 
​អង្គុយ​នៅក្បែរ ម៉ា​ឡែ​ន យុវជន លុន គីម​ស័​រ ក៏​ជា​និស្សិត​ផ្នែក​ស្ថាបត្យកម្ម​ដែរ​។ អង្គុយ​មើល ការសម្ដែង​នៅលើ​ឆាក គីម​ស័​រ ស្ងើចសរសើរ​ចំពោះ​ស្ថាបត្យកម្ម​ខ្មែរ​ដែល​បានបង្ហាញ​ក្នុង​ពិព័រណ៍​។ ហើយ​លោក​ពន្យល់​ដូច្នេះ​៖«​មូលហេតុ​ដែល​ខ្ញុំ​ចាប់អារម្មណ៍​មកពី​ខ្ញុំ​ជា​និស្សិត​ផ្នែក​ស្ថាបត្យកម្ម​។ ខ្ញុំ​ចាប់អារម្មណ៍​សំណង់​បេតិកភណ្ឌ​គ្រប់​សម័យកាល​ទាំងអស់​។ អគារ​កាលពីមុន​អស្ចារ្យ​ខ្លាំង​ទៅលើ​ស្ថាបត្យកម្ម សិល្បៈ និង​ក្បាច់​ផ្សេងៗ​។ ពី​សម័យមុន​ការច្នៃ​ម៉ូដ​នីមួយៗ​សុទ្ធតែ​បានគិត​ពី​ព្រលឹង ហើយ​និង​សិល្បៈ​ឱ្យ​កាន់​តែមាន​សោភ័ណភាព​»​។ រូប​២



ព្រម​ដោយ​ស្នាម​ញញិម​កញ្ញា ឡូញ ម៉ា​ឡែ​ន មាន​ចំណាប់អារម្មណ៍​ចំពោះ​ការតាំងពិព័រណ៍​បែបនេះ​៖«​ការ​មក​មើល​នេះ​មាន​អត្ថប្រយោជន៍​ច្រើន​។ យើង​អាច​មើលឃើញ​ពី​ចំណុច​ពិសេស​របស់​អគារ ហើយ​យើង​អាច​យកទៅ​បញ្ចូល​ក្នុង​គំនិត​ដែល​យើង​ចង់​បង្កើត​ថ្មី ដើម្បីឱ្យ​គំនិត​របស់​យើង​កាន់តែ​ល្អ​»​។ 
 
​ទោះជា​យ៉ាងណា​និស្សិត​ឆ្នាំ​ទី​៥ គីម​ស័​រ ដែល​ភ្នែក​សម្លឹង​ទៅ​មើល​មនុស្ស​នៅ​ចំពោះមុខ​ខ្លួន​នោះ ថា​ស្ថាបត្យករ​តែង​គិតពី​បរិយាកាស​និង​បរិស្ថាន​នៅ​ជុំវិញខ្លួន មុននឹង​សាងសង់​អគារ ប៉ុន​តែ​ពេលខ្លះ​ពួកគេ​ក៏ត្រូវ​ត​ម្រូ​រ​តាមចិត្ត​ម្ចាស់ផ្ទះ​ដែរ​៖«​ចំពោះ​យើង​ជា​អ្នករៀន​ខាង​ស្ថាបត្យកម្ម យើង​តែងតែ​ផ្សារភ្ជាប់​ជាមួយ​បរិយាកាស​និង​បរិស្ថាន​នៅ​ជុំវិញខ្លួន និង​ការរស់នៅ​ជាមួយ​ធម្មជាតិ​។ ប៉ុន្តែ​ពេលខ្លះ​យើង​តម្រូវ​ទៅតាម​ការចង់បាន​រប​ស់​ភ្ញៀវ​។ គាត់​ឃើញថា​ស្អាត​គាត់​ចង់បាន ប៉ុន្តែ​គាត់​មិនបាន​គិត​ទៅលើ​បរិស្ថាន​និង​ការរស់នៅ​ទេ​។ បច្ចុប្បន្ន​ភាគច្រើន​គេ​ប្រើ​ម៉ាស៊ីនត្រជាក់ ដូច្នេះ​យើង​ប្រឈម​នឹង​ហានិភ័យ​ដែរ​នៅពេល​ដាច់​ភ្លើង​»​។ 


 
​លោក​ពន្យល់​ពីអ្វី​ដែល​លោក​ធ្លាប់​រៀន​និង​ធ្លាប់បាន​ជួប​៖«​ផ្ទះ​ខ្មែរ​សម័យ​មុនគេ​ចូលចិត្ត​សង់​ខ្ពស់​ផុតពី​ដី​ដើម្បី​ចៀសវាង​ពី​សត្វ​សាហាវ ម្យ៉ាងទៀត​ដើម្បី​ទុក​លម្ហ​ខាងក្រោម​ប្រើប្រាស់​ជា​ប្រយោជន៍​ផ្សេងៗ​។ 
 
​មិន​ចាប់អារម្មណ៍​លើ​ការសម្ដែង បុរស​វ័យ​២២​ឆ្នាំ​ដែលជា​កូនច្បង​ក្នុង​គ្រួសារ​រូបនេះ ប្រាប់​ពី​ការ​សង្កេតឃើញ​របស់ខ្លួន​លើ​សំណង់​ស្ថាបត្យកម្ម​សម័យ​បច្ចុប្បន្ន​ថា​៖«​ភាគច្រើន​អ្វីដែល​ខ្ញុំ​មើលឃើញ​អាច​ដើរ​ទន្ទឹមគ្នា ដោយ​គាត់​បាន​យក​រចនាបទ​ខ្មែរ​និង​រចនាបទ​បរទេស​រួមបញ្ចូល​គ្នា ដោយ​ភាគច្រើន​យក​ពី​ប៉ែក​អ៊ឺរ៉ុប​»​។ 


 
​ចេញពី​និស្សិត​ទាំងពី​ខ្ញុំ​បានមក​ជួប​អ្នកទស្សនា​មួយរូប​ទៀត ខណៈពេល​ការបង្ហាញ​ម៉ូដ​សម្លៀកបំពាក់​កំពុង​បន្ត​។ អ្នកនាង ជិន ចាន់ គឺជា​អ្នកធ្វើការ​ក្នុង​បណ្ណាល័យ​។ ស្ថិតក្នុង​ទឹកមុខ​រីករាយ នារី​សម្បុរ​ស្រអែម​រូបនេះ ថា​ខ្លួន​មិន​ខកបំណង​ឡើង​ក្នុងការ​ចំណាយពេល​មក​មើល​ពិព័រណ៍​នេះ​៖«​ខ្ញុំ​យល់ថា​កម្មវិធី​នេះ​ល្អ ដើម្បីឱ្យ​ខ្មែរ​គាស់កកាយ​របស់​ចា​ស់ៗ ដែល​អ្នក​ជំនាន់​ថ្មី​យើង​មិនសូវ​បាន​ស្គាល់​។ ខ្ញុំ​ជឿថា​ការផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​បន្ថែម នឹង​អាច​ឱ្យគេ​ដឹងបាន​ច្រើន​បន្ថែមទៀត​»​។


 
​អ្វីដែល​ធ្វើឱ្យ​នារី​រូប​ស្រស់​រូបនេះ​ចាប់អារម្មណ៍​ខ្លាំង​គឺ​ការសម្ដែង​ល្ខោន​ទោល និង​ការបង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ច្នៃប្រឌិត​បែប​ប្រពៃណី​ខ្មែរ​៖«​ខ្ញុំ​ចាប់អារម្មណ៍​ជាងគេ​គឺ​លោកតា​ដែល​សម្ដែង​ល្ខោន​ទោល ព្រោះ​ខ្ញុំ​មិនដែល​បានឃើញ​ពីមុន​។ នេះ​ជា​ទេពកោសល្យ​ពិសេស​របស់គាត់​។ ហើយនឹង​កម្មវិធី​រប​ស់​រំដួល​លិច​ទឹក​ដែល​គាត់​បង្ហាញ​ថ្មីៗ​រហូត​។ គាត់​អភិរក្ស​និង​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​ខ្មែរ​»​។ 


 
​ចំណែក​លោក ស្រ៊ិ​ន សុខ​មាន ជា​អ្នកស្រាវជ្រាវ​អគារ​បេតិកភណ្ឌ​ដែល​បានរៀបចំ​ការតាំងពិព័រណ៍​នេះ ថា​ខ្លួន​ស្វះស្វែង​ស្រាវជ្រាវ​អគារ​ទាំងនោះ ព្រោះតែ​ក្ដី​ស្រឡាញ់ និង​ការព្រួយបារម្ភ​៖«​មកពី​ខ្ញុំ​ស្រឡាញ់​អគារ​ទាំងនោះ​។ អគារ​ទាំងនោះ​ខ្លះ​គេ​កំពុង​វៃ​ចោល ឬ​គ្រោង​នឹង​វៃ​ចោល ដូច្នេះ​ខ្ញុំ​ត្រូវ​ទៅ​ថត​ឱ្យ​ហើយ និង​ចងក្រង​ទុកជា​ឯកសារ​»​។


 
​ចំណាយពេល​ជិត​១០​ឆ្នាំ​ក្នុង​ការចុះ​ស្រាវជ្រាវ​ស្ទើរ​ទូទាំងប្រទេស​កម្ពុជា​លោក ស្រ៊ិ​ន សុខ​មាន មាន​ឧបសគ្គ​មួយចំនួន​៖«​ខ្ញុំ​មិនចេះ​ជិះ​ម៉ូតូ ខ្ញុំ​ក៏​មិនមាន​ឡាន ដូច្នេះ​ខ្ញុំ​ត្រូវ​ដឹងថា​ឡាន​ឈ្នួល​ចេញ​ម៉ោង​ប៉ុន្មាន​ទៅដល់​ម៉ោង​ប៉ុន្មាន​។ ប្រាក់​ខ្ញុំ​ក៏មាន​កម្រិត​ដែរ អ៊ីចឹង​ការចំណាយ​មិនអាច​កញ្ជះកញ្ជាយ​បានឡើយ​។ ទោ​ដល់​ហើយ ពេលខ្លះ​ម្ចាស់ផ្ទះ​មិនឱ្យ​ខ្ញុំ​ថតរូប​ផ្ទះ​របស់គេ​ទៀត​។ ហើយ​ខ្លះទៀត​វត្ត​បុរាណ​ត្រូវបាន​គេ​វៃ​ចោល​បាត់ទៅហើយ​។ ដូច្នេះ​ទៅ​មិនបាន​ផល​អ្វី​ទាំងអស់​»​។ 


 
​ពាក់អាវ​ពណ៌​ផ្លា​ឈូក​ដោយ​ផ្នែក​ខ្លះ​ទទឹក​ដោយ​ញើស​ព្រោះ​ការ​រវល់​ច្រើន ស្ថាបនិក​ទំព័រ​ហ្វេ​ស​ប៊ុ​ក Amazing Cambodia អះអាងថា​លោក​ព្យាយាម​រក​ប្រវត្តិ​ពិត​របស់​សំណង់​អគារ​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​៖«​ខ្ញុំ​មិន​ជឿ​តាម​ពាក្យសម្ដី​ប្រជាជន​មូលដ្ឋាន​មួយរយ​ភាគរយ​ឡើយ​។ មុននឹង​ទៅ​យ៉ាងហោចណាស់​ខ្ញុំ​មាន​ព័ត៌មាន​គោលៗ​ខ្លះ​យកទៅ​ផ្ទៀងផ្ទាត់​។ ប៉ុន្តែ​ករណីខ្លះ​នៅ​កន្លែង​ខ្លះ​មិនមាន​ឯកសារ​អ្វី​ទាំងអស់ ដូច្នេះ​ទោះបី​យើង​មិនដឹងថា​អ្វីដែល​យើង​ទទួលបាន​ពី​អ្នក​នៅ​ទីនោះ​ត្រូវ​មួយរយ​ភាគរយ ប៉ុន្តែ​យ៉ាងហោចណាស់​គាត់​គឺជា​សាក្សី​រស់​។ នៅពេល​ក្រោយ​បើ​រកបាន​ឯកសារ​បន្ថែម​យើង​អាច​ប្រៀបធៀប​គ្នា​»​។ 
 
​ភ្នែក​សំឡឹង​ទៅ​រូបថត​អគារ​ដែល​ព្យួរ​ជាប់​ជញ្ជាំង អ្នកស្រាវជ្រាវ​រូបនេះ​ថា​យ៉ាងហោចណាស់ ក្នុងចំណោម​រូប​ទាំង​៥០​ផ្ទាំង ក៏​អ្នកទស្សនា​ចាប់អារម្មណ៍​ប៉ុន្មាន​សន្លឹក​ដែរ​៖«​ក្នុង​រូបថត​៥០​នេះ​ហោចណាស់​គាត់​ចាប់អារម្មណ៍​១​ទៅ​២​ដែរ​។ នៅពេល​គាត់​ចាប់អារម្មណ៍​គាត់​អាច​នាំ​គ្រួសារ​របស់គាត់​ទៅលេង​។ ពេលខ្លះ​គាត់​បង្ហោះ​រូបនោះ ហើយ​មិត្ត​គាត់​នឹង​បានឃើញ​។ យូរ​ទៅ​កន្លែង​នោះ​នឹង​ល្បី ហើយ​ប្រជាជន​នៅ​ទីនោះ​អាច​រៀបចំ​ភូមិ​របស់ខ្លួន​ទៅជា​កន្លែង​ទេសចរណ៍​។ គាត់​មិនសូវ​ចាប់អារម្មណ៍​ព្រោះ​មិនមាន​អ្នកត្រួសត្រាយ​ផ្លូវ​»​។ 
 
​ការងារ​បន្ទាប់​របស់​លោក ស្រ៊ិ​ន សុខ​មាន គឺ​ការ​ចងក្រង​ជា​សៀវភៅ​ពីអ្វី​ដែល​លោក​បាន​ស្រាវជ្រាវ​៖«​សៀវភៅ​នោះ​និយាយ​ពី​កម្ពុជា​កន្លះ​សតវត្សរ៍​មុននឹង​ក្រោយ ដោយ​ភាគ​១​ផ្ដោតទៅលើ​ភ្នំពេញ ភាគ​២​អាច​នៅ​បាត់ដំបង ភាគ​៣​នៅ​សៀមរាប និង​កំពង់ចាម​ជា​បន្តបន្ទាប់​។ ខ្ញុំ​ចាំមើល​សម្ទុះ​នៃ​ការគាំទ្រ​និង​ថវិកា​ដែល​យើង​មាន​ជាក់ស្ដែង​។ បើ​មាន​ប្រាក់​តិច​ខ្ញុំ​អាច​បោះពុម្ព​ជា​សៀវភៅ​ស្ដើងៗ ដែល​និយាយ​ពី​រោងកុន​។ សៀវភៅ​ក្រាស់​និយាយ​ពី​ប្រវត្តិ​អគារ​។ បើសិនជា​អាច​គឺ​បោះពុម្ព​សៀវភៅ​ទាំងពីរ​ក្បាល​ដំណាលគ្នា គ្រាន់តែ​១​ស្ដើង​និង​១​ក្រាស់​»៕ 



Tag:
 សំណង់​បុរាណ​
 ​អគារ​បុរាណ​
 ​បេតិកភណ្ឌ​
 ​សិល្បៈ​
 ​សំណង់​
 ​ស្រ៊ិ​ន សុខ​មាន​
 ​ផ្ទះ​
 ​យុវជន​
 ​វត្ត​
 
© រក្សាសិទ្ធិដោយ thmeythmey.com