ជាតិ
លក្ខណៈសម្គាល់ត្រីស្រកាក្តាមក្រហម៖គ្មានពុកមាត់ មានស្នាមអុតខ្មៅជាជួរនៅតាមបណ្តោយជួរស្រកា និងនៅគល់កន្ទុយ ត្រីស្រកាក្តាមក្រហម។ រូបភាព៖ Phanara Thach / ffish.asia
× គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីមានស្រកាមួយប្រភេទ ដែលជាប្រភេទត្រីទឹកសាប មានរស់នៅស្ទើរគ្រប់កន្លែង តាមស្ទឹង អូរ ប្រឡាយ ព្រែក បឹង និងអាងស្តុកទឹកធម្មជាតិដែលមានទឹកហូរយឺតៗ ឬទឹកនឹង។
ត្រីស្រកាក្តាមក្រហម មានឈ្មោះវិទ្យាសាស្ត្រ (Cyclocheilichthys apogon) និងឈ្មោះជាភាសាអង់គ្លេស Beardless barb មានប្រវែងដងខ្លួនអតិបរមាសរុប ២៨.៧ ស.ម និងទម្ងន់អតិបរមា ៣៤០.៦០ ក្រាម។
លក្ខណៈសម្គាល់៖ គ្មានពុកមាត់។ មានស្នាមអុតខ្មៅធំមួយនៅគល់កន្ទុយ។ មានស្នាមអុតខ្មៅជាជួរ នៅតាមបណ្តោយជួរស្រកា និងជាទូទៅ មានព្រុយពណ៌ក្រហម។ ត្រីប្រភេទនេះ ធ្វើចរាចរផ្លាស់ទីចូលទៅក្នុងតំបន់វាលទំនាប លិចទឹក។ វាពង-កូននៅក្នុងរដូវទឹកឡើងខ្លាំង ចាប់ពីខែកញ្ញា ដល់ខែតុលា ស្របពេលដែលទឹកកំពុងឡើងខ្លាំង និងចាប់ផ្តើមស្រកទៅវិញ។ ត្រីស្រកាក្តាមក្រហម ស៊ីខ្ចៅ ខ្យង សត្វល្អិតរស់ក្នុទឹក ផ្លង់តុងរុក្ខជាតិតូចៗ ដែលតោងជាប់នឹង ស្លឹក មែក និងឫសរុក្ខជាតិដុះក្នុងទឹក។ ត្រីស្រកាក្តាមក្រហម ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Least Concern) ក្នុងឆ្នាំ ២០១១ ជាប្រភេទត្រីមានការព្រួយបារម្ភតិចតួច ដែលអាចនឹងឈានទៅផុតពូជ។
សូមចូលរួមជួយថែរក្សាព្រៃលិចទឹក ដែលជាជម្រកពងកូនរបស់មច្ឆជាតិ ឲ្យបានគង់វង្ស និងជួយលប់បំបាត់រាល់ការប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់គ្រប់ប្រភេទ ប្រយោជន៍ដើម្បីឲ្យត្រីគ្រប់ប្រភេទសម្បូរឡើងវិញ សម្រាប់ទុកឲ្យកូនចៅយើងជំនាន់ក្រោយៗទៀត។
© រក្សាសិទ្ធិដោយ thmeythmey.com