អន្តរជាតិ
​ទោះ​មាន​លុយ​ពាន់​លាន​ដុល្លារ តែ​គ្រួសារ Bill Gates តែងតែ​ចំណាយពេល​លាងចាន​រួមគ្នា
18, Aug 2019 , 9:29 pm        
រូបភាព
ដោយ: ធីតា
​ជា​មហាសេដ្ឋី គ្រាន់តែ​ចំណាយលុយ​បន្តិច អាច​ឲ្យ​អ្នកផ្សេង​ធ្វើ​អ្វីៗ​បាន​គ្រប់យ៉ាង​សម្រាប់​ខ្លួន​។ ប៉ុន្តែ​លោក Bill Gates និង​អ្នកស្រី Melinda ដែលជា​ភរិយា មិន​ចង់​ធ្វើ​បែប​នោះឡើយ ពួកគាត់​តែងតែ​ចំណាយ​ពេលវេលា​រួមគ្នា​នៅពេល​ល្ងាច​ដើម្បី​លាងចាន​ឆ្នាំង​រួមគ្នា​។

 
 
«​ជា​មធ្យោបាយ​ដ៏​ពិសិដ្ឋ​មួយ​ដើម្បី​ពង្រឹង​ចំណងអាពាហ៍ពិពាហ៍ ដែលមាន​អាយុកាល​២៥​ឆ្នាំ​មកហើយ​»​។ លោក Bill Gates និង​អ្នកស្រី Melinda បាន​អះអាង​យ៉ាង​ដូច្នេះ​ក្នុង​បទ​សម្ភាស​ផ្តាច់មុខ​ជាមួយ Business Insider ទាក់ទង​នឹង​ការ​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​របស់ខ្លួន​ដើម្បី​លាងចាន​ឆ្នាំង​ជាមួយគ្នា​រៀងរាល់​ល្ងាច​។​


 
​លោក Bill Gates សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft បាន​ជួប​អ្នកស្រី Melinda នៅ​ឆ្នាំ​១៩៨៧ ដែល​បាន​បម្រើការ​នៅ​ក្រុមហ៊ុន​ក្នុងតួនាទី​ជា​នាយិកា​ផ្នែក​ផលិតផល ហើយ​បាន​រៀបការ​ជាមួយគ្នា​នៅ​ឆ្នាំ​១៩៩៤ និង​មានកូន​បីនាក់ គឺ Jennifer, Rory និង Phoebe​។​
 
 
​មានទ្រព្យ​សម្បត្តិ​ជាង​១០០​ពាន់​លាន​ដុល្លារ​អាមេរិក និង​រស់នៅ​ក្នុងផ្ទះ​តម្លៃ​១២៤​លាន​ដុល្លារ​អាមេរិក ហើយ​បាន​ចំណាយ​លើ​សប្បុរសធម៌​ប្រមាណ​៤៥​ពាន់​លាន​ដុល្លារ​អាមេរិក​តាមរយៈ​មូលនិធិ Bill & Melinda Gates Foundation ប៉ុន្តែ​គន្លឹះ​សម្ងាត់​ដែល​ពួកគាត់​បាន​រកឃើញ​ដើម្បី​ពង្រឹង​ចំណងអាពាហ៍ពិពាហ៍​នោះ គឺ​ការ​ឆ្លៀត​ចំណាយ​ពេលវេលា​រួមគ្នា​។​
 
​អ្នកស្រី Melinda Gates បាន​រៀបរាប់​ប្រាប់ Business Insider ក្នុង​បទ​សម្ភាស​ទាក់ទង​នឹង​ការចេញផ្សាយ​សៀវភៅ​ថ្មី​របស់ខ្លួន «The Moment of  Life» ថា គ្រួសារ​គាត់​តែងតែ​លាងចាន​ឆ្នាំង​រួមគ្នា​ពេល​ល្ងាច ដើម្បី​រំលឹក​កូនៗ​ថា ការងារ​ផ្ទះ​ជា​ទំនួល​ខុសត្រូវ​រួមគ្នា មិនមែនជា​ការងារ​ផ្តាច់មុខ​របស់​ស្ត្រី​នោះឡើយ​។​


 
​អ្នកស្រី​បានបញ្ជាក់​ថា អ្វីៗ​កើតចេញពី​ការពិភាក្សាគ្នា ពោលគឺ​បន្ទាប់ពី​ពេលដែល​អ្នកស្រី​ពរ​ពោះ​លើកដំបូង ដែល​កាលណោះ​អ្នកស្រី​មាន​អារម្មណ៍​ឯកោ ដោយសារ​លោក Bill Gate មមាញឹក​ខ្លាំង​ក្នុងនាម​ជា​អគ្គនាយក Microsoft​។​
 
​អ្នកស្រី Melinda បាន​អះអាងថា ពេលខ្លះ​សមាជិកគ្រួសារ​មាន​អារម្មណ៍​តប់ប្រមល់ និង​ខឹងសម្បារ ពួកគាត់​ប្រែជា​ស្រស់ថ្លា​វិញ នៅពេល​ឈរ​លាងចាន​ឆ្នាំង និង​រៀបចំ​ផ្ទះបាយ​រួមគ្នា នៅមុន​ពេលធ្វើ​កិច្ចការ​ផ្សេងៗ និង​ចូល​ដំណេក​។​
«​គ្មាន​អ្នកណាម្នាក់​ចេញពី​ផ្ទះបាយ មុន​ខ្ញុំ​បញ្ចប់​កិច្ចការ​នោះ​ឡយ​»​។ នេះ​ជាការ​អះអាង​របស់​អ្នកស្រី Melinda ដែល​លើកឡើងថា វា​ក្លាយជា​ប្រពៃណី​របស់​គ្រួសារ Gates ទៅហើយ លើ​ការជួយ​សម្រួល​ការងារ​គ្នា​៕

Tag:
 Bill Gates
© រក្សាសិទ្ធិដោយ thmeythmey.com