អន្តរជាតិ
ចិន មិន​ស្ទាក់​ស្ទើរនឹង​ជួយ​ប្រទេស​កោះ​ប៉ាស៊ីហ្វិក​ដែល​អាច​លិចលង់​ព្រោះ​ប្រែប្រួល​អាកាសធាតុ​
19, Aug 2019 , 8:29 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ទទួលយក​ក្តីបារម្ភ​របស់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ ជាពិសេស​ប្រទេស​កោះ​ប៉ាស៊ីហ្វិក​ពាក់ព័ន្ធ​នឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ដែល​កំពុងតែ​រង​ការគំរាមកំហែង​ពួកគេ​ពី​ការលិចលង់​។ ក្រុង​ប៉េកាំង ក៏បាន​ទទូច​ឲ្យ​ប្រទេស​អភិវឌ្ឍន៍ ចូលរួមចំណែក​ស្រោចស្រង់​បណ្តា​ប្រទេស​ដែល​កំពុងតែ​ប្រឈម​នឹង​បញ្ហា​នេះ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ផងដែរ​។​



​តាម​វេទិកា​ដៃគូ​កិច្ចសន្ទនា​ស្តីពី​បម្រែបម្រួល​អាកាស​ក្នុង​រដ្ឋធានី ហ្វ៊ូ​ណា​ហ្វ៊ូ​ទី​នៃ​រដ្ឋ​កោះ​ទូ​វ៉ា​លូ បេសកជន​ចិន លោក Wang Xuefeng នៅ​ថ្ងៃ​១៦ សីហា បាន​លើកឡើងថា ប្រទេស​កំពុងតែ​អភិវឌ្ឍ​ទាំងអស់ បាន​រង​ការគំរាមកំហែង​យ៉ាងខ្លាំង​ពី​ការកើនឡើង​នៃ​កម្តៅ​ផែនដី ជាពិសេស​នោះ កោះ​ប៉ាស៊ីហ្វិក និង​ប្រទេស​កោះ​តូចៗ​ផ្សេងទៀត ដែល​តម្រូវ​ឲ្យ​មានការ​ចូលរួម​ស្រោចស្រង់​ពី​សហគមន៍​អន្តរជាតិ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua​។ 
 
​លោក Wang បាន​អះអាងថា រដ្ឋាភិបាល​ចិន បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ដោះស្រាយ​ជាមួយនឹង​បញ្ហា​បម្រែបម្រួល ដោយ​មិនមែន ព្រោះតែ​តម្រូវការ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​ចិន​ប៉ុណ្ណោះ​នោះទេ ក៏ប៉ុន្តែ​ក៏​ព្រោះតែ​ដើម្បី​បង្ហាញ​ពី​ស្មារតី​ទទួលខុសត្រូវ​នៃ​សហគមន៍​អន្តរជាតិ ដែលមាន​អនាគត​រួមគ្នា​ក្នុងនាម​ជា​មនុស្សជាតិ​។ 
 
​លោក គូសបញ្ជាក់ថា ក្នុងនាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ធំ​បំផុត​របស់​ពិភពលោក ចិន តែងតែ​យកចិត្តទុកដាក់​ខ្លាំង​លើ​ក្តីបារម្ភ និង​សេចក្តីត្រូវការ​របស់​ប​ណ្តា​ប្រទេស​កោះ​តូចៗ​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​។ 
 
​តាម​លោក Wang រដ្ឋាភិបាល​ចិន ជឿជាក់ថា ដើម្បី​មាន​ដោះស្រាយ​លើ​បម្រែបម្រួល​អាកាសធាតុ​កាន់តែ​ល្អប្រសើរ ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​ពង្រឹង​ការអនុវត្ត​ក្របខណ្ឌ​អនុសញ្ញា​ស្តីពី​បម្រែបម្រួល​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ និង​ការអនុវត្ត​ឲ្យ​បាន​ពេញលេញ និង​ប្រសិទ្ធភាព​របស់​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​។ 
 
​សម្រាប់​ចិន ប្រទេស​អភិវឌ្ឍ ក៏​គួរតែ​ប្រកាន់ខ្ជាប់​កាតព្វកិច្ច​របស់​ពួកគេ ដែល​បាន​បញ្ញត្តិ​នៅក្នុង​អនុសញ្ញា និង​កិច្ចព្រមព្រៀង រាប់បញ្ចូល​ទាំង​ការផ្តល់​ការគាំទ្រ​គ្រប់គ្រាន់​ទាំង​ផ្នែក​ហិរញ្ញវត្ថុ បច្ចេកវិទ្យា និង​ការកសាង​សមត្ថភាព​ទៅកាន់​ប្រទេស​តូច ក៏ដូចជា​ប្រទេស​កំពុង​អភិវឌ្ឍ ដើម្បី​ជួយ​ដល់​ប្រទេស​ទន់ខ្សោយ​ទាំងនេះ បង្កើន​សមត្ថភាព​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​បម្រែបម្រួល​អាកាសធាតុ​។ 
 
​ដោយ​មិន​ត្រឹមតែ​និយាយ​ពី​គោលការណ៍​ប៉ុណ្ណោះ​នោះទេ តំណាង​ជាន់ខ្ពស់​របស់​ចិន​រូបនេះ បានលើកឡើង​ពី​សមិទ្ធផល​របស់​ចិន​កន្លងមក​ក្នុង​ការជួយ​ដល់​ប្រទេស​ដែល​កំពុងតែ​ប្រឈម​នឹង​ការគំរាមកំហែង​។ លោក​ថា ប៉ុន្មាន​ឆ្នាំ​មកនេះ ចិន បាន​ផ្តល់ជំនួយ​តាម​លទ្ធភាព​របស់ខ្លួន​ដល់​ប្រទេស​កោះ​ប៉ាស៊ីហ្វិក តាមរយៈ​កិច្ចសហប្រតិបត្តិការ ត្បូង​-​ត្បូង ( South-South Cooperation) ដើម្បី​កសាង​សមត្ថភាព​សមត្ថភាព​ប្រយុទ្ធ​ប្រឆាំងនឹង​បម្រែបម្រួល​អាកាសធាតុ​៕ 

Tag:
 ចិន​
  បម្រែបម្រួល​អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com