ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឮ​គេ​ថា ញ៉ាំ​អាហារ​តិចៗ ធ្វើ​ឲ្យ​ក្រពះ​ស្វិត តើ​មែន​អត់​?
20, Aug 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​បើសិនជា​អ្នក​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ ក្រពះ​អ្នកនឹង​រួម​តូច ដូច្នេះ​តើ​អ្នកនឹង​សប្បាយចិត្ត​ដែរ​ទេ​?


 
​យើងទាំងអស់គ្នា​សុទ្ធតែ​ធ្លាប់​ល​ឮ​ហើយ​ថា ការកាត់បន្ថយ​ការ​ញ៉ាំ​អាហារ វា​នឹងធ្វើ​ឲ្យ​ចំណង់​អាហារ​មានការ​ប្រែប្រួល​។ ដល់ពេល​យូរៗ​ទៅ ក្រពះ​អ្នកនឹង​រួម​តូច​មកវិញ ដូច្នេះ​អ្នក​ក៏​មិនបាច់​ញ៉ាំ​អាហារ​ច្រើនៗ​រហូត​ធាត់​ដែរ​។ រឿងនេះ​ស្តាប់​មើលទៅ​វា​គួរ​ឲ្យ​អស់សំណើច​ណាស់ ប៉ុន្តែ​អ្នកជំនាញ​ជាច្រើន​និយាយថា វា​ពិតជា​អញ្ចឹង​មែន​។ នេះ​ដោយសារតែ​ក្រពះ​ប្រៀបបាន​ដូចជា​ថង់កៅស៊ូ​អញ្ចឹង ដែល​អាច​រីក​រួម​ទំហំ​របស់​វា​បាន​។ ក្រពះ​របស់​យើង​មាន​សមត្ថភាព​វិល​មករក​ទំហំ​ធម្មតា​វិញ​បាន​ក្រោយពី​ញ៉ាំ​អាហារ​ច្រើនៗ​រួច​។ ប៉ុន្តែ​វា​នឹងមិន​បន្ត​តូច​ជាង​មុន​ឡើយ ទោះបីជា​អ្នក​ចាប់ផ្តើម​ញ៉ាំ​ច្រើន ឬ​តិច​ក៏ដោយ​។ 
 
​ដូច្នេះ បើសិន​ជាការ​ញ៉ាំ​អាហារ​តិចៗ អាច​នឹងធ្វើ​ឲ្យ​ក្រពះ​ស្វិត​មែន នោះ​អ្នក​ធាត់ៗ​ជាច្រើន​ប្រាកដ​ជាមាន​ទម្ងន់​ធម្មតា​វិញ​អស់ហើយ​ដោយសារតែ​ញ៉ាំ​អាហារ​តិចៗ​។ ប៉ុន្តែ​វា​មិន​អញ្ចឹង​នោះទេ​។ មិន​ខ្វល់​ថា​យើង​មាន​ទម្ងន់​ប៉ុណ្ណា​ឡើយ ក្រពះ​របស់​យើង​ម្នាក់ៗ​គឺមាន​ទំហំ​ដូចៗ​គ្នា​ទាំងអស់​។ 
 
​តាមពិតទៅ មនុស្ស​យើង​ដែល​ភាគច្រើន​មាន​អារម្មណ៍​ឃ្លាន​ខ្លាំង​នោះ គឺ​នៅពេលដែល​រាងកាយ​កង្វះ​កាឡូរី​ប្រើប្រាស់​ប៉ុណ្ណោះ​។ ដោយ​រាងកាយ​ចាប់ផ្តើម​ឲ្យ​អ្នក​គិតថា អ្នក​កំពុងតែ​ឃ្លាន ដូច្នេះ​រាងកាយ​នឹង​បញ្ចេញ​អ័រម៉ូន​ជាច្រើន​ឆ្លើយតប់​នឹង​ការ​ឃ្លាន​អាហារ ដើម្បី​ជំរុញ​អ្នកស្វែងរក​អាហារ​មក​ញ៉ាំ​។ 
 
​ដូច្នេះ​សម្រាប់​ការឆ្លើយតប​នឹង​សំណួរ​ខាងលើ ដែលថា ក្រពះ​នឹង​ស្វិត​តូច​វិញ​ទេ កាលណា​ញ៉ាំ​អាហារ​តិចៗ គឺ​វា​មិនអាច​ឡើយ​។ ការ​ញ៉ាំ​អាហារ​តិចតួច​បែបនេះ​គឺអាច​គ្រប់គ្រាន់​នឹង​សម្រក​ទម្ងន់​បាន​បន្តិច​ម្តងៗ ប៉ុន្តែ​វា​នឹងធ្វើ​ឲ្យ​រាងកាយ​ឃ្លាន​ខ្លាំង​ទៅវិញ​ទេ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com