ពីនេះ ពីនោះ
រូបត្លុក
មន្ត្រីខុស មហាជនថ្កោលទោស ចុះបើមហាជនខុស តើអ្នកណាដាក់ទោស?
× ស្ត្រីមន្ត្រីមន្ទីរសាធារណការម្នាក់នៅខេត្តសៀមរាប ត្រូវបានគេឃើញក្នុងរូបថតយកជើងចង្អុលស្លាកលេខរថយន្តម៉ាកអូឌី។ រូបថតត្រូវបានមហាជនបង្ហោះជាមួយពាក្យរិះគន់ ជេរ ប្រមាថ រហូតដល់ស្ថាប័នសាម៉ីសម្រេចផ្ទេរភារកិច្ចមន្ត្រីនោះ។ សំណាង និងសុធីរ បារម្ភខ្លាំងអំពីបញ្ហាបែបនេះនៅក្នុងសង្គមខ្មែរ ពិសេសឥទ្ធិពលនៃការបញ្ចេញមតិតាមហ្វេសប៊ុកដែលមិនត្រឹមត្រូវ។
សំណាង៖ អញថា ហ្វេសប៊ុកគួរឱ្យខ្លាចណាស់អ្ហា? ចង់ឱ្យអ្នកណាអស់តំណែងក៏បាន ចង់ឱ្យអ្នកណាល្បីក៏បាន។ យូរៗទៅ ហ្វ៊េសប៊ុកចង់គ្រប់គ្រងសង្គមយើងហើយ។ មិនមែនមានតែរឿងមន្ត្រីសាធារណការនៅសៀមរាបទេ។ កន្លងមកមានរឿងច្រើនណាស់ ដែលអ្នកប្រើហ្វេសប៊ុក ផ្អើលតាមតែគ្នា។ ពេលខ្លះរឿងតែមួយ ផ្អើលម្តងឆ្វេង ម្តងស្តាំ។
សុធីរ៖ ឯងគិតដូចអញដែរ។ ឥឡូវនេះត្រឹមរូបថតមួយសន្លឹក ធ្វើឱ្យមហាជនកាត់សេចក្តីបានហើយ។ តើវាមានខុសអី ខុសពីតុលាការមហាជនដែលវាយសម្លាប់ជនសង្ស័យជាចោរឆក់នៅតាមផ្លូវ?
សំណាង៖ អ្ហែងនិយាយត្រូវ។ យើងមិនបានឃើញហេតុការណ៍នោះឡើយ។ មហាជនវិនិច្ឆ័យតែលើរូបភាពមួយសន្លឹក។ ឃើញខុស ជេរប្រទេចតែម្តង។ ឧបមាថា មន្ត្រីនោះខុសពិតមែនចុះ តើវាជាកំហុសតែ១ដង ឬពីរដងដែលត្រូវទទួលពិន័យផ្ទេរភារកិច្ច ហើយត្រូវប្រកាសជាសាធារណៈអ៊ីចឹង? ឬក៏ស្ថាប័នសាម៉ីបង្ខំចិត្តចាត់វិធានការ ហើយប្រកាសជាសាធារណៈ ដោយសារសម្ពាធមហាជនតាមហ្វេសប៊ុក?
សុធីរ៖ អញក៏មិនដឹងដែរ។ ប៉ុន្តែអ្វីដែលអញទោមនស្សខ្លាំងជាងនេះទៀត គឺអ្នកប្រើប្រាស់ហ្វេសប៊ុក ជេរប្រទេចស្ត្រីនោះ សុសអស់សាច់ហើយ។ អញយល់ថាគ្រោះថ្នាក់របស់សង្គមយើង គឺនៅត្រង់ហ្នឹង។ មហាជនច្រើនលើសលប់ ប្រើពាក្យអសុរោះជេរ ប្រទេច ប្រមាថស្ត្រីនោះ ហួសពីទោសកំហុសដែលស្ត្រីម្នាក់នោះត្រូវទទួលទៅទៀត។ អ្នកខ្លះបង្ហោះរូបថត ហើយសរសេរប្រមាថស្ត្រីនោះ ដល់រឿងផ្លូវភេទទៀត! គាត់មានម្តាយឪពុក កូនចៅ សាច់ញាតិ មិត្តភក្តិ។ តើពួកគេឈឺចិត្តប៉ុណ្ណា នៅពេលដែលសាច់ញាតិម្នាក់ត្រូវបានសង្គមទាំងមូល ស្រាប់តែជាន់ឈ្លីគាត់យ៉ាងនេះ? តើស្ត្រីនោះរូបនោះ អាចដើរចេញក្រៅផ្ទះទៀតទេ? ចុះបើស្ត្រីនោះ ជាបងស្រីយើង ប្អូនស្រី ម្តាយយើង សាច់ញាតិយើង? មន្ត្រីខុសជារឿងមួយ។ ចុះមហាជន ដែលមានគណនីហ្វេសប៊ុកគ្រប់គ្នានេះ ហើយជេរ ប្រមាថ មន្ត្រីនោះ គ្មានកំហុសទេ? ជេរប្រមាថលើហ្វេសប៊ុក គឺជេរជាសាធារណៈ។ ហេតុអ្វីជេរគេ?
សំណាង៖ រឿងសីលធម៌។ អ៊ីចឹងហើយ បានជាមានពាក្យ តែ តែ ស្ករ ស្ករ ហ្នឹងណាអ្ហា។
© រក្សាសិទ្ធិដោយ thmeythmey.com