ជាតិ
បាក់ឌុប
រដ្ឋមន្ត្រីអប់រំ ៖សិស្សដែលមិនចេះ ហើយបានពិន្ទុខ្ពស់ ក្រសួងនឹងពិនិត្យលទ្ធផលឡើងវិញ បើសិនមានពាក្យបណ្ដឹង រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី១៩ សីហា ឆ្នាំ២០១៩ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ
× ភ្នំពេញ៖ បើសិនជាបេក្ខជនប្រឡងមិនចេះ ប៉ុន្តែទទួលបានពិន្ទុខ្ពស់នោះ ក្រសួងអប់រំ យុវជន និងកីឡា នឹងត្រួតពិនិត្យលើលទ្ធផលរបស់បេក្ខជននោះភ្លាម ក្នុងករណីដែលមានអ្នកដាក់បណ្ដឹងពីបញ្ហានេះ មកកាន់ក្រសួង។ នេះជាការបញ្ជាក់របស់លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ។
ថ្លែងក្រោយប្រកាសបើកវិញ្ញាសាប្រឡងសញ្ញាបត្រទុតិយសភូមិ ឆ្នាំ២០១៩ នៅថ្ងៃទី១៩ សីហានេះ លោក ហង់ ជួន ណារ៉ុន បានអះអាងថា ក្រសួងនឹងប្រុងប្រយ័ត្នលើករណីកំណែវិញ្ញាសាប្រឡង ដោយមិនឱ្យមានបញ្ហាបច្ចេកទេសកើតមានឡើង ដូចឆ្នាំមុននោះទេ។ ឆ្លើយតបនឹងសំនួរអ្នកសារព័ត៌មានពីបញ្ហាបច្ចេកទេសកំណែវិញ្ញាសានេះ លោករដ្ឋមន្ត្រីអប់រំ បាននិយាយដូច្នេះថា «ក្រសួងបានបង្កើតអនុគណៈកម្មការបច្ចេកវិទ្យាមួយ ដោយបានរៀបចំកម្មវិធីថ្មីតែម្ដង សម្រាប់ការបូកស្រង់ពិន្ទុនេះ ហើយយើងក៏បានធ្វើតេស្ត និងរៀបចំមជ្ឈមណ្ឌលកុំព្យូទ័រ២ទៀត បើសិនជាមួយមានបញ្ហាបច្ចេកទេស គឺយើងនឹងសាក(បូកស្រង់ពិន្ទុ)មួយទៀត។ អ៊ីចឹងវាមាន(មជ្ឈមណ្ឌលកុំព្យូទ័រ)ពីរកន្លែង ហើយមានប្រព័ន្ធ២ទៀត មានទាំងប្រព័ន្ធចាស់ និងប្រព័ន្ធថ្មី។ ហើយយើងមាននីតិវិធីនៅក្នុងការត្រួតពិនិត្យមើល ថាតើលទ្ធផលហ្នឹងវាយ៉ាងម៉េចដែរ ដោយយកលទ្ធផលប្រឡងមកវិភាគមួយរយៈសិន ហើយមិនផ្សព្វផ្សាយភ្លាមៗទេ ទាល់តែយើងវិភាគហើយ ទើបឱ្យអ្នកបច្ចេកទេសទៅចូលក្នុងប្រព័ន្ធកម្មវិធីទៀត ទៅមើលថាតើលទ្ធផលហ្នឹងវាត្រឹមត្រូវឬអត់ ទើបយើងប្រជុំសម្រេចប្រកាសលទ្ធផល»។
ងាកមកនិយាយពីបញ្ហាបេក្ខជនប្រឡងវិញម្ដង លោក ហង់ ជួន ណារ៉ុន បានសង្កត់ធ្ងន់ថា រាល់វិញ្ញាសាប្រឡងណាមួយ ដែលមានសញ្ញា ឬស្លាកស្នាម បង្ហាញពីភាពមិនប្រក្រតីនោះ គឺត្រូវដាក់ចូលក្នុងគណៈកម្មការកំណែ ដើម្បីត្រួតពិនិត្យ និងវិភាគ ហើយបើរកឃើញថា ជាសញ្ញាសម្រាប់ឱ្យគ្រូកំណែដាក់ពិន្ទុនោះ គឺក្រដាសកិច្ចការបេក្ខជន នឹងទទួលបានពិន្ទុសូន្យ(០)តែម្ដង។ បើតាមរដ្ឋមន្ត្រីអប់រំ គ្រូកំណែរូបណា ដែលឃុបឃិតជាមួយសិស្ស ដោយផ្ដល់ពិន្ទុខុសវិជ្ជាជីវៈ លើក្រដាសកិច្ចការបេក្ខជនប្រឡងនោះ ក៏ត្រូវទោសតាមបទបញ្ញត្តិមន្ត្រីរាជការ និងទោសវិន័យបញ្ឈប់សកម្មភាពបង្រៀនទៀតផង។
ក្រៅពីចំណុចខាងលើនេះលោក ហង់ ជួន ណារ៉ុន បានបន្ថែមថា បេក្ខជនប្រឡងដែលមិនចេះ ប៉ុន្តែទទួលបានពិន្ទុខ្ពស់នោះ ក្រសួងអប់រំ ក៏នឹងត្រួតពិនិត្យលើលទ្ធផលរបស់បេក្ខជននោះឡើងវិញផងដែរ បើសិនជាមានអ្នកដាក់បណ្ដឹងពីបញ្ហានេះ មកកាន់ក្រសួង។ «ជាពិសេស គឺយើងអាចធ្វើកោសល្យវិច្ច័យទៀត បើសិនជាមានពាក្យបណ្ដឹងថា អ្នក(បេក្ខជនប្រឡង)ហ្នឹងអត់ចេះ ប៉ុន្តែបានពិន្ទុខ្ពស់ អ៊ីចឹងយើងនឹងទៅមើលសន្លឹកកិច្ចការហ្នឹង ហើយយកមកពិនិត្យឡើងវិញថា ពិត ឬមិនពិត។ ដូច្នេះមានច្រើនដំណាក់កាល តាំងពីពេលមុនកែ(វិញ្ញាសា) រហូតដល់ក្រោយកែ»។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីអប់រំ ដែលរំពឹងថា បេក្ខជនប្រឡងឆ្នាំនេះ នឹងទទួលបានលទ្ធផលល្អប្រសើរជាងឆ្នាំមុនៗ តាមរយៈការខិតខំប្រឹងប្រែងរៀនសូត្ររបស់ពួកគេ ក្រោមពាក្យស្លោកថា «អ្នកចេះ គឺជាប់»។
សម្រាប់ការប្រឡងឆ្នាំនេះ ក្រសួងអប់រំ ក៏បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការជួលគ្រូបង្រៀនតាមប្រព័ន្ធអនឡាញ ដើម្បីបំប៉នដល់ការសិក្សារបស់សិស្សមុនពេលប្រឡង ក្រៅពីពួកគេរៀនគួរដោយផ្ទាល់ជាមួយគ្រូ នៅម៉ោងបន្ថែម។
សម័យប្រឡង២០១៩ មានបេក្ខជនដាក់ពាក្យសរុប ១១៩, ២១៧នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤៥, ៤១៤នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន ៧៣, ៨០៣នាក់៕
Tag:
ហង់ ជួនណារ៉ុន
អប់រំ
បាក់ឌុប ២០១៩
© រក្សាសិទ្ធិដោយ thmeythmey.com