អន្តរជាតិ
ថៃ​៖ សំណើ​លុបចោល​ទិដ្ឋាការ​ទេសចរ​ចិន​និង​ឥណ្ឌា រង​ការជំទាស់​
19, Aug 2019 , 2:30 pm        
រូបភាព
​ដោយ៖ ងួន សុ​ភាវ​ត្តី 
 
​ក្រសួងការបរទេស​ថៃ​បាន​ស្នើអោយ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ​នូវ​សំណើ​ដែល​ស្នើ​ដោយ​បណ្ដា​រដ្ឋមន្ត្រី​ផ្នែក​សេដ្ឋកិច្ច​ដែល​ចង់​លុបចោល​ទិដ្ឋាការ​ទេសចរ​ចិន និង​ឥណ្ឌា​។ សំណើ​លុបចោល​ទិដ្ឋាការ​នេះ មាន​គោលដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​បាន​ច្រើន​ឡើងវិញ​។​


 
​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍​ផ្សាយ​នៅ​ថ្ងៃទី​១៩ ខែសីហា ក្រសួងការបរទេស​ថៃ បាន​ប្រឆាំង​និង​សំណើ​នេះ ដោយ​ព្រួយបារម្ភ​ពី​បញ្ហា​សន្តិសុខ​ជាតិ​។ សំណើ​លុបចោល​ទិដ្ឋាការ​នេះ ត្រូវបាន​អនុម័ត​ក្នុង​ប្រជុំ​របស់​រដ្ឋមន្ត្រី​ដែល​ពាក់ព័ន្ធ​សេដ្ឋកិច្ចជាតិ ដែល​គម្រោង​នេះ​នឹង​បន្ថែម​ទឹកប្រាក់ ៣១៦​ពាន់​លាន​បាត​ទៅក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​ថៃ​។​
 
​ជា​វិធានការ​មួយ​ដើម្បី​ជួយ​ជំរុញ​កំណើន​ទេសចរ អ្នកទេសចរ​ចិន​និង​ឥណ្ឌា អាច​ស្នាក់នៅ​ប្រទេស​ថៃ​រហូតដល់​៣០​ថ្ងៃ​ដោយ​មិនមាន​ទិដ្ឋាការ​ឡើយ​។ គម្រោង​នេះ​ត្រូវបាន​វាយតម្លៃថា រដ្ឋាភិបាល​ថៃ​នឹង​បាត់បង់​ចំណូល​ពី​ការធ្វើ​ទិដ្ឋាការ​នេះ​រហូតដល់ ១២​ពាន់​លាន​បាត​ទៅ​១៣​ពាន់​លាន​បាត​ក្នុង​មួយឆ្នាំ​។​
 
​រដ្ឋមន្ត្រី​ទេសចរណ៍​និង​កីឡា​របស់​ថៃ បាន​លើកឡើងថា ការលុបចោល​ការស្នើសុំ​ទិដ្ឋាការ​នេះ​នឹង​ជំរុញ​អោយ​អ្នកទេសចរ​ចិន និង​ឥណ្ឌា​វិល​ត្រឡប់មក​ប្រទេស​ថៃ​ម្តងទៀត​។ បើ​យោងតាម​ក្រសួងទេសចរណ៍​និង​កីឡា នៅ​ចុង​ឆ្នាំនេះ ចំនួន​ជនជាតិ​ចិន​ដែល​ចូលមក​ប្រទេស​ថៃ ត្រូវបាន​គេ​រំពឹងទុក​ថា នឹង​កើន​ដល់​១១​លាន​នាក់ ខណៈ​ជនជាតិ​ឥណ្ឌា​កើន​ដល់​២​លាន​នាក់ ហើយ​អ្នកទេសចរ​ឥណ្ឌា​នឹង​កើន​ដល់​៣​លាន​នាក់​នៅ​ឆ្នាំក្រោយ​។​
 
​ទោះជា​យ៉ាងនេះ​ក្តី រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក  Don Pramudwinai បាន​ជំទាស់​នឹង​សំណើ​នេះហើយ​បាន​ផ្ញើលិខិត​ទៅ​នាយករដ្ឋមន្ត្រី​លោក  ប្រា​យុទ្ធ ចន្ទ​អូ​ចា  អោយ​ពិចារណា​អំពី​រឿងនេះ​។ នៅក្នុង​លិខិត​នោះ លោក Don ចាត់ទុក​ការផ្ដល់​ទិដ្ឋាការ គឺ​វិធី​មួយ​ក្នុង​ការតាមដាន​ជនបរទេស​ដែល​ចូលមក​ថៃ សំដៅ​ការពារ​នូវ​រាល់​បញ្ហា​ដែល​អាច​ប៉ះពាល់​ដល់​សន្តិសុខ និង​សេដ្ឋកិច្ចជាតិ​។​
 
​លោក​រដ្ឋមន្ត្រី Don ក៏បាន​លើកឡើងថា ស្ថានទូត​ថៃ​ប្រចាំ​ប្រទេស​ឥណ្ឌា​បាន​ជួបនឹង​បញ្ហា​មួយចំនួន​ដូចជា ការដាក់​ឯកសារ​ក្លែងបន្លំ​របស់​ប្រជាជន​ឥណ្ឌា​ដើម្បី​ស្នើសុំ​ទិដ្ឋាការ​មក​ថៃ​។ លោក​បាន​បន្តថា ថៃ​នៅមាន​ភាពខ្វះខាត​ក្នុងការ​ត្រួតពិនិត្យ​ជនអន្តោប្រវេសន៍​ដែល​ចេញ និង​ចូលក្នុង​ប្រទេស​ខ្លួន​។ ការលុបចោល​ការស្នើសុំ​ទិដ្ឋាការ ក៏​អាចធ្វើ​អោយមាន​ច្របូកច្របល់​ក្នុងប្រទេស​ថៃ​។​
 
​យ៉ាងណាមិញ មន្ត្រី​អន្តោប្រវេសន៍​ថៃ បាន​និយាយថា​ការលុបចោល​ទិដ្ឋាការ​និង​មិន​បង្កបញ្ហា​នោះទេ​ព្រោះ​អ្នក​ទេសចរណ៍​ចិន​និង​ឥណ្ឌា​មិនសូវ​បង្កបញ្ហា​ក្នុងប្រទេស​ថៃ​នោះទេ​។ ចំណែកឯ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ក៏ បាន​លើកឡើងថា ពួកគេ​មិន​ជំទាស់​នឹង​សំណើ​នេះ​ទេ ព្រោះ​គេ​ជឿជាក់ថា​ពួកគេ​អាច​ដោះស្រាយ​បញ្ហា​ដែល​អាច​កើតមាន​ទាំង​នោះបាន​៕

Tag:
 ថៃ​
  ចិន​
  ឥណ្ឌា​
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com