អន្តរជាតិ
ថៃ៖ សំណើលុបចោលទិដ្ឋាការទេសចរចិននិងឥណ្ឌា រងការជំទាស់
×
ដោយ៖ ងួន សុភាវត្តី
ក្រសួងការបរទេសថៃបានស្នើអោយរដ្ឋាភិបាលពិចារណាឡើងវិញនូវសំណើដែលស្នើដោយបណ្ដារដ្ឋមន្ត្រីផ្នែកសេដ្ឋកិច្ចដែលចង់លុបចោលទិដ្ឋាការទេសចរចិន និងឥណ្ឌា។ សំណើលុបចោលទិដ្ឋាការនេះ មានគោលដៅទាក់ទាញភ្ញៀវទេសចរឲ្យបានច្រើនឡើងវិញ។
បើតាមកាសែតបាងកកប៉ុស្តិ៍ផ្សាយនៅថ្ងៃទី១៩ ខែសីហា ក្រសួងការបរទេសថៃ បានប្រឆាំងនិងសំណើនេះ ដោយព្រួយបារម្ភពីបញ្ហាសន្តិសុខជាតិ។ សំណើលុបចោលទិដ្ឋាការនេះ ត្រូវបានអនុម័តក្នុងប្រជុំរបស់រដ្ឋមន្ត្រីដែលពាក់ព័ន្ធសេដ្ឋកិច្ចជាតិ ដែលគម្រោងនេះនឹងបន្ថែមទឹកប្រាក់ ៣១៦ពាន់លានបាតទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចថៃ។
ជាវិធានការមួយដើម្បីជួយជំរុញកំណើនទេសចរ អ្នកទេសចរចិននិងឥណ្ឌា អាចស្នាក់នៅប្រទេសថៃរហូតដល់៣០ថ្ងៃដោយមិនមានទិដ្ឋាការឡើយ។ គម្រោងនេះត្រូវបានវាយតម្លៃថា រដ្ឋាភិបាលថៃនឹងបាត់បង់ចំណូលពីការធ្វើទិដ្ឋាការនេះរហូតដល់ ១២ពាន់លានបាតទៅ១៣ពាន់លានបាតក្នុងមួយឆ្នាំ។
រដ្ឋមន្ត្រីទេសចរណ៍និងកីឡារបស់ថៃ បានលើកឡើងថា ការលុបចោលការស្នើសុំទិដ្ឋាការនេះនឹងជំរុញអោយអ្នកទេសចរចិន និងឥណ្ឌាវិលត្រឡប់មកប្រទេសថៃម្តងទៀត។ បើយោងតាមក្រសួងទេសចរណ៍និងកីឡា នៅចុងឆ្នាំនេះ ចំនួនជនជាតិចិនដែលចូលមកប្រទេសថៃ ត្រូវបានគេរំពឹងទុកថា នឹងកើនដល់១១លាននាក់ ខណៈជនជាតិឥណ្ឌាកើនដល់២លាននាក់ ហើយអ្នកទេសចរឥណ្ឌានឹងកើនដល់៣លាននាក់នៅឆ្នាំក្រោយ។
ទោះជាយ៉ាងនេះក្តី រដ្ឋមន្ត្រីក្រសួងការបរទេសលោក Don Pramudwinai បានជំទាស់នឹងសំណើនេះហើយបានផ្ញើលិខិតទៅនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចន្ទអូចា អោយពិចារណាអំពីរឿងនេះ។ នៅក្នុងលិខិតនោះ លោក Don ចាត់ទុកការផ្ដល់ទិដ្ឋាការ គឺវិធីមួយក្នុងការតាមដានជនបរទេសដែលចូលមកថៃ សំដៅការពារនូវរាល់បញ្ហាដែលអាចប៉ះពាល់ដល់សន្តិសុខ និងសេដ្ឋកិច្ចជាតិ។
លោករដ្ឋមន្ត្រី Don ក៏បានលើកឡើងថា ស្ថានទូតថៃប្រចាំប្រទេសឥណ្ឌាបានជួបនឹងបញ្ហាមួយចំនួនដូចជា ការដាក់ឯកសារក្លែងបន្លំរបស់ប្រជាជនឥណ្ឌាដើម្បីស្នើសុំទិដ្ឋាការមកថៃ។ លោកបានបន្តថា ថៃនៅមានភាពខ្វះខាតក្នុងការត្រួតពិនិត្យជនអន្តោប្រវេសន៍ដែលចេញ និងចូលក្នុងប្រទេសខ្លួន។ ការលុបចោលការស្នើសុំទិដ្ឋាការ ក៏អាចធ្វើអោយមានច្របូកច្របល់ក្នុងប្រទេសថៃ។
យ៉ាងណាមិញ មន្ត្រីអន្តោប្រវេសន៍ថៃ បាននិយាយថាការលុបចោលទិដ្ឋាការនិងមិនបង្កបញ្ហានោះទេព្រោះអ្នកទេសចរណ៍ចិននិងឥណ្ឌាមិនសូវបង្កបញ្ហាក្នុងប្រទេសថៃនោះទេ។ ចំណែកឯក្រុមប្រឹក្សាសន្តិសុខជាតិក៏ បានលើកឡើងថា ពួកគេមិនជំទាស់នឹងសំណើនេះទេ ព្រោះគេជឿជាក់ថាពួកគេអាចដោះស្រាយបញ្ហាដែលអាចកើតមានទាំងនោះបាន៕
Tag:
ថៃ
ចិន
ឥណ្ឌា
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com