អន្តរជាតិ
អាមេរិក​ចង់​ទិញ​កោះ​ហ្គ្រោ​អង់​ឡង់ តែ​ដា​ណឺ​ម៉ា​កថា អត់​លក់​ទេ​
19, Aug 2019 , 4:49 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (ឆ្វេង) និងនាយករដ្ឋមន្រ្តីដាណឺម៉ាក Mette Frederiksen ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (ឆ្វេង) និងនាយករដ្ឋមន្រ្តីដាណឺម៉ាក Mette Frederiksen ។
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៩ ខែសីហា បានបញ្ជាក់​ពី​ចំណាប់អារម្មណ៍​ទិញ​ដែន​កោះ​ទឹកកក​ហ្គ្រោ​អង់​ឡង់ (Greenland) ពី​ដា​ណឺម៉ាក​។ កោះ​នេះ​ជា​ទឹកដី​ស្វយ័ត​របស់​ដា​ណឺ​ម៉ាក និង​ជាទី​តាំង​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​ផងដែរ​។ ស្ថិតនៅ​ក្បែរ​អាក់​ទិ​ក ហើយ​សម្បូរ​ធនធាន​រ៉ែ​ជាច្រើន​ផង​នោះ ហ្គ្រោ​អង់​ឡង់ ពិតជា​ទាក់ទាញ​មហាអំណាច​ជាច្រើន​។ ប៉ុន្តែ​ដា​ណឺម៉ាក ប្រកាស​ហើយ​ថា មិន​លក់​ទឹកដី​ខ្លួន​ឡើយ​។

 
​គំនិត​ទិញ​កោះ​ហ្គ្រោ​អង់​ឡង់​របស់លោក ដូ​ណា​ល់ ត្រាំ ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​កាសែត  Wall Street Journal កាលពី​ពាក់កណ្ដាល​សប្ដាហ៍​មុន​។ លោក ត្រាំ ត្រូវបាន​រាយការណ៍​ថា បាន​សាកសួរ​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់លោក​ពី​លទ្ធភាព​ទិញយក​កោះ​ដែល​គ្របដណ្ដប់​ស្ទើរ​ទាំងស្រុង​ដោយ​ទឹកកក​កមួយ​នេះ​ពី​រដ្ឋាភិបាល​ដា​ណឺម៉ាក​។   
 
​នៅ​ថ្ងៃទី​១៩ ខែសីហា លោក ត្រាំ អះអាងថា លោក​ពិតជា​បានគិត​គូរ​រឿង​ទិញ​ដែន​កោះ​ដ៏​ធំ​មួយ​នេះ​មែន​។ ប្រធានាធិបតី​អាមេរិក​រូបនេះ​ប្រាប់​អ្នកសារព័ត៌មាន​ពីរ​ដ្ឋ New Jersey ថា គំនិត​នេះ​ទើប​លេចឡើង​ប៉ុណ្ណោះ ហើយក៏​ជា​រឿង​សំខាន់​ផ្នែក​យុទ្ធសាស្ត្រ​ផងដែរ ប៉ុន្តែ​វា​មិនមែនជា​រឿង​អាទិភាព​សម្រាប់​រដ្ឋា​បាល​លោក​ឡើយ​។ នៅពេល​សួរថា អាមេរិក​អាច​យក​ទឹកដី​ខ្លួន​ណាមួយ​ទៅ​ដូរ​យក​កោះ​ហ្គ្រោ​អង់​ឡង់​នេះ​ឬ​យ៉ាងណា លោក ត្រាំ ឆ្លើយថា មានរឿង​ជាច្រើន​ត្រូវ​ដោះស្រាយ​។​

កោះហ្រ្គោអង់ឡង់ (ពណ៌លឿង)
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ត្រាំ ក៏​អះអាងថា ដា​ណឺ​ម៉ាក បាន​ចំណាយលុយ​ចំនួន​ជិត​៧០០​លាន​ដុល្លារ​លើទឹក​ដី​មួយ​នេះ​។ បើ​គិត​តាមផ្លូវ​យុទ្ធសាស្ត្រ​វិញ ការគ្រប់គ្រង​កោះ​ទំហំ​ ជាង ២លានគីឡូ​ម៉ែត្រក្រឡា​នេះ ជា​រឿង​ល្អ​សម្រាប់​អាមេរិក​។​
 
​យ៉ាងណាមិញ គំនិត​របស់​ប្រធានាធិបតី​អាមេរិក ទំនង​មិនអាច​ទៅរួច​ឡើយ ព្រោះ​ដា​ណឺម៉ា​ចេញមុខ​ជំទាស់​ទៅហើយ​។ ក្នុង​ដំណើរ​ទៅកាន់​ហ្គ្រោ​អង់​ឡង់​នៅ​ថ្ងៃទី​១៨ ខែសីហា នាយករដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក Mette Frederiksen និយាយថា​ហ្គ្រោ​អង់​ឡង់ មិនមែន​សម្រាប់​ល​ក់ឡើ​យ​។ ហ្គ្រោ​អង់​ឡង់ ក៏​មិនមែនជា​របស់​ដា​ណឺ​ម៉ាក​ដែរ តែ​ជា​កម្មសិទ្ធិ​របស់​ហ្គ្រោ​អង់​ឡង់​ផ្ទាល់​។ អ្នកស្រី​នាយករដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក រំពឹងថា លោក ត្រាំ នឹងមិន​មានន័យ​មែនទែន​ឡើយ​។​
 
​ដា​ណឺ​ម៉ាក បាន​ចូល​គ្រប់គ្រង​ហ្គ្រោ​អង់​ឡង់​នៅ​សតវត្សរ៍​ទី​១៨ ហើយក៏​ចាត់ទុកជា​រដ្ឋ​ស្វយ័ត​នៅពេល​បន្ទាប់មក​។ បច្ចុប្បន្ន ហ្គ្រោ​អង់​ឡង់ មាន​ប្រជាជន​ជិត​៦​ម៉ឺន​នាក់​ដែល​ភាគច្រើន​ជា​ជនជាតិដើម​ម្ចាស់​ស្រុក Inuit ហើយ​ចាត់ចែង​កិច្ចការ​ក្នុងស្រុក​ដោយ​ខ្លួន តែ​វិស័យសេដ្ឋកិច្ច​ពឹង​ផ្អែកលើ​ទីក្រុង​កូ​ប៉ិន​ហាក​។ កិច្ចការ​ការបរទេស និង​ការការពារ​ខ្លួន​របស់​កោះ​ដ៏​ធំ​មួយ​នេះ ក៏​ស្ថិតក្នុង​ការគ្រប់គ្រងរ​បស់​រដ្ឋាភិបាល​ដា​ណឺ​ម៉ាក​ដែរ​។ 
 
​ស្ថិតនៅ​ចន្លោះ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក និង​តំបន់​អាក់​ទិ​ក  ហ្គ្រោ​អង់​ឡង់​ជាទី​តាំង​យុទ្ធសាស្ត្រ​សំខាន់​មួយ​សម្រាប់​ណា​តូ ក្នុងការ​ឃ្លាំមើល​សកម្ម​ភាព​របស់​រុស្ស៊ី​នៅ​តំបន់​ទឹកកក​របស់​ពិភពលោក​មួយ​នេះ​។ សព្វថ្ងៃ អាមេរិក​ក៏មាន​មូលដ្ឋាន​យោធា​លើ​កោះ​នេះ​ស្រាប់​ហើយ​ដែរ​។ ធនធាន​រ៉ែ​សម្បូរបែប​ដូចជា​ប្រេង ឧស្ម័ន និង​រ៉ែ​កម្រ​នៅលើ​កោះ​នេះ មិនទាន់​ត្រូវបាន​រីក​កកាយ​នៅឡើយ​ទេ ដែល​នេះ​ជា​មូល​ហេតុដែល​មហាអំណាច​ជាច្រើន​នាំគ្នា​សម្លឹង​កោះ​នេះ​មិន​ដាក់​ភ្នែក​៕ 

Tag:
 អាមេរិក​
  ដា​ណឺ​ម៉ាក​
  ដូ​ណា​ល់ ត្រាំ​
  Greenland
  Mette Frederiksen
© រក្សាសិទ្ធិដោយ thmeythmey.com