កីឡាជាតិ
ជាតិ
​ព្រះខ័ន​រាជ​ស្វាយរៀង​កាន់តែ​ទៅមុខ ខណៈ​៨​ក្រុម​អស់​ឱកាស​ប្រជែង​ជើងឯក​ហើយ​
19, Aug 2019 , 9:19 pm        
រូបភាព
ដោយ:
​ក្រោយ​បន្ត​យកឈ្នះ​កំពង់ចាម ៥-០ នា​ជំនួប​ជើង​ទី​២​ជួយ​ឲ្យ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បន្ត​គ្រប់គ្រង​កំពូល​តារាង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​សប្តាហ៍​ទី​២០ ដោយមាន​៥២​ពិន្ទុ និង​មានឱកាស​កាន់តែ​ខ្ពស់​ក្នុងការ​គ្រង​ជើងឯក ដ្បិត​នៅសល់តែ​៦​ប្រកួត​ទៀត​ប៉ុណ្ណោះ​។ វិសាខា​បាន​ធ្លាក់​ទៅ​ឈរ​លេខ​រៀង​ទី​៣ ក្រោយ​បញ្ចប់​លទ្ធផល​ស្មើ ១-១ ជាមួយ​ម្ចាស់ផ្ទះ​បឹងកេត រីឯ​អាស៊ី​អឺរ៉ុប ក៏​បញ្ចប់​លទ្ធផល​ស្មើ ១-១ ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ​ផងដែរ​។ ចំណែក​ភ្នំពេញ​ក្រោ​នប​ន្ត​យកឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៣-២​។ គិត​ត្រឹម​សប្តាហ៍​ទី​២០​មាន​ក្រុម​ចំនួន​៨​ហើយ ដែល​អស់​ឱកាស​ប្រជែង​ដណ្តើមពាន​រដូវ​កាល​នេះ​។​

 
​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​បន្ត​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់ ត្រឹម​សប្តាហ៍​ទី​២០ បន្ទាប់ពី​ពួកគេ​បន្ត​យកឈ្នះ​កំពង់ចាម ៥-០ នា​ជំនួប​ជើង​ទី​២​នៅ​ល្ងាច​ថ្ងៃទី​១៨ សីហា នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ​ពួកគេ​មានឱកាស​កាន់តែ​ខ្ពស់​ក្នុងការ​គ្រង​ជើងឯក និង​បន្ត​គ្រប់គ្រង​កំពូល​មាន​៥២​ពិន្ទុ ដែលមាន​គម្លាត​៨​ពិន្ទុ​ពី​គូប្រជែង​ណាហ្គា​វើ​ល និង​វិសាខា ដែលមាន​៤៤​ពិន្ទុ​ដូចគ្នា​។ នៅសល់តែ​៦​ប្រកួត​ទៀត​ប៉ុណ្ណោះ ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នឹង​បញ្ចប់​ជា​ស្ថាពរ​។ គ្រាប់​បាល់​ទាំង​៥​របស់​ព្រះខ័ន​រាជ​ស្វាយរៀង​រកបាន​៣​គ្រាប់​ដោយ​កីឡាករ Gisung Yeon និង​រួមចំណែក​ម្នាក់​១​គ្រាប់​ពី​កីឡាករ ហូ​យ ផល្លី​ន និង Charles William Hew Machell​។   
 
​ភ្នំពេញ​ក្រោ​ន អាស៊ី​អឺរ៉ុប អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ សូល​ទី​ឡូ​អង្គរ គីរីវង់​សុខ​សែន​ជ័យ អគ្គិសនី​កម្ពុជា កំពង់ចាម និង​យុវជន​អាយុ​ក្រោម​១៨​បាទី សុទ្ធតែ​អស់​ឱកាស​ប្រជែង​ដណ្តើមពាន បើ​គិត​ត្រឹម​សប្តាហ៍​ទី​២០​។ បច្ចុប្បន្ន​ក្រុម​ជើងឯក​៦​សម័យកាល​ភ្នំពេញ​ក្រោ​ន​ស្ថិតនៅ​លេខ​រៀង​ទី​៧​មាន​៣២​ពិន្ទុ ដោយមាន​គម្លាត​២០​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង ខណៈ​ពួកគេ​នៅសល់តែ​៦​ប្រកួត​ទៀត​ប៉ុណ្ណោះ ដែល​ស្មើ​១៨​ពិន្ទុ​ក្នុងករណី​ឈ្នះ​គ្រប់​ការប្រកួត​។ ប៉ុន្តែ​ពួកគេ​នៅមាន​ឱកាស​ប្រជែង​ដណ្តើម​ជើងឯក​រង​។​
 
​ក្រុម​វិសាខា​ដែល​លេខ​រៀង​ទី​២​នៅ​សប្តាហ៍​ទី​១៩​បាន​ធ្លាក់​ទៅ​ឈរ​លេខ​រៀង​ទី​៣​នៅ​សប្តាហ៍​ទី​២០ ក្រោយ​ពួកគេ​បញ្ចប់​លទ្ធផល​ស្មើ ១-១ ជាមួយ​បឹងកេត នា​ជំនួប​ដ៏​ស្វិតស្វាញ​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ​។ គ្រាប់​បាល់​ទី​១​បាន​កើតឡើង​ត្រឹម​២៦​នាទី​ក្នុង​តង់​ទី​១ ក្រោយ​កីឡាករ Oiboh Julius រក​គ្រាប់​បាល់​នាំ ១-០ ឲ្យ​ម្ចាស់ផ្ទះ​បឹងកេត តែ​កីឡាករ Da Cruz Guardlano Eliel រក​គ្រាប់​បាល់​តាម​ស្មើ ១-១ សម្រាប់​វិសាខា​នៅ​នាទី​៤៥​។ នៅ​តង់​ទី​២​មិនមាន​គ្រាប់​បាល់​បញ្ចូល​ទី​កើតឡើង​នោះទេ ដោយ​ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត​។ បឹងកេត​បាន​បន្ត​ឈរ​លេខ​រៀង​ទី​៤​មាន​៤១​ពិន្ទុ​។ 
 
​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​មិនអាច​សឹង​សឹក​បានឡើយ ដោយ​ពួកគេ​បន្ត​ចាញ់​ភ្នំពេញ​ក្រោ​ន​ក្នុង​លទ្ធផល ៣-២​។ កីឡាករ Dzarma Bata, Mustafa Zazai និង​កីឡាករ យ៉ើ ម៉ូ​ស្លី​ម ជា​អ្នកសម្រេច​គ្រាប់​បាល់​ឲ្យ​ភ្នំពេញ​ក្រោ​ន ខណៈ​ពីរ​គ្រាប់​របស់​ប៉ូលិស​រកបាន​ដោយ Souza E Silva Matheus​។ ចំណែក​ការប្រកួត​នៅ​កីឡដ្ឋាន A.E.U Sports Park ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប​បានបញ្ចប់​ក្នុង​លទ្ធផល​មួយ​ដ៏​ភ្ញាក់ផ្អើល​នៅ​ជើង​ទី​២ គឺ​ស្មើ ១-១ ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ ដែល​ពួកគេ​បាន​ចាញ់ ៦-១ នៅ​ជើង​ទី​១​។ កីឡាករ Coulibali Abdel Kader ជា​អ្នករក​គ្រាប់​បាល់​ឲ្យ​ម្ចាស់ផ្ទះ រីឯ Fernando Cozar Torres សម្រេច​គ្រាប់​បាល់​ឲ្យ​ក្រុម​ភ្ញៀវ​៕    

Tag:
 ព្រះខ័ន​រាជ​ស្វាយរៀង​
  Cambodian League 2019
© រក្សាសិទ្ធិដោយ thmeythmey.com