ជាតិ
សង្គមជាតិ
អាជ្ញាធរ​បាន​ឃាត់​រថយន្ត​ដឹកឈើ​៩ គ្រឿង របស់​ក្រុមហ៊ុន​ចិន ដែល​ប្រុង​ដឹក​ទៅ​វៀតណាម​
19, Aug 2019 , 9:59 pm        
រូបភាព
​អាជ្ញាធរ បាន​ឃាត់​រថយន្ត​ដឹកឈើ​ចំនួន ៩​គ្រឿង របស់​ក្រុមហ៊ុន​ចិន​មួយ ដែល​គ្រោង​ដឹកចេញទៅ​កាន់​ប្រទេស​វៀតណាម តាម​ច្រក​ត្រពាំង​ស្រែ ខេត្តក្រចេះ កាលពី​រសៀល​ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ​២០១៩​។ នេះ​បើតាម​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ។

 
​លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​បញ្ជាក់ថា សមត្ថកិច្ច​កំពុងតែ​ត្រួតពិនិត្យ​ឈើ​ទាំងនោះ ដើម្បី​ចង់ដឹងថា មានច្បាប់​អនុញ្ញាត ឬក៏​មិនមាន​? មុន​អនុវត្ត​វិធានការ​តាមផ្លូវ​ច្បាប់​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក អេង ហ៊ី បាន​និយាយថា​៖« ពិតជា​មាន​ករណី​ឃាត់​ឡាន​ដឹកឈើ​។ ខ្ញុំ​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ ព្រោះ​ខ្ញុំ​មិនទាន់​បានទទួល​របាយ​ការណ៍​លម្អិត​នៅឡើយ​»​។ 


 
​រថយន្ត​ដឹកឈើ ដែល​អាជ្ញាធរ​ឃាត់​នោះ ជា​របស់​ក្រុមហ៊ុន​ចិន មានឈ្មោះ សៀ​ម៉ុ​ន (​ខេ​ម​បូ​ឌា​) អេ​ហ្គ្រិ​ខ​ល​ឈ័​រ ខម​ប្រេ​អេ​ន​ស៊ីវ ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​ក ដែល​បាន​ដឹកឈើ​ចេញពី​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ទៅកាន់​ប្រទេស​វៀ​ណា​ម តាម​ច្រក​ត្រពាំង​ស្រែ ដែល​ស្ថិតនៅ​ឃុំ​ពីរ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​។ នេះ​បើតាម​សកម្មជន​ការពារ​ព្រៃឈើ លោក ហេង ស្រស់ ដែល​បាន​តាមដាន​រឿងនេះ​។​
 
​លោក ហេង ស្រស់ បាន​និយាយថា​៖«​យើង​ទាមទារ​ឱ្យ​គណៈកម្មការ​ព្រៃឈើ និង​តុលាការ ស៊ើបអង្កេត​លើ​ករណី​(​ឈើ​នៅ​រថយន្ត​៩​គ្រឿង​)​នេះ ដោយ​យកចិត្តទុកដាក់​។ បើ​មិន​ដូច្នេះ​ទេ ខ្ញុំ​យល់ថា (​ការខិតខំ​ប្រឹងប្រែង​ក្នុងការ​ទប់ស្កាត់​)​របស់​គណៈកម្មការ​ព្រៃឈើ និង​តុលាការ ដូចជា​មិនបានការ​អ៊ីចឹង​»​។​
 
​គិត​មកដល់ពេលនេះ អាជ្ញាធរ បាន​ដុត​កម្ទេច​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ជាង​២០០​គ្រឿង​ហើយ ដោយ​ក្នុងនោះ​មាន​ប្រភេទ​រថយន្ត​កែច្នៃ​ដូចជា ប៉ា​កុង សាំ​យ៉ុង និង ឡុង​គ្រី​ស័​រ ជាដើម​។ ក្រៅពី​រថយន្ត ក៏​នៅមាន​ម៉ូតូ​កែច្នៃ​មួយចំនួនទៀត ដែល​ត្រូវបាន​ដុត​កម្ទេចចោល​ដែរ​។ ប៉ុន្តែ​តួលេខ​ឈើ​ដែល​រឹបអូស​បាន​នោះ មិនទាន់​បូកសរុប​របាយការណ៍​បច្ចុប្បន្នភាព​បាន​នៅឡើយ​ទេ​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។​
 
​តែបើ​យោងតាម​ព័ត៌មាន​ដែល​លោក អេង ហ៊ី ធ្លាប់បាន​ផ្ដល់​មក​សារព័ត៌មាន​ថ្មីៗ កាលពី​ចុងខែ​កក្កដា​នោះ អាជ្ញាធរ​បាន​រឹបអូស​ឈើ​ជាង​២​ពាន់​ម៉ែត្រ​គីប ហើយ​យកទៅ​រក្សាទុក នៅ​រដ្ឋបាល​ព្រៃឈើ​។​
 
​កាលពី​ថ្ងៃទី​១៥ សីហា ឧកញ៉ា គង់ គ្រឹ​ង និង​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ម៉ាត់ ណា​ស៊ា​ត ត្រូវបាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ ។ ដោយឡែក​ឧកញ៉ា ស៊ឹង សំអុល រួមទាំង​បក្សពួក​៤​នាក់​ទៀត ក៏​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ល្មើស​ព្រៃឈើ​នេះ​ដូចគ្នា កាលពីដើម​ខែកក្កដា ក្រោយពី​ការប្រកាស​អនុវត្ត​វិធានការ​ក្តៅ ពី​សំណាក់​លោក សៅ សុខា ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​៕ 

Tag:
 សៅ សុខា​
  អេង ហ៊ី​
  ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com