ចាន់ រតនា ឈ្នះ​៣​លើក​ជាប់​គ្នា ខណៈ​កីឡាករ​ថៃ​របូត​ខ្សែក្រវាត់ និង​អស់​ឱកាស​ដណ្ដើម​ប្រាក់​១​លាន​ដុល្លារ
ONE Championship
កីឡាជាតិ
ជាតិ
ចាន់ រតនា ឈ្នះ​៣​លើក​ជាប់​គ្នា ខណៈ​កីឡាករ​ថៃ​របូត​ខ្សែក្រវាត់ និង​អស់​ឱកាស​ដណ្ដើម​ប្រាក់​១​លាន​ដុល្លារ
19, Aug 2019 , 11:19 pm        
រូបភាព
អត្ថបទ​៖ ស៊ី​ធី 
​កីឡាករ​កំពូល​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា សាង​ប្រវត្តិ​ថ្មី ដែល​អាច​ឈ្នះ​លើស​ង្វៀន​លំដាប់​អន្តរជាតិ ONE ចំនួន ៣ លើក​ជាប់​គ្នា​បន្ទាប់ពី​យកឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ​កីឡាករ​សញ្ជាតិ​គុយបា Gustavo Balart នា​ថ្ងៃទី ១៦ សីហា នៅ​សង្វៀន ONE: DREAMS OF GOLD ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ​។


​ជើង​ខ្លាំង​ថៃ Petchdam Petchyindee Academy របូត​ខ្សែក្រវាត់ Flyweight Kickboxing World Championship របស់ខ្លួន​ក្រោយ​សន្លប់​ក្រោម​កណ្ដាប់ដៃ​របស់ Ilias Ennahachi មកពី​ហុ​ល្លង់​ត្រឹម​ទឹក​ទី​២​។ កណ្ដាប់ដៃ​មហា​ទម្ងន់ Giorgio Petrosyan មកពី​អ៊ីតាលី ឡើង​ជួប Samy Sana នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Featherweight Kickboxing World Grand Prix ដើម្បី​ដណ្ដើម​ប្រាក់រង្វាន់ ១ លាន​ដុល្លារ នៅ​សង្វៀន ONE: CENTURY នា​ក្រុង​តូ​ក្យូ នា​ខែ តុលា បន្ទាប់ពី​ឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន​។ 
 
១- ចាន់ រតនា ឈ្នះ​ពិន្ទុ​ជើង​ខ្លាំង​គុយបា Gustavo Balart ជា​ឯកច្ឆន្ទ​
​អ្នកលេង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ​ជើង​ខ្លាំង​គុយបា Gustavo Balart ក្រោយ​ប្រកួត ៣ ទឹក​ពេញ​។ ទឹក​ទី​១ និង ទឹក​ទី​២ កីឡាករ​គុយបា​ព្យាយាម​យ៉ាងខ្លាំង​ដើម្បី​ចូលចាប់​បោក ចាន់ រតនា និង លើក​យ៉ាងខ្ពស់ៗ ប៉ុន្តែ  ម្ចាស់​ក្លិប «​សិល្បៈ​» បាន​ដោះ និង រើរួច​ហើយក៏​ប្រើ​ក្បាច់គុន​ខ្មែរ​បាន​ច្រើន​។ ទឹក​ទី​៣ ចាន់ រតនា មិនសូវ​ឲ្យ​គូប្រជែង​ចូលចាប់​ទេ ដោយ​ប្រើ​ជំហរ​គុន​ខ្មែរ​ដើម្បី​វ៉ៃ​ទប់ បុក​ជង្គង់ និង កណ្ដាប់ដៃ​។ ទឹក​ចុង​ក្រោយនេះ រតនា បានធ្វើ​ឲ្យ ម្ចាស់​មេដាយមាស Pan American Games ឆ្នាំ ២០១១ សឺៗ ព្រោះ​រង​កណ្ដាប់ដៃ និង ការ​ទាត់​ជើង​ជាច្រើន​រហូត​ចង់​អស់កម្លាំង​ស៊ុ​ហ្វ​រៀងៗ​ខ្លួន​។ ទីបំផុត ចាន់ រតនា ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​។ ជ័យជម្នះ​នេះ​ជា​កំណត់ត្រា​ថ្មី​សម្រាប់​កីឡាករ​កម្ពុជា ដែល​ឈ្នះ ៣ លើក​ជាប់​គ្នា​មិន​ធ្លាប់​មាននៅ​សង្វៀន​អន្តរជាតិ ONE Championship​។ 



២- Petchdam Petchyindee Academy របូត​ខ្សែក្រវាត់​កម្រិត​ពិភពលោក​របស់ខ្លួន 
​ខ្សែក្រវាត់ Flyweight Kickboxing World Championship ដែលជា​របស់ Petchdam Petchyindee Academy នោះ បាន​ធ្លា​ក់លើ​កីឡាករ​សញ្ជាតិ​ហុ​ល្លង់ Ilias Ennahachi  វិញ​ម្ដង ក្រោយ​ប្រកួត​បាន​ត្រឹម ២ ទឹក​។ 

​ចូល​ទឹក​ទី​១​កីឡាករ​ទាំង​ចាប់ផ្ដើម​ទាត់ និង​ប្រើ​កម្លាំង​ដៃ​ដាក់គ្នា​។ ទឹក​ដំបូង​នេះ Petchdam ទាត់​ខាងក្រោម​ចំ​ក្បែរ​ប្រដាប់​ការពារ​របស់ Ennahachi ហើយ​ត្រូវ​សម្រាក​ព្យាបាល ២ នាទី​។ យ៉ាងណា​ការប្រកួត​អាច​បន្ត​ដល់​ចប់​ទឹក​ទី​១​។ ចូល​ដើម​ទឹក​ទី​២  Ennahachi សន្ធាប់​ម៉ាត់​ចូល​ឆ្វេង​ស្ដាំ​លើ Petchdam យ៉ាងច្រើន​ធ្វើ​ឲ្យ​ដួល​អុកគូទ​លើក​ទី​១ ប៉ុន្តែ​មិន​បញ្ហា​។ ពេល​ងើបឡើង កីឡាករ​មកពី​ហុ​ល្លង់​បាន​ប្រើ​កណ្ដាប់ដៃ​ឆ្វេង​ស្ដាំ​យ៉ាង​ញាប់​ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​បញ្ឈប់ Petchdam តែម្ដង​។ នេះ​ជាការ​ចងចាំ​បំផុត​របស់​កូនកាត់​ហុ​ល្លង់ - ម៉ា​រុក Ilias Ennahachi ដែល​ទទួល​ជ័យជម្នះ​ក្នុងការ​បង្ហាញខ្លួន​លើកដំបូង​នៅ​សង្វៀន ONE Championship អមដោយ​ការ​ឈ្នះ​ខ្សែក្រវាត់​។ 



៣- កីឡាករ​កណ្ដាប់ដៃ​ធ្ងន់ Giorgio Petrosyan  ឡើង​ជួប Samy Sana ដើម្បី​ដណ្ដើម​ប្រាក់រង្វាន់ ១ លាន​ដុល្លារ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Featherweight Kickboxing World Grand Prix 
Smokin' Jo Nattawut ដែល​ធ្លាប់​ចាញ់ Giorgio Petrosyan ម្ដង​រួចហើយ​កាល​ខែ មេសា ឆ្នាំ ២០១៨​នោះ រង​បរាជ័យ​ជាថ្មី​ត្រឹម​ដើម​ទឹក​ទី​១​ប៉ុណ្ណោះ​។ Petrosyan ប្រើ​កណ្ដាប់ដៃ​ឆ្វេង​ម៉ាត់  Jo Nattawut ឲ្យ​ដេក​ទៅលើ​ក្ដារ​រេញ​មិនអាច​បន្ត​ការប្រកួត​ទៀត​បានឡើយ និង កក់​កៅអី​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Featherweight Kickboxing World Grand Prix ដែលមាន​ប្រាក់រង្វាន់ ១ លាន​ដុល្លារ​។ Petrosyan បាន​ថ្លែងថា​៖«​នេះ​ជាការ​ប្រកួត​ដែល​ខ្ញុំ​ស្រលាញ់​។ ខ្ញុំ​ប្រសើរឡើង​ទាំង​បច្ចេកទេស និង ភាព​វ័យឆ្លាត​។ ពេលនេះ​ខ្ញុំ​មិន​និយាយ​ច្រើន​ពាក់ព័ន្ធ​នឹង Sana នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទេ ប៉ុន្តែ​យើង​នឹង​ជួបគ្នា​នៅ តូ​ក្យូ​»​។ 

​ចំណែក Sana ដែល​ឈ្នះ វីរបុរស​ថៃ Yodsanklai នៅ​វគ្គ​៨​នាក់​ចុងក្រោយ​នោះ​បន្ត ឈ្នះ​ពិន្ទុ​កីឡាករ​រុស្សី Askerov​។ ទឹក​ទី​៣ Sana និង Askerov វ៉ៃ​ប្រយ័ត្ន​រៀងខ្លួន ប៉ុន្តែ កីឡាករ​បារាំង​ចំណេញ​ពិន្ទុ​រួចហើយ​នៅ​ទឹក​ទី​១ និង ទី​២ ព្រោះ​ម៉ាត់​កីឡាករ​រុស្សី​ឲ្យ​ដួល​លើ​ក្ដារ​រេញ​។ Sana បញ្ជាក់ថា​៖«​ខ្ញុំ​បានធ្វើការ​ធ្ងន់​ណាស់​ដើម្បី​សម្រេចបាន​លទ្ធផល​។ ដេក​ដើរ​ឈរ​អង្គុយ ខ្ញុំ​តែងតែ​គិតដល់​ការប្រកួត​ថ្ងៃនេះ​។ ខ្ញុំ​មិន​និយាយ​ច្រើន​ទេ តែ​ចាំ​ជួប Petrosyan នៅ​តូ​ក្យូ​»​។ 

​សូម​ទស្សនា​ការផ្សាយ​ផ្ទាល់​គ្រប់ការ​ប្រកួត​របស់​ស​ង្វៀន ONE Championship តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA ៕ 


© រក្សាសិទ្ធិដោយ thmeythmey.com