រថយន្ត
អន្តរជាតិ
​អាជ្ញាធរ​បាងកក ហាម​រថយន្ត​ធុន​ធំ​ចូល​ក្រុង​ចាប់ពី​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​១២​យប់​
19, Aug 2019 , 7:39 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​ថៃ លោក Saksayam Chidchob មាន​ផែនការ​ដាក់​បម្រាម​រថ​យន្ត​ដឹកជញ្ជូន​ធុន​ធំ​ពី​ការធ្វើ​ចរាចរណ៍​ក្នុង​រាជធានី​បាងកក រយៈ​២០​ម៉ោង ពោលគឺ​ចាប់ពី​ម៉ោង ៤​ព្រឹក​ដល់​ម៉ោង​១២​យប់​។ ការកំណត់​បែបនេះ  មាន​គោលដៅ​បន្ធូរបន្ថយ​ការកកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង​ដែលមាន​ប្រជាជន​រស់នៅ​ជាង​៨,២​លាន​នាក់ (​ជំរឿន​ឆ្នាំ ២០១០)​។​

 
​រថយន្ត​ដឹក​ស៊ីម៉ង់ ប្រេងឥន្ធនៈ និង​ចំណីអាហារ នឹង​ពុំ​ត្រូវ​លើកលែង​ពី​ការដាក់​បម្រាម​នេះឡើយ​។ នេះ​បើតាម​លោក​រដ្ឋមន្ត្រី Saksayam Chidchob ដោយ​ព្យាករ​ទៀតថា បម្រាម​នេះ នឹង​ជួយ​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​ក្នុង​ទីក្រុង​ប្រកបដោយ​ប្រសិទ្ធភាព ដ្បិត​ជា​រៀងរាល់ថ្ងៃ រថយន្ត​ធុន​ធំ​ប្រមាណ​៥​ម៉ឺន​គ្រឿង​បើកបរ​លើ​ដងផ្លូវ​នានា​ក្នុង​ទីក្រុង​បាងកក​។ 
 
​ព្រំដែន​នៃ​ការអនុវត្ត​ចំណាត់ការ​នេះ នឹង​រាប់បញ្ចូល​ផ្នែក​ខ្លះ​នៃ​ខេត្ត​ជាប់​រាជធានី​បាងកក​ចំនួន​៣ ដូចជា Pathum Thani, Nonthaburi និង Samut Prakan ។ តាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១៦ ខែសីហា លោក​រដ្ឋមន្ត្រី Saksayam លើកឡើងថា រថយន្ត​ដឹកជញ្ជូន​ធុន​ធំ នឹង​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍​រយៈពេល ៩​ម៉ោង ក្នុង​មួយថ្ងៃ ចាប់ពី​ម៉ោង ៩​យប់ ដល់ ៦​ព្រឹក ក្នុង​ផ្នែក​ដែល​ពុំ​រាប់បញ្ចូល​នៃ​ខេត្ត​ទាំងបី​ខាងលើនេះ​។ 
 
​ចំណែក​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​ក្នុងប្រទេស ការកំណត់​ម៉ោង​ឲ្យ​ធ្វើ​ចរាចរណ៍​ដែលមាន​ស្រាប់​សម្រាប់​រថយន្ត​ធុន​ធំ នឹង​នៅតែ​បន្ត​អនុវត្ត​ដដែល ពោលគឺ​នៅ​ចន្លោះ​ម៉ោង ១០​ព្រឹក​ដល់ ៤​ល្ងាច និង​ចន្លោះ​ពី​ម៉ោង ៩​យប់​ដល់ ៦​ម៉ោង​។ លោក Saksayam បញ្ជាក់​បែបនេះ​។ 
 
​ទន្ទឹមនឹង​គ្នា​នេះ  ដើម្បី​បង្ការ​ការធ្វើ​បាតុកម្ម​ពី​សំណាក់​ម្ចាស់​រថយន្ត​ដឹកជញ្ជូន​ធំៗ​ទាំងនោះ លោក​រដ្ឋមន្ត្រី​ថៃ​រូបនេះ ក៏​បញ្ជាក់ទៀតថា លោក នឹង​ត្រៀម​រៀបចំ​វិធានការ​ថ្លៃ​សំណង​សម្រាប់​អ្នក​ទាំងនោះ​ផងដែរ​។ ដោយឡែក ភាគី​ពាក់ព័ន្ធ​ក្នុង​រឿងនេះ នឹងត្រូវ​ទុកពេល​១​ខែ​សម្រាប់​ត្រៀមលក្ខណៈ ហើយ​លោក នឹងដាក់​ស្នើ​គំនិត​នេះ​ទៅកាន់​គណៈរដ្ឋមន្ត្រី​ថៃ​សម្រាប់​ពិចារណា និង​អនុម័ត​។ 
 
​សូមបញ្ជាក់ថា បច្ចុប្បន្ន រថយន្ត​ដឹកជញ្ជូន​ធុន​ធំ ដែលមាន​កង់​ចាប់ពី​១០​ឡើងទៅ ត្រូវ​កំណត់​ឲ្យ​ចូល​ទីក្រុង​បាងកក នៅ​ចន្លោះ​ម៉ោង ៩​យប់ និង ៦​ព្រឹក ហើយ​រថយន្ត​ដឹកទំនិញ​ធំៗ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ជុំវិញ​នោះ អាចធ្វើ​ចរាចរណ៍​ចាប់ពី​ម៉ោង ១០​យប់​ដល់ ៦​ព្រឹក​៕

Tag:
 ថៃ​
  បាងកក​
  រថយន្ត​ធុន​ធំ​
  ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com