អន្តរជាតិ
ទាំង​អ្នកធំ ទាំង​អ្នកតូច​នៅ​អាស៊ីអាគ្នេយ៍ ព្រួយបារម្ភ​ខ្លាំង​ពី​ការ​លិច​ក្រោម​សមុទ្រ ដោយសារ​បម្រែបម្រួល​អាកាសធាតុ​
20, Aug 2019 , 8:29 am        
រូបភាព
របងបេតុងនៅទីក្រុងហ្សាការតា។ រូបភាព AP
របងបេតុងនៅទីក្រុងហ្សាការតា។ រូបភាព AP
ដោយ:
​បម្រែបម្រួល​អាកាសធាតុ គឺជា​បញ្ហា និង​ក្តីបារម្ភ​រួមមួយ​របស់​ពិ​ភ​លោក ដែល​តម្រូវ​ឲ្យ​មាន​វិធាន​ទប់ស្កាត់​ទុកជាមុន​ឲ្យ​បាន​ទាន់ពេល និង​ប្រសិទ្ធភាព​បំផុត​។ បើ​មេដឹកនាំ​របស់​ពិភពលោក ជាពិសេស​សម្រាប់​ប្រទេស​ដែលមាន​ភូមិសាស្ត្រ​ផុយ​ស្រួល និង​ងាយ​រងគ្រោះ មិនមាន​ផែនការ និង​សកម្មភាព​បង្ការ​នោះទេ ប្រទេស​ទាំងនោះ អាច​នឹង​អវត្តមាន​ពី​ផែនទី​ពិភពលោក ដោយសារ​ការលិចលង់​។​

 
​តាម​របាយការណ៍​អ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ ប្រទេស​ដែល​កំពុងតែ​រង​ការគំរាមកំហែង​ខ្លាំង​បំផុត​ពី​បញ្ហា​បម្រែបម្រួល​អាកាសធាតុ គឺ​បណ្តា​ប្រទេស​កោះ​ប៉ាស៊ីហ្វិក ដែលមាន​ភូមិសាស្ត្រ​មិន​អំណោយផល ។ មិន​អំណោយផល​នោះ​គឺ​ប្រទេស​ទាំងនោះ ទំនាប ដែល​ងាយ​រង​ការលិចលង់​បំផុត នៅពេល​កម្ពស់​នៃ​ទឹកសមុទ្រ​កាន់តែ​កើនឡើង​។​
 
​គួរ​ឲ្យ​កត់សម្គាល់​នោះ ថ្មីៗ​នេះ​រដ្ឋ​អាស៊ីអាគ្នេយ៍ គឺ​ឥណ្ឌូណេស៊ី ដែលមាន​ផ្ទៃដី​ធំ​បំផុត​នៅក្នុង​តំបន់ និង​សិង្ហ​បុរី ដែលមាន​ផ្ទៃដី​តូច​បំផុត​នៅក្នុង​តំបន់ បាន​មាន​ក្តីបារម្ភ​ខ្លាំង​ដូចគ្នា​ពី​ភាពមិនប្រាកដ និង​មិនអាច​ព្យាករ​បាន​នៃ​បាតុភូតធម្មជាតិ​។ ប្រទេស​ទាំងពីរ សុទ្ធតែ​ព្រួយបារម្ភ ថា​អាច​នឹងត្រូវ​លិចទៅ​ក្រោម​សមុទ្រ ប្រសិនបើ​មិនមាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​មុនពេល​ទេនោះ​។​
 
​តាម​សុន្ទរកថា​របស់​លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង នៅ​ថ្ងៃ​១៨ សីហា សិង្ហ​បុរី ក៏​ជា​រដ្ឋ​កោះ​មួយ ដែល​ងាយ​រងគ្រោះ​បំផុត​ពី​បម្រែបម្រួល​អាកាសធាតុ ជាពិសេស​នោះ​ពី​ការកើនឡើង​នៃ​កម្ពស់​ទឹកសមុទ្រ ។ ដោយ​មើលឃើញ​ពី​ទំនោរ​នេះ លោកនាយក​រដ្ឋមន្ត្រី បាន​អះអាងថា សិង្ហ​បុរី  បាន​មាន​ផែនការ​រួចស្រេច​សម្រាប់​អនុវត្ត​ក្នុង​រយៈពេល​វែង​ចន្លោះ​៥០​ទៅ​១០០​ឆ្នាំ​ខាងមុខ​។​
 
​មេដឹកនាំ​សិង្ហ​បុរី ដែល​តែងមាន​គោលការណ៍​គោលនយោបាយ​គិតគូរ​ជាតិ​សម្រាប់​៥០​ឆ្នាំ​ខាង​មុន​រូបនេះ បាន​មើលឃើញថា ដើម្បី​ការពារ​សិង្ហ​បុរី​ពី​ការកើនឡើង​នៃ​កម្ពស់​ទឹកសមុទ្រ សិង្ហ​បុរី ត្រូវ​ចំណាយ ប្រមាណ ១០០ ពាន់​លាន​ដុល្លារ​សិង្ហ​បុរី ក្នុង​រយៈពេល​១០០​ឆ្នាំ​។ លោក គូសបញ្ជាក់ថា ប្រសិនបើ​យក​ពេល​ត្រឹម​១០​ឆ្នាំ​សម្រាប់​ដោះស្រាយ នោះ​សិង្ហ​បុរី ច្បាស់​ជា​មិនអាច​ធ្វើ​បានឡើយ​។ 
 
​រីឯ​ឥណ្ឌូណេស៊ី​វិញ កាលពី​ខែ​មុននេះ លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ បាន​លើកឡើងថា រដ្ឋធានី​ហ្សា​ការ​តា អាច​នឹងត្រូវ​លិច​ក្រោម​ទឹកសមុទ្រ នាពេលខាងមុខ បើ​មិនមាន​វិធានការ​ការពារ​នោះទេ​។ លោក​ប្រធានាធិបតី ពេលនោះ បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ការពារ និង​ព​ន្លឿ​ន​គម្រោង និង​ផែនការ​អនុវត្ត​របស់​លោក ដែល​មិនទាន់​ទទួលបាន​ការគាំទ្រ​១០០​ភាគរយ​ពី​ភាគី​ពាក់ព័ន្ធ​។​
 
​គម្រោង​នោះ​គឺ ការសាងសង់​ជញ្ជាំង​យក្ស​ហ៊ុមព័ទ្ធ​រដ្ឋធានី ដែល​គ្រោង​ចំណាយ​ថវិកា​រហូតដល់ ៤២ ពាន់​លាន​ដុល្លារ​។ លោក​ប្រធានាធិបតី បាន​ក្រើន​រម្លឹកថា ប្រសិនបើ​ផែនការ​នេះ នៅតែ​ពន្យារពេល​ទៀត​នោះ មួយ​ភាគបី នៃ​រដ្ឋធានី ហ្សា​ការ​តា អាច​នឹងត្រូវ​លិចលង់​ទៅ​ក្រោម​សមុទ្រ​នៅត្រឹម​ឆ្នាំ​២០៥០ ជាពុំខាន​៕ 
 

Tag:
 ឥណ្ឌូណេស៊ី​
  សិង្ហ​បុរី​
  បម្រែបម្រួល​អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com