អន្តរជាតិ
ខេត្ត​ចំនួន​១២ នៅ​ថៃ ត្រូវដាក់​ក្រោម​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ទឹកជំនន់​
20, Aug 2019 , 9:11 am        
រូបភាព
រូបភាព Bangkok Post
រូបភាព Bangkok Post
​ដោយ៖ ឈួន ឈី​វ​អ៊ីង​
 
​ខេត្ត Nakhon Nayok និង​១១​ខេត្ត​ផ្សេងទៀត​របស់​ថៃ ត្រូវបាន​ដាក់​ប​ញ្ជូ​ល​ក្នុង​បញ្ជី​ឈ្មោះ​ខេត្ត ដែល​គួរ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ទឹកជំនន់​ហូរ​កាត់ និង​ការបាក់​ដី​។ បើតាម​នាយកដ្ឋាន​បង្កា​រ​និង​កាត់បន្ថយ​គ្រោះមហន្តរាយ​របស់​ថៃ ការដាក់​ឲ្យ​ស្ថិតក្រោម​ការប្រុងប្រយ័ត្ន​នេះ នឹង​បន្ត​រហូតដល់​ថ្ងៃទី​២០ ខែសីហា​នេះ​។​

 
​អគ្គនាយកដ្ឋាន លោក Chayaphol Thitisak បានប្រកាស​អាសន្ន​ចំពោះ​ខេត្ត​ទាំង ១២ បន្ទាប់ពី​ជំនន់​ទឹកភ្លៀង​បំផ្លាញ​តំបន់​មួយចំនួន​ក្នុង​រយៈពេល ២​ថ្ងៃ​កន្លងមក​។ ខេត្ត​ដែល​ស្ថិតក្រោម​ការប្រកាសអាសន្ន​នោះ​មានដូចជា Nakhon Nayok, Trat, Mae Hong Son, Chiang Rai, Phayao, Nan, Uttaradit, Tak, Ranong, Phangnga និង Trang​។​
 
​ទឹកជ្រោះ Wang Takrai, Sarika និង Nang Rong ដែលមាន​ឈ្មោះ​ល្បីល្បាញ​នៅ​ខេត្ត Nakhon Nayok ក្នុងស្រុក Muang ត្រូវបាន​រងគ្រោះ​ដោយ​ទឹកជំនន់ ដែល​ហូរ​ចេញពី​ឧទ្យាន​ជាតិ Khao Yai ប្រហែល​ម៉ោង​១ យប់​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​។ ទឹកជំនន់​ដែល​ជន់​ឡើង​ភ្លាមៗ​នេះ ក៏បាន​បំផ្លាញ​រមណីយដ្ឋាន ៣​ទៅ​៤ កន្លែង​នៅ Klong Maduea និង​ចំណតរថយន្ត​ប្រហែល ១០​កន្លែង​នៅ Wang Takrei ផងដែរ​។​។ ប៉ុន្តែ​មិនមាន​ការរាយការណ៍​ពី​អ្នករបួស និង​បាត់​បង់ជីវិត​ឡើយ ព្រោះ​ភ្ញៀវ​ទេសចរណ៍​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព​។​
 
​ការិយាល័យ​បង្ការ​និង​កាត់បន្ថយ​គ្រោះមហន្តរាយ​ប្រចាំខេត្ត Nakhon Nayok បាន​និយាយថា​ទឹកជ្រោះ​ទាំង​៣​កន្លែង នៅតែ​បើក​នៅ​នៅ​ចុង​សប្ដាហ៍​មុន ប៉ុន្តែ​ការលេងទឹក​ត្រូវបាន​ហាមឃាត់ ដោយសារ​តែមាន​ចរន្តទឹក​ខ្លាំង​៕

© រក្សាសិទ្ធិដោយ thmeythmey.com