កីឡាអន្តរជាតិ
អន្តរជាតិ
Sarri សម្រាក​ព្យាបាល​ជំងឺ​រលាក​សួត​នៅ​មន្ទីរពេទ្យ ខណៈ​លោក​ញៀន​បារី​
20, Aug 2019 , 10:09 am        
រូបភាព
​អ្នកចាត់ការ​ទូទៅ​ក្រុម Juventus លោក Maurizio Sarri កំពុង​ស្ថិតក្នុង​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការព្យាបាល​ជំងឺ​រលាក​សួត​។​


 
​អតីត​គ្រូ Chelsea វ័យ ៦០ ឆ្នាំ​រូបនេះ​បាន​ចំណាយពេល​មួយ​ព្រឹក នៅ​ជាមួយ​ក្លិប​យក្ស​អ៊ីតាលី​ប៉ុណ្ណោះ នៅ​ថ្ងៃទី​១៩ ខែសីហា បន្ទាប់ពី​ខកខាន​ដឹកនាំ​ការប្រកួត​មិត្តភាព កាលពី​ចុង​សប្តាហ៍​ទល់នឹង​ក្រុម Triestina ។​
 
​ដំបូង​ឡើយ​គេ​គិតថា លោក Sarri ដែល​ខកខាន​ដឹកនាំ​ការប្រកួត​មិត្តភាព​នេះ ដោយសារ​មាន​បញ្ហា​ផ្ដាសាយ​។ ប៉ុន្តែ​ក្រោយពី​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​ដែល​ចូលចិត្ត​ជក់បារី​រូបនេះ មាន​អាការ​កាន់តែ​មិន​ស្រួល​នោះ លោក​ក៏​ទទួល​ការពិនិត្យ​បន្ថែមទៀត ដោយ​រកឃើញថា​មាន​ជំងឺ​រលាក​សួត​។ លោក Sarri បានចាប់ផ្តើម​ព្យាបាល​ជំងឺ​នេះហើយ​។ នេះ​បើតាម​ក្លិប Juventus​។​
 
​ក្រុម​រហស្សនាម​សេះបង្កង់ និង​ត្រូវ​ធ្វើដំណើរ​ទៅ​ជួប​ម្ចាស់ផ្ទះ Parma សម្រាប់​ការប្រកួត​បើកឆាក​ក្របខណ្ឌ​លី​គ​កំពូល​អ៊ីតាលី Serie A នៅ​ចុង​សប្តាហ៍​នេះ ខណៈ​វត្តមាន​របស់លោក Sarri ក្នុងការ​ដឹកនាំ​ក្រុម​ដំបូង​រដូវ​កាល​នេះ នៅ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​។​
 
​អតីត​អ្នកចាត់ការ Napoli បាន​ចូលរួម​ជាមួយ​ក្រុម​តោ​ខៀវ កាលពី​ខែកក្កដា ឆ្នាំ ២០១៨ ដោយ​ជួយ​ក្រុម​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ឡុង​ដ៏​នេះ ឈ្នះ​ពានរង្វាន់ Europa League សម្រាប់​រដូវ​កាល​ដំបូង​របស់លោក​។​
 
​បើ​ទោះ​ជួយ Chelsea ឈ្នះ​ពាន​លំដាប់​ទី​ពីរ​អឺរ៉ុប និង​បាន​កៅអី Champions League ក្តី ប៉ុន្តែ​លោក Sarri នៅតែ​ចាក​ចេញពី Stamford Bridge ដើម្បី​ទៅ​ជំនួស​កៅអី​លោក Massimiliano Allegri ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ Juventus កាលពី​ខែមិថុនា កន្លងទៅ​៕

Tag:
 Maurizio Sarri
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com