ជាតិ
ព្រឹទ្ធាចារ្យ គង់ ណៃ បានធូរស្បើយពីជំងឺខ្លះ តែត្រូវតាមដានបន្ត រូបពីហ្វេសប៊ុកលោក ពេជ សារ៉ាត
× ភ្នំពេញ៖ ឆ្លើយប្រាប់សារព័ត៌មានថ្មីៗតាមរយៈទូរសព្ទ លោកព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ មានប្រសាសន៍ថា អាការជំងឺរបស់លោកបានធូរស្បើយបន្តិចហើយ ប៉ុន្តែគ្រូពេទ្យនៅតាមដានស្ថានភាពបន្តទៀត។
លោកព្រឹទ្ធាចារ្យ គង់ ណៃ បានបញ្ជាក់ថា ដំបូងឡើយលោកចេះតែអស់កម្លាំង មិនឃ្លានអាហារ ពិបាកបត់ជើងតូច ហើយពេលខ្លះក្អកមានធ្លាក់ឈាមផង។ ក្រោយពីមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរ្យវៀត គ្រូពេទ្យបានរកឃើញថាលោកមានជំងឺសួត ឈាមស និងជំងឺរបេង។
ទោះជាយ៉ាងណា ព្រឹទ្ធាចារ្យចាប៉ីដងវែងដែលមានអាយុ៧៤ឆ្នាំរូបនេះ ថាស្ថានភាពសុខភាពរបស់លោក បានធូរស្បើយបន្តិចហើយ។ លោកបញ្ជាក់ដូច្នេះថា៖«សុខភាពក្នុងខ្លួនពេលនេះមិនឡើងមិនចុះ គ្រាន់តែថាបានធូរជាងមុនបន្តិច។ ពេទ្យ ថាឱ្យនៅតាមដានជំងឺសិន។ បានលទ្ធផលយ៉ាងណាខ្ញុំក៏មិនទាន់ដឹងច្បាស់ដែរ»។
លោកព្រឹទ្ធាចារ្យ គង់ ណៃ គឺជាសិល្បករចាប៉ីដងវែងដែលទទួលបានពានហ្វុកុអូកាពីប្រទេសជប៉ុនកាលពីឆ្នាំ២០១៧។ ពានរង្វាន់ដែលលោកព្រឹទ្ធាចារ្យទទួលបាននេះ មានតម្លៃក្នុងនាមជាបុគ្គលដែលមានស្នាដៃឆ្នើមនៅតំបន់អាស៊ី ពាក់ព័ន្ធផ្នែកអប់រំសិល្បៈនិងវប្បធម៌៕
Tag:
គង់ ណៃ
ចាប៉ី
សិល្បៈ
វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com