អន្តរជាតិ
លោក ម៉ា​ក្រុង និង​លោក ពូ​ទីន និយាយ​ផ្លែផ្កា​ឲ្យ​គ្នា​រឿង​បាតុកម្ម​
20, Aug 2019 , 2:19 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នាជំនួបនៅ Bregancon fortress ។ រូបភាព AFP
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នាជំនួបនៅ Bregancon fortress ។ រូបភាព AFP
​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​ស្វាគមន៍​សម​ភាគី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃទី​១៩ ខែសីហា នៅ​ភាគខាងត្បូង​ប្រទេស ដើម្បី​ជជែក​ពី​ទំនាក់ទំនង​ទ្វេភាគី និង​បញ្ហាសំខាន់ៗ​ផ្សេងទៀត​ដូចជា​វិបត្តិ​អ៊ុយ​ក្រែ​ន និង​សង្គ្រាម​នៅ​ស៊ី​រី​ជាដើម​។ ឆ្លៀត​ពេលនោះ លោក ម៉ា​ក្រុង ក៏​ផ្ដល់យោបល់​ខ្លះ​ឲ្យ​លោក ពូ​ទីន ពាក់ព័ន្ធ​បាតុកម្ម​នៅ​មូ​ស្គូ​ដែល​មានការ​ចាប់ចង​មនុស្ស​ជាច្រើន ដោយ​លោក​ចាត់ទុកជា​សិទ្ធិ​តវ៉ា​របស់​ប្រជាជន​រុស្ស៊ី​។ ប៉ុន្តែ​លោក ពូ​ទីន ប្រាប់​វិញ​ថា សិទ្ធិ​នោះ ត្រូវតែ​ស្របច្បាប់​ដែរ​។​

 
​នៅ​ទីក្រុង​ប៉ារីស បាតុកម្ម​របស់​ក្រុម​អាវកាក់​លឿង នៅ​មិនទាន់​ស្ងប់​រលត់​នៅឡើយ​ទេ ខណៈ​នៅ​ទីក្រុង​មូ​ស្គូ​ឯណោះ​វិញ ក៏មាន​ការប្រមូលផ្ដុំ​ផងដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មកនេះ មិនទាន់មាន​ទ្រង់ទ្រាយ​ធំ​ដូច​នៅ​បារាំង​ឡើយ​។ ចំណែកឯ​ការបង្ក្រាប​វិញ នៅ​បារាំង គេ​កត់សម្គាល់ថា មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​នៅ​រុស្ស៊ី​ផងដែរ​។ រឿង​បាតុកម្ម​នេះ ក៏​ក្លាយជា​កម្មវត្ថុ​ផ្លែផ្កា​ឲ្យ​គ្នា​រវាង​ប្រធានាធិបតី​បារាំង និង​រុស្ស៊ី​។​
 
​នា​ជំនួប​នៅ​និវេសនដ្ឋាន​រដូវក្ដៅ​នៅ​បន្ទាយ Bregancon  នៅ​ថ្ងៃទី​១៩ ខែសីហា ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​រំឭក​សម​ភាគី​រុស្ស៊ី វ៉ា្ល​ឌី​មៀ ពូ​ទីន ពី​គោលការណ៍​ប្រជាធិបតេយ្យ​ដែល​ក្នុងនោះ​សិទ្ធិ​តវ៉ា​ត្រូវតែ​គោរព​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ខ្លី​រួមគ្នា លោក ម៉ា​ក្រុង បន្តថា​៖ «​យើង​ស្នើ​ឲ្យ​មាន​សេរីភាព​បញ្ចេញមតិ សេរីភាព​និយាយស្ដី សេរីភាព​បញ្ចេញ​គំនិត និង​សេរីភាព​ក្នុងការ​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត ដែល​សិទ្ធិ​ទាំងនេះ​គួរ​ត្រូវបាន​គោរព​ពេញលេញ​រុស្ស៊ី​។​»
 
​មេដឹកនាំ​បារាំង ចង់​សំដៅ​ដល់​ការបង្ក្រាប​បាតុកម្ម​នៅ​រុស្ស៊ី​នៅពេល​ថ្មីៗ​នេះ​ដែល​ក្រុមបាតុករ​នាំគ្នា​តវ៉ា​ការដក​សិទ្ធិ​របស់​បេក្ខជន​ប្រឆាំង​ដោយ​អាជ្ញាធរ​។ ចំពោះមុខ​លោក ពូ​ទីន លោក ម៉ា​ក្រុង ក៏​ស្នើ​ឲ្យ​រុស្ស៊ី​គោរព​ឲ្យ​ខ្ជាប់ខ្ជួន​កិច្ចព្រមព្រៀង​អន្តរជាតិ​ដែល​ធានា​ពី​ការការពារ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​ប្រមូលផ្ដុំ​របស់​ពលរដ្ឋ​រុស្ស៊ី​។ លោក ម៉ា​ក្រុង ថា បញ្ហា​នៅ​មូ​ស្គូ ធ្វើ​ឲ្យ​លោកខាងលិច​បារម្ភ​យ៉ាងខ្លាំង ពិសេស​សកម្មភាព​រប​ស់​ប៉ូលិស​។​
 
​តប​ពាក្យរិះគន់​របស់លោក ម៉ា​ក្រុង លោក ពូ​ទីន ក៏​ឆ្លើយ​វិញ​ភ្លាម​ដែរ​។ ដោយ​សំដៅលើ​បាតុកម្ម​អាវកាក់​លឿង​ដែល​អុកឡុក​រដ្ឋធានី​ប៉ារីស​៤០​សប្ដាហ៍​មកហើយ​នោះ លោក ពូ​ទីន និយាយថា រុស្ស៊ី​មិន​ចង់បាន​បាតុកម្មហិង្សា​ដែល​មិនអាច​គ្រប់គ្រង​បាន​នោះឡើយ តែ​ប្រជាជន​អាច​បញ្ចេញមតិ​របស់​ពួកគេ​តាមផ្លូវ​សន្តិភាព និង​ស្របច្បាប់​។ បើតាម​ការផ្សាយ​របស់​សារព័ត៌មាន RT មេដឹកនាំ​រុស្ស៊ី​រូបនេះ​បន្ថែមថា ប្រជាជន​រុស្ស៊ី​មាន​សិទ្ធិ​បញ្ចេញមតិ ហើយ​អាជ្ញាធរ​ក៏ត្រូវ​ការពារ​សិទ្ធិ​នោះ​។​
 
​បាតុកម្ម​អាវកាក់​លឿង ផ្ទុះឡើង​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​ផ្ដើមចេញពី​ការតវ៉ា​ប្រឆាំង​ការដំឡើង​ពន្ធ​ឥន្ធនៈ​។ ប៉ុន្តែ​បន្ទាប់មក បាតុកម្ម ក៏​ប្រែ​ទៅជា​ការតវ៉ា​ប្រឆាំង​លោក ម៉ា​ក្រុង និង​រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​តែម្ដង​។ ការប៉ះទង្គិច​រវាង​ប៉ូលិស និង​ក្រុមបាតុករ បានកើត​ឡើង​យ៉ាង​ញឹកញាប់​រហូត​ធ្វើ​ឲ្យ​មាន​អ្នករងរបួស​ជាច្រើន ដ្បិត​ប៉ូលិស​បារាំង​ហាក់​ប្រើ​កម្លាំង​ធ្ងន់​ដៃ​ពេក​ក្នុងការ​បង្ក្រាប​ដោយមាន​ការប្រើ​ដំបង គ្រាប់កាំភ្លើង​កៅស៊ូ និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​ជាដើម​៕   

Tag:
 បារាំង​
  រុស្ស៊ី​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
  វ៉ា្ល​ឌី​មៀ ពូ​ទីន​
© រក្សាសិទ្ធិដោយ thmeythmey.com