កីឡាការិនីទីយ៉ាត្លុង អួន ច័ន្ទភក្ត្រា បានបង្ហាញភាពខ្លាំងរបស់ខ្លួន តាមរយៈដណ្តើមបានមេដាយប្រាក់ពីការប្រកួតជើងឯកពិភពលោក World Police and Fire Games នៅប្រទេសចិន។ ក្រុមអត្តពលិកកម្ពុជា បានបញ្ចប់បេសកកម្ម ដោយដណ្តើមបានមេដាយមាស១៨ ប្រាក់១៧ និងសំរឹទ្ធ១១ ហើយបាននាំយកមេដាយទាំងនេះមកដល់មាតុភូមិនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។
កីឡាការិនី អួន ច័ន្ទភក្ត្រា បានធ្វើរឿងភ្ញាក់ផ្អើលមួយក្នុងព្រឹត្តិការណ៍ World Police and Fire Games តាមរយៈដណ្តើមបានមេដាយប្រាក់១ លើវិញ្ញាសាហែលទឹកចម្ងាយ១,៥គីឡូម៉ែត្រ ជិះកង់៤០គីឡូម៉ែត្រ និងរត់១០គីឡូម៉ែត្រ។ តាមរយៈលទ្ធផលនេះអាចបញ្ជាក់បានថា ច័ន្ទភក្ត្រា ជាកីឡាការិនីអំណត់អត់ធន់ និងមានសក្តានុពលមួយរូបសម្រាប់វិស័យកីឡាទ្រីយ៉ាត្លុង ដែលខ្សត់ធនធានកីឡាការិនី។ កីឡានេះតម្រូវឲ្យកីឡាករ ឬកីឡាការិនីម្នាក់លេង៣វិញ្ញាសាក្នុងពេលតែមួយ គឺហែលទឹក ជិះកង់ និងរត់។
មេដាយនេះ មិនត្រឹមតែជួយលើកមុខមាត់កីឡាការិនីរូបនេះប៉ុណ្ណោះទេ ថែមទាំងជួយលើកកិត្តិយសជូនកីឡាទ្រីយ៉ាត្លុង និងអង្គភាពកីឡានគរបាលជាតិនៃក្រសួងមហាផ្ទៃទៀតផង។ លើសពីនេះ វានឹងក្លាយជាចលករមួយកនុងការទាក់ទាញកីឡាករឲ្យចូលរួមលេងកីឡានេះកាន់តែច្រើនផងដែរ។
ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈមួយសប្តាហ៍ពីថ្ងៃទី១២-១៨ ខែសីហា ក្រុមអត្តពលិកអង្គភាពកីឡានគរបាលជាតិដណ្តើមបានមេដាយសរុបចំនួន៤៦ រួមមានមេដាយមាស១៨ ប្រាក់១៧ និងសំរឹទ្ធ១១។ ក្រុមអត្តពលិកកម្ពុជាបាននាំជ័យលាភី ក៏ដូចជាមេដាយមកដល់មាតុប្រទេសកាលពីថ្ងៃទី១៩ ខែសីហា ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិ រួមជាមួយថ្នាក់ដឹកនាំជាច្រើនរូបទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោក ជា ប៊ុនហេង បានចាត់ទុកជោគជ័យជម្នះដ៏ធំធេងនេះ ជាសមិទ្ធផលប្រវត្តិសាស្ត្រសម្រាប់អង្គភាពកីឡានគរបាលជាតិ និងលើសពីអ្វីដែលបានរំពឹងទុក។ ជាមួយលទ្ធផលជោគជ័យដ៏ធំធេងសម្រាប់ការចូលរួមលើកដំបូងនេះ លោក ប្តេជ្ញាថា លោកនឹងបញ្ជូនកីឡាករកីឡាការិនីឲ្យចូលរួមប្រកួតនៅលើកក្រោយៗទៀត។
ទោះបីមេដាយនេះ គ្មានគោលការណ៍ក្នុងអនុក្រឹតអន្តរក្រសួងក្នុងការទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលក៏ដោយ ប៉ុន្តែម្ចាស់ជ័យលាភីទាំងអស់នឹងទទួលបានថវិកាលើកទឹកចិត្តពីក្រសួងមហាផ្ទៃ។ បើតាមលោក ជា ប៊ុនហេង កីឡាករដណ្តើមបានមេដាយមាសនឹងទទួលបានថវិកាលើកទឹកចិត្ត ១ពាន់ដុល្លារ មេដាយប្រាក់៨០០ដុល្លារ និងមេដាយសំរឹទ្ធ៥០០ដុល្លារ។
មេដាយទាំងនេះ កម្ពុជាដណ្តើមបានលើកីឡាការ៉ាតេ(មាស៧ ប្រាក់២), តេក្វាន់ដូ(មាស៣ ប្រាក់១ សំរឹទ្ធ២), ចំបាប់(មាស២ ប្រាក់៣ សំរឹទ្ធ២), ជឺជីតស៊ូ(មាស២ សំរឹទ្ធ១), ហែលទឹក(មាស១ ប្រាក់២ សំរឹទ្ធ២), ចំបាប់/កាច់ដៃ(មាស១ ប្រាក់២ សំរឹទ្ធ១), អត្តពលកម្ម(មាស១ ប្រាក់២), ប្រណាំងទូកនាគ(មាស១), យូដូ(ប្រាក់៣ សំរឹទ្ធ១), វាយសី និងទ្រីយ៉ាត្លុងទទួលមេដាយប្រាក់១ ខណៈវាយកូនឃ្លីលើតុ និងបាល់ឱបបានមេដាយសំរឹទ្ធម្នាក់១។
សម្រាប់ការប្រកួត World Police and Fire Games ដែលរៀបចំនៅប្រទេសចិនចាប់ពីថ្ងៃទី១២-១៨ សីហា អង្គភាពកីឡានគរបាលជាតិនៃក្រសួងមហាផ្ទៃបានបញ្ជូនអត្តពលិក៩៤រូបលើ១២ប្រភេទកីឡាឲ្យចូលរួម។ កីឡាទាំង១២រួមមានតេក្វាន់ដូ, ការ៉ាតេ, យូដូ, ជឺជីតស៊ូ, ចំបាប់, វាយសី, វាយកូនឃ្លីលើតុ, ហែលទឹក, ទ្រីយ៉ាត្លុង, អត្តពលកម្ម, បាល់ឱប និងប្រណាំងទូក៕
លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង (ឆ្វេង)ពេលទៅទទួលប្រតិភូកីឡាករនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
កីឡាការិនី អួន ច័ន្ទភក្ត្រា ពេលរត់(ឆ្វេង)និងពេលឡើងបំពាក់មេដាយប្រាក់