ជាតិ
សេដ្ឋកិច្ច
ផ្លូវជាតិ​លេខ​៤ ដែលមាន​ទទឹង​ត្រឹម​៧​ម៉ែត្រ នឹងត្រូវ​សាងសង់​នៅ​ដើមឆ្នាំ​២០២០
20, Aug 2019 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន អះអាងថា ផ្លូវជាតិ​លេខ​៤ នឹងត្រូវ​បើក​ការដ្ឋាន​សាងសង់​នៅ​ដើមឆ្នាំ​២០២០ ខាងមុខនេះ​។ លោក ស៊ុន ចាន់ថុល បាន​ឲ្យ​ដឹង​ដូចនេះ​ក្នុង​ពិធីបើកការដ្ឋាន​ជួសជុល​ផ្លូវ​ខេត្ត​នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២០​ខែសីហា​នេះ​។​


 
​សម្រាប់​គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ​៤ រដ្ឋាភិបាល​ទទួលបាន​ប្រាក់កម្ចី​ពី​ធនាគារពិភពលោក ១១០​លាន​ដុល្លារ ដែល​បាន​ចុះហត្ថលេខា​កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៨​។ ទាំង​ធនាគារពិភពលោក ក៏ដូចជា​រដ្ឋាភិបាល​អះ​អាង​ថា ផ្លូវជាតិ​ដែលមាន​ប្រវែង​ជាង​២០០​គីឡូម៉ែត្រ​នេះ ជា​ផ្លូវ​ដ៏​មមាញឹក​ដែល​ត​ភ្ជាប់​តំបន់ឆ្នេរ​មក​រាជធានី​ភ្នំពេញ ហើយ​ផ្លូវ​នេះ​ប្រឈម​នឹង​ការប្រែប្រួល​អាកាសធាតុ ដូចជា​ជំនន់​ទឹកភ្លៀង​ជាដើម​។ 
 
​លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា ផ្លូវជាតិ​លេខ​៤​នេះ នឹងត្រូវ​ស្ថាបនា​ឡើងវិញ​នៅ​ដើមឆ្នាំ​ក្រោយនេះ​។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​សូមជម្រាបថា ផ្លូវជាតិ​លេខ​៤​របស់​យើង យើង​មាន​ថវិកា​កម្ចី​ពី​ធនាគារពិភពលោក ១១០​លាន​ដុល្លារ​អាមេរិក ដើម្បី​ចាក់​កៅស៊ូ​ពង្រីក​ផ្លូវជាតិ​លេខ​៤ ដែល​សព្វថ្ងៃនេះ​កៅស៊ូ​មានតែ​៧​ម៉ែត្រ​ទេ ហើយ​ដីក្រហម​នៅ​សងខាង​»​។ លោក​បន្តទៀតថា​៖«​គម្រោង​នេះ​បាន​សិក្សា​ចប់សព្វគ្រប់​ហើយ នឹងដាក់​ឲ្យ​ដេញថ្លៃ​នៅ​ខែវិច្ឆិកា​២០១៩ និង​បើក​ការដ្ឋាន​ស្ដារ​ផ្លូវ​លេខ​៤​នេះ​នៅ​ដើមឆ្នាំ​២០២០»​។​
 
​ទន្ទឹមនឹង​គម្រោង​ស្ថាបនា​ផ្លូវជាតិ​៤​នេះ គម្រោង​ដ៏​ធំ​មួយ​ដែល​ត​ភ្ជាប់​ទៅ​តំបន់ឆ្នេរ ដូចគ្នានេះ គឺ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហា​នុ ដែល​បាន​បើក​ការដ្ឋាន​នៅ​ខែមីនា​ឆ្នាំ​២០១៩ និង​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​២០២២ ។ ផ្លូវ​ល្បឿន​លឿន ដែលមាន​គោលដៅ​បម្រើ​ឲ្យ​ការដឹកជញ្ជូន​មួយ​ខ្សែ​នេះ ចំណាយ​ជិត​២​ពាន់​លាន​ដុល្លារ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន ក្នុង​រូប​ភាពជា​សាងសង់​-​ប្រតិបត្តិការ​-​ផ្ទេ (BOT) ៕
 

Tag:
 ស៊ុន ចាន់ថុល​
  ផ្លូវជាតិ​លេខ​៤
© រក្សាសិទ្ធិដោយ thmeythmey.com